អានតួអត្ថបទ
កម្ពុជា-កូរ៉េខាងជើង

លោក​ហ៊ុន សែន​គោរព​វិញ្ញាណក្ខន្ធ​លោក​គីម ជុងអ៊ីល

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​គោរព​វិញ្ញាណក្ខន្ធ​ លោកគីម ជុងអ៊ីល​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ឯ​ស្ថានទូត​កូរ៉េ​ខាងជើង ​ដែល​ស្ថិត​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក។ ទន្ទឹមគ្នា​នេះ​សម្តេចឪ​នរោត្តម សីហនុ​ ក៏​បាន​ចុះ​ផ្សាយ​ព្រះរាជសារ​រំលែក​ទុក្ខ​របស់​ព្រះអង្គ​ចំពោះ​មរណភាព​របស់​លោក​គីម ជុងអ៊ីល​ផងដែរ ​នៅ​ក្នុង​គេហទំព័រ​របស់​ព្រះអង្គ។ នៅ​ក្នុង​ព្រះ​រាជសារ​នោះ ព្រះមហាវីរក្សត្រ​ បាន​មាន​ព្រះរាជ​បន្ទូល​មិន​ភ្លេច​គុណ​លោក​អគ្គមគ្គុទ្ទេសក៍ ​គីម ជុងអ៊ីល​ដែល​បាន​បន្ត​វេន​ពី​ឪពុក គឺ​លោក​គីម អ៊ីលស៊ុង​ ដើម្បី​លើក​តម្កើង​មិត្តភាព​ប្រជាជាតិ​ទាំងពីរ​កម្ពុជា​កូរ៉េ។

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន គោរព​វិញ្ញាណក្ខន្ធ លោក​គីម ជុងអ៊ីល នៅ​ឯ​ស្ថាន​ទូត​កូរ៉េ​ខាងជើង
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន គោរព​វិញ្ញាណក្ខន្ធ លោក​គីម ជុងអ៊ីល នៅ​ឯ​ស្ថាន​ទូត​កូរ៉េ​ខាងជើង RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ហ៊ុន សែន​បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់ ​របស់​រដ្ឋាភិបាល​ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព ​លោក​គីម ជុងអ៊ីល​អគ្គមគ្គុទ្ទេសក៍ ដ៏មហិមា​របស់​កូរ៉េ​ខាង​ជើង ​ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ លោក​នាយក​រដ្ឋមន្ត្រី ​និង​ឧបនាយករដ្ឋមន្ត្រី​របស់​កម្ពុជា​៧រូប​ផ្សេង​ទៀត​បាន​នាំ​យក​កម្រង​ផ្កា​ដាក់ ​នៅ​ស្ថានទូត​កូរ៉េ​ខាង​ជើង​ដែល​ស្ថិត​នៅ​ក្បែរ​គេហដ្ឋាន​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី។

ក្រោយ​ពី​ឈរ​គោរព​វិញ្ញាណក្ខន្ធ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​ក្រាំងមាស​រំលែក​ទុក្ខ​ដែល​គេ​អាច​អានបាន​ថា ក្នុង​នាម​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ប្រជាជន​កូរ៉េ​ខាងជើង ​ជា​បងប្អូន​ដែល​បាន​បាត់បង់​អគ្គមគ្គុទ្ទេសក៍​​គឺ​ឯកឧត្តមសេនា​ប្រមុខ​គីម ជុងអ៊ីល។

នៅ​ក្នុង​គេហទំព័រ​របស់​សម្តេច​ឪ​នរោត្តម សីហនុ​ឯណោះ​វិញ ក៏​មាន​ព្រះរាជសារ​រំលែក​ទុក្ខ​ចំពោះ​មរណភាព​លោក​គីម ជុងអ៊ីល​ផងដែរ។ ព្រះរាជសារ​ដែល​សម្តេចឪ​ផ្ញើ​ទៅ​លោក​គីម ជុងអ៊ុន​កូន​ប្រុស​ពៅ ​របស់​លោក​គីម ជុងអ៊ីល។ សម្តេច​ឪ​ទ្រង់​មាន​ព្រះរាជ​សំណេរ​ថា​ យើងខ្ញុំ​សូម​សំដែង​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​ជា​ទី​បំផុត ចំពោះ​វិញ្ញាណក្ខន្ធ​ឯកឧត្តម​សេនា​ប្រមុខ គីម ជុងអ៊ីល អគ្គមគ្គុទ្ទេសក៍ដ៏​មហិមា​ និង​ជាទី​ស្រឡាញ់​នៃ​ប្រជាជាតិ និង​ប្រជាជន​កូរ៉េ។ យើងខ្ញុំ​នឹង​ចងចាំ​ជា​ដរាប​នូវ​គុណូបការៈ​ដ៏​ធំធេង​ របស់​ឯកឧត្តម​លោក​សេនាប្រមុខ​គីម ជុងអ៊ីល ​ដែល​មាន​ហឫទ័យ​ដ៏​សប្បុរស​ពុំ​អាច​ប្រៀបផ្ទឹម បន្ត​ពី​បិតា​របស់​ឯកឧត្តម គឺ​លោក​សេនា​ប្រមុខ​គីម អ៊ីលស៊ុង​ចំពោះ​ការ​ឧបត្ថម្ភ និង​ការ​គាំទ្រ​គ្រប់បែប​យ៉ាង​ចំពោះ​យើង​ខ្ញុំ។

ព្រះមហាវីរក្សត្រ​បាន​មាន​ព្រះរាជ​ឱង្ការ​បន្ត​ថា​លោក​គីម ជុងអ៊ីល​បាន​រួម​វិភាគទាន​យ៉ាង​ធំធេង​ក្នុង​ការ​លើក​តម្កើង​ចំណង​មិត្តភាព​ដ៏​ជ្រាលជ្រៅ​រវាង​ប្រជាជាតិ​និង​ប្រជាជន​កម្ពុជា​កូរ៉េ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ