អានតួអត្ថបទ
អាស៊ី

អឺរ៉ុប និងអាមេរិក​ជួប​វិបត្តិ ​អាស៊ី​ត្រូវ​ពង្រីកតម្រូវ​ការ​ក្នុង​ស្រុក

តំបន់​អាស៊ី នឹង​បន្ត​ស្គាល់​​កំណើន​សេដ្ឋកិច្ច​ នា​ឆ្នាំ​ខាង​មុខទៀត ! នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF។ ប៉ុន្តែ​ ដោយហេតុ​តែ អឺរ៉ុប និង​អាមេរិក ​កំពុង​ជួបបញ្ហា​ឩនភាព​ថវិកា និង​បំណុល​សាធារណៈ​ធ្ងន់ធ្ងរ​​​ពេក ​ ​អាស៊ីមិន​អាច​ពឹង​ពាក់​តែ​លើ​ការ​នាំ​ចេញ​បាន​ឡើយ។ ដូច្នេះ​ ដើម្បី​រក្សា​លំនឹង​​នៃ​កំណើន​សេដ្ឋកិច្ច​​ឲ្យបាន​​រឹង​មាំ​ អាស៊ី​ចាំ​បាច់​ត្រូវ​តែ​បង្កើន​តម្រូវការ​​ក្នុង​ស្រុក​របស់​ខ្លួន។

ប្រាក់​​យ័នចិន
ប្រាក់​​យ័នចិន ©Reuters
ផ្សាយពាណិជ្ជកម្ម

ការនាំ​ចេញ​របស់​តំបន់​អាស៊ី ទាំង​មូល នឹង​ចុះ​ថយ ព្រោះ​បណ្តា​ប្រទេស​ជឿន​លឿន​ នៅ​អឺរ៉ុប និង​នៅ​អាមេរិក កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ ដែល​បណ្តាល​មក​ពី​វិបត្តិ​បំណុល​សាធារណៈ និង​ឩនភាព​ថវិកា។ បើ​ការ​នាំ​ចេញ​ថយ​​ចុះ នោះ​កំណើន​សេដ្ឋកិច្ច​ក៏​នឹង​ថយ​ចុះ​ដែរ នៅ​ឆ្នាំ​២០១២ ប៉ុន្តែ​​ ​អាស៊ី នឹង​នៅ​តែ​រឹង​មាំ ប្រសិន​បើ​​ប្រទេស​នីមួយៗ អាច​ផ្តល់​សន្ទុះ និង​ពង្រីក​​​សេចក្តី​​ត្រូវ​ការ​នៅ​ក្នុង​ស្រុក។

​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ យ៉ាង​ទាន់​ហន់ នៅ​តាម​បណ្តា​ប្រទេស​សំខាន់ៗ​​ក្នុង​តំបន់​អាស៊ី អាច​បង្ក​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក ជាប់​គាំង​តែ​ម្តង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ បាន​ណែនាំ​ឲ្យ​បណ្តា​ប្រទេស​នៅ​អាស៊ី គិតគូរ​​បង្កើន​តម្រូវ​ការ​ និង​លទ្ធភាព​ចាយ​វាយ​ នៅ​ក្នុងស្រុក​ឲ្យ​បាន​ប្រសើរ​ឡើង និង​ឲ្យ​បាន​យូរអង្វែង ដើម្បី​អាច​បំពេញ​​កំណើន​សេដ្ឋកិច្ច ឲ្យ​មាន​លំនឹង​ជាមួយនឹង​ការ​នាំចេញ។

វិបត្តិ​ទំនិញ​ឡើង​ថ្លៃ ក៏​ជា​កត្តា​សំខាន់​មួយ​ ក្នុង​ការ​អូសទាញកំណើន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​​ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​សមស្រប​។ នេះ​ជា​ការ​ព្រមាន​របស់​​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ទៅ​កាន់​ប្រទេស​មួយ​ចំនួន ដូច​ជា ឥណ្ឌា កូរ៉េ​ខាង​ត្បូង និង​ប្រទេស​វៀតណាម។

អង្គការមូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ បាន​ប៉ាន់​ប្រមា​ណ​ថា ផលិត​ផល​សរុប​ក្នុង​ស្រុក​របស់​ចិន មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​លើ​លោក នឹង​មាន​ត្រឹម​តែ​៩,៥% នៅ​ឆ្នាំ​២០១១ និង​៩%​នៅ​ឆ្នាំ​២០១២។ ២,៣​% សម្រាប់​​ប្រទេស​ជប៉ុន​។ ៧,៥% នៅ​ប្រទេស​ឥណ្ឌា។ ចំណែក​ប្រទេស​ធំ​ទាំង​៥​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ( ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម) នឹង​មាន​កំណើន​សេដ្ឋកិច្ច​តែ​៥,៦% ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១២៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ