អានតួអត្ថបទ
កម្ពុជា

លោក ហោ ណាំហុង ​ទៅ​​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន

លោក​ឧបនាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ចាកចេញ​ពី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​ប្រទេស​ចិន។ ​ទស្សនកិច្ច​នេះ​ត្រូវ​គេ​ពន្យល់​ថា​ដើម្បី​រឹត​ចំណង​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ចិន​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត។ ​ប្រមុខ​ការទូត​កម្ពុជា​ក៏​គ្រោង​ថ្លែងការណ៍​ជាមួយ​មេដឹកនាំ​ទីក្រុង​ប៉េកាំង​អំពី​កិច្ចការ​អន្តរជាតិ​មួយចំនួន​ផងដែរ។ ​នេះ​ក៏​ជា​ទស្សនកិច្ច​លើក​ដំបូង​ក្នុង​ឋានៈ​កម្ពុជា​កំពុង​ធ្វើជា​ប្រធាន​សមាគម​អាស៊ាន​នៅ​ឆ្នាំ២០១២​នេះ។

លោក ហោ ណាំហុង នៅ​អាកាសយានដ្ឋាន​មុន​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន
លោក ហោ ណាំហុង នៅ​អាកាសយានដ្ឋាន​មុន​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

លោក​ ហោ ណាំហុង ​និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​បាន​ចាក​ចេញ​ពីភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​ប្រទេស​ចិន។ ​នៅ​មុន​ចេញ​ដំណើរ​ លោក​ប្រមុខ​កាទូត​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ​លោក​នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​នៅ​ក្នុង កិច្ច​ប្រជុំ​ជាមួយ​មេដឹកនាំ​ចិន​ដើម្បី​បញ្ជាក់​និង​ពង្រឹង​ចំណង​មិត្តភាព​ដ៏ពិសេស​ដែល​ប្រទេស​ទាំងពីរ​មាន​រួច​ទៅ​ហើយ​នោះ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត។

ដំណើរ​ទស្សនកិច្ច​របស់​លោក ​ហោ ណាំហុង​ ទៅ​កាន់​ប្រទេស​ចិន​បាន​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់ ​លោក ​យ៉ាង ឈាជី​ (Mr. Yang Jiechi) ​រដ្ឋមន្ត្រី​ការបរទេស​ចិន។​ បើ​យោង​តាម ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ​នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នោះ​ លោក ​ហោ ណាំហុង​ នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​សមភាគី​ចិន​គឺ ​លោក ​យ៉ាង ឈាជី ​ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី ​និង​បញ្ហា​អន្តរជាតិ​ ដែល​ភាគី​ទាំងពីរ​យក​ចិត្ត​ទុកដាក់។​ ក្រៅពី​នេះ ​ប្រមុខ​ការទូត​កម្ពុជា​ ក៏គ្រោង​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​ចិន​ដើម្បី​ថ្លែង​សុន្ទរកថា​​ ស្ដីពី​ទំនាក់ទំនង​អាស៊ាន​-​ចិន ​នៅ​ឯមជ្ឈមណ្ឌល​ចិន​-​អាស៊ាន​ផងដែរ។

នេះ​ជា​ទស្សនកិច្ច​លើក​ដំបូង​ហើយ​របស់​លោក​ ហោ ណាំហុង ​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​ឋានៈ​កម្ពុជា​ដែល​កំពុង​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន។ ​នៅ​ក្នុង​តួនាទី​នេះ ​កម្ពុជា​ក៏​នឹង​ត្រូវ​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ចិន​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ស្តីពី​ជម្លោះ​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ប៉ែក​ខាងត្បូង​ផង​ដែរ។ ​យ៉ាង​ណា​ក៏ដោយ​ នៅ​មិន​ទាន់​មាន​របៀបវារៈ​លម្អិត​ស្តីពី​កិច្ច​ពិភាក្សា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហោ ណាំហុង​ ទៅកាន់​ប្រទេស​ចិន​នៅ​ពេល​នេះ​នៅ​ឡើយ​ទេ។ ​លោក​ ហោ ណាំហុង ​គ្រាន់តែ​បាន​បញ្ជាក់​ថា​ កិច្ច​ពិភាក្សា​នោះ​នឹង​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ទាំងអស់​ដែល​ភាគី​ទាំងពីរ​យកចិត្ត​ទុកដាក់។  

គួរ​កត់សម្គាល់​ថា ​ចិន​ដែល​ជា​មហាយក្ស​អាស៊ី​ បាន​និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុង​ទំនាក់ទំនង​ពិសេស​ជាមួយ​កម្ពុជា។ ​ទីក្រុង​ប៉េកាំង​តែង​ផ្តល់​ជំនួយ​ឥត​លក្ខខណ្ឌ​ និង​ច្រើន​សន្ធឹក​សន្ធាប់​ដល់​កម្ពុជា។ ​ប្រទេស​ចិន​កុម្មុយនិស្ត​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​នយោបាយ​ខ្មែរ​កាន់តែ​ទូលំ​ទូលាយ​ឡើង។ ​មិន​ត្រឹមតែ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ ​លោក​ សម រង្ស៊ី​មេដឹកនាំ​បក្ស​ប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា​ក៏​បែរ​ទៅ​គាំទ្រ​ចិន​យ៉ាង​ចំហ​ដែរ ​នា​រយៈពេល​ចុងក្រោយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ