អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ឥណ្ឌូ​ណេស៊ី​​ជា​​ប្រទេស​​ប្រជាធិបតេយ្យ​​ហើយ​​ឬ​?​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិ​សាស្ត្រនយោបាយ​នៃ​​អាស៊ី​អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​ពី​របប​នយោបាយ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី​ ជា​ប្រទេស​អ៊ីស្លាម​ធំ​ជាង​គេ​បង្អស់​នៅ​លើ​លោក។ ប្រទេស​នេះ​បាន​ផ្តើម​បោះ​ជំហាន​ ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៩៨​ ក្រោយ​ពី​សុយហារតូ(​Suharto)​ ដែល​ជា​អ្នក​កាន់​អំណាច​ផ្តាច់​ការ​ដុះ​ស្លែ​ បាន​បង្ខំ​ចិត្ត​ចុះ​ចេញ​ពី​មុខ​តំណែង។ ជាង​ម្ភៃ​ឆ្នាំ​ក្រោយ​មក​ ទោះ​បី​ជា​នៅ​មាន​ទៀត​ក៏​ដោយ​ ឧបសគ្គ​ធំៗ​ដែល​គំរាម​ប្រជាធិបតេយ្យូបនីយកម្ម​នៃ​ប្រទេស​ ក៏​គេ​អាច​អះអាង​បាន​ដែរថា​ ឥណ្ឌូណេស៊ី​ជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ប្រកែក​មិន​បាន។

លោក សុយហារតូ និងប្រធានាធិបតី​អាមេរិក រីឆាដ និចសុន
លោក សុយហារតូ និងប្រធានាធិបតី​អាមេរិក រីឆាដ និចសុន Reuters/Wikimédia
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌូណេស៊ី​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​ហូឡង់​(Hollande) នៅ​ឆ្នាំ​១៩៤៩។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១៩៦៦ សុយហារតូ​(Suharto) បាន​ក្រសោប​យក​អំណាច​មក​ក្តាប់​ ហើយ​បាន​ដាក់​គ្រប​ទៅ​លើ​ប្រទេស​ឥណ្ឌូណេស៊ី​ទាំង​មូល​ អ្វី​ដែល​គេ​ហៅ​ថា​«សណ្តាប់​ធ្នាប់​ថ្មី» ពោល​គឺ​របប​ផ្តាច់ការ​មួយ​ ដែល​ឈរ​លើ​ការ​បំភិត​បំភ័យ​ប្រជារាស្ត្រ​ និង​ការ​កាប់​សម្លាប់​ពួកអ្នក​ប្រឆាំង។ ជាក់ស្តែង​ កងទ័ព​របស់សុយហារតូបាន​សម្លាប់​ពួក​កុម្មុយនិស្ត​អស់៥០០ ០០០​នាក់​​យ៉ាង​តិច​ លើក​ទី​មួយ​នៅ​ចុង​ឆ្នាំ​១៩៦៥-ដើមឆ្នាំ១៩៦៦​ និង​លើក​ទី​ពីរ​នៅ​ឆ្នាំ​១៩៦៨។

 
ដូច​គ្នា​អ៊ីចឹង​ដែរ​ នៅ​ទសវត្សរ៍​ទី​៧០​ និង​ទី​៨០​ របប​សុយហារតូ​ បាន​សម្លាប់​ពួក​អ្នក​ផ្តាច់​ទឹក​ដី​និយម​ អស់​យ៉ាង​តិច​៣០០ ០០០​នាក់​ នៅ​ប៉ាពូអាស៊ី​(Papouasie)​ខាង​លិច នៅ​អាឆេ (Aceh) និង​នៅ​ទីម៉ូរ​(Timor)​ខាង​កើត។

ដោយ​មាន​ការ​គាំ​ទ្រ​ពី​កងទ័ព​ សុយហារតូ​ត្រូវ​បាន​សភា​ជាតិ​បោះ​ឆ្នោត​តែង​តាំង​ជា​ប្រធានាធិបតីប្រាំ​ឆ្នាំ​ម្តង ពី​ឆ្នាំ​១៩៦៦​ដល់​ឆ្នាំ​១៩៩៨។ គេ​ត្រូវ​រង់​ចាំរហូត​ដល់​ឆ្នាំ​១៩៩៨ ទើប​ឃើញ​របប​សុយហារតូ​ដួល​រលំ​ កិន​កម្ទេច​ដោយ​មហា​បាតុកម្ម​របស់​ប្រជាជន​ ដែល​រង​ទុក្ខ​វេទនា​ ដោយ​ហេតុ​តែ​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ​១៩៩៧។

តាំង​ពី​ពេល​នោះ​មក​ ឥណ្ឌូណេស៊ី​បាន​បោះ​ជំហាន​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ។ ពល​រដ្ឋ​មាន​សិទ្ធិ​បោះឆ្នោតជ្រើស​រើស​ប្រធានាធិបតី​ តំណាង​រាស្ត្រ​ សមាជិក​សភា​តំបន់​ និង​អាជ្ញាធរ​ខេត្ត​ខណ្ឌ។​ ដូច​នេះ តាំង​ពី​ឆ្នាំ​១៩៩៨​រហូត​មក​ដល់​សព្វ​ថ្ងៃ ប្រធានាធិបតី​បួន​រូប​បាន​ផ្ទេរ​អំណាច​បន្ត​បន្ទាប់​គ្នា​ដោយ​គ្មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ។ ប្រមុខរដ្ឋ​បច្ចុប្បន្ន​ដែល​បាន​គ្រប់គ្រង​ប្រទេស​តាំង​ពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ ឈ្មោះ​លោក​សុយស៊ីឡូ បំបង យុយដូយ៉ូណូ (Susilo Bambang Yudhoyono)។

មាន​ភស្តុតាង​ផ្សេង​ទៀត​ដែល​បង្ហាញ​នូវ​ប្រជាធិបតេយ្យូបនីយកម្ម​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ ដូច​ជា​សេរីភាព​សារព័ត៌មាន​ វត្ត​មាន​នៃ​សហជីព​ ការ​លុប​ចោល​អស់​ពាក់​កណ្តាល​អាសនៈ​របស់​ពួក​យោធា​នៅ​ក្នុង​សភា​ជាតិ​ និង​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ​ នៅ​ក្នុង​សេនាធិការដ្ឋាន​កង​ទ័ព។ បណ្តើរៗ​ កង​ទ័ព​ឥណ្ឌូណេស៊ី​យល់​តួនាទី​របស់​ខ្លួន​កាន់​តែ​ច្បាស់​ នោះ​គឺ​ការពារ​ទឹក​ដី​នៃ​ប្រទស​ ប្រកាន់​ជំហរ​អព្យាក្រឹត​ និង​ស្តាប់​បញ្ជា​របស់​រដ្ឋាភិបាល​ស៊ីវិលស្រប​ច្បាប់។

ឯករាជ្យ​ភាព​របស់​ទីម័រ​ខាងកើត​ និង​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​អាឆេ​ បាន​ដោយ​សន្តិវិធី​ ក៏​ជា​សញ្ញា​ដែល​បង្ហាញ​នូវ​ភាព​ចាស់​ទុំ​បណ្តើរៗ​នៃ​លទ្ធិប្រជាធិបតេយ្យ​ឥណ្ឌូណេស៊ី​ដែរ។ ដូច​គ្នា​អ៊ីចឹង​ដែរ​ នយោបាយ​វិមជ្ឈការ​ ដែល​ត្រូវ​បាន​ផ្តើម​អនុវត្ត​នៅ​ខែ​មករា​ឆ្នាំ​២០០១​ បាន​ផ្ទេរ​អំណាច​មិន​តិច​ឡើយ​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​ខណ្ឌ​ និង​បាន​ជួយ​ជំរុញ​ប្រជាជន​តាម​ទី​ជន​បទ​ដាច់​ស្រយាល​ ឲ្យ​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការពង្រឹងលទ្ធិប្រជាធិបតេយ្យ។

ប៉ុន្តែ​ ក៏​នៅ​មាន​ច្រើន​ណាស់​ដែរ​ឧបសគ្គ​ ដែល​ពន្យឺត​និង​គំរាម​ប្រជាធិបតេយ្យូបនីយកម្ម​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ ឧបសគ្គ​ទី​មួយ​ គឺ​អវត្តមាន​នៃ​ឧត្តមគតិ​ច្បាស់​លាស់​ នៅ​ក្នុង​ជួរ​គណបក្ស​នីមួយៗ​ បាន​ន័យ​ថា​ គ្មាន​ទេ​ការ​ប្រណាំង​ប្រជែង​គ្នា​ផ្នែក​គំនិត​ នៅ​លើ​ឆាក​នយោបាយ​ មាន​តែ​ការ​ប្រជែង​គ្នា​រវាង​បុគ្គល​ រវាង​មេ​គណបក្ស​មួយ​ និង​ប្រមុខ​គណបក្ស​មួយ​ទៀត។

ពេល​បោះ​ឆ្នោត​ម្តងៗ​ អ្នក​នយោបាយ​ឥណ្ឌូណេស៊ី​ មិន​ដែល​មាន​កម្មវិធី​អភិវឌ្ឍន៍​ប្រទេស​ ដែល​ឈរ​លើ​ទ្រឹស្តី​នយោបាយ​អ្វី​មួយ​ច្បាស់​លាស់​ទេ។ មាន​ដែរ​ ប្រធានបទ​ដដែលៗ​មួយ​ចំនួន​ ដូច​ជា​មនោសញ្ចេតនា​ជាតិ​និយម​ មនោគមវិជ្ជា​សង្គម​និយម​ ឬ​ក៍​ទស្សនៈ​អ៊ីស្លាម​ជ្រុល​និយម។ ក៏​ប៉ុន្តែ​ ប្រធានបទ​ទាំង​នេះ​តែងតែ​រលាយ​សាប​សូន្យអស់​ទៅ​វិញ​ ពេល​បោះ​ឆ្នោត​ហើយ​ម្តងៗ។ គណបក្ស​នីមួយៗ​ទៀត​សោត​ សុទ្ធ​តែ​មាន​កង​កម្លាំង​សន្តិសុខ​របស់​គេ​រៀងៗ​ខ្លួន​ ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​សម្លុត​បំភិត​បំភ័យ​ប្រជាជន​ និង​អំពើ​ហិង្សា​ នៅ​ពេល​បោះ​ឆ្នោត​ម្តងៗ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក។

ឧបសគ្គ​មួយ​ទៀត​ ដែល​គំរាម​ប្រជាធិបតេយ្យូបនីយកម្ម ក្នុង​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ធំ​ជាង​គេ​បង្អស់​នៅ​លើ​លោក​មួយ​នេះ គឺ​អសមត្ថភាព​របស់​រដ្ឋាភិបាល​នីមួយៗ ក្នុង​ការ​តាក់តែង​ និង​អនុវត្ត​នយោបាយ​សាធារណៈ​ផ្សេងៗ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាជន។ មូលហេតុ​នៃ​ប្រការ​បែប​នេះ​ គឺ​បណ្តាល​មក​ពី​រដ្ឋ​ឥណ្ឌូណេស៊ី​ខ្វះ​ធនធាន​មនុស្ស​ ពឹងពាក់​​ការិយាធិបតេយ្យ​មួយ​ពុក​រលួយ​និង​គ្មាន​ប្រសិទ្ធិភាព ​ដែល​មិន​ចេះ​ប្រមូល​ពន្ធដារ​ ហើយ​ក៏​មិន​ចេះ​ចែក​ចាយ​ដែរ ​ជំនួយ​សាធារណៈ ​ទៅ​ឲ្យ​ដល់​ប្រជារាស្ត្រ​ក្រី​ក្រ។

ក្រៅ​ពី​នេះ​ អំពើ​ពុក​រលួយ​ដែល​ជា​កាក​សំណល់​សល់​ពី​សម័យ​សុយហារតូ​  បន្ត​ស៊ីរូង​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​ រហូត​មក​ទល់​សព្វ​ថ្ងៃ។  សូម​ជម្រាប​ថា​ យោង​ទៅ​តាម​អង្គការTransparency International សុយហារតូ និង​ក្រុម​គ្រួសារ​ បាន​លួច​បង្វិល​យក​ប្រាក់​រដ្ឋ​ យ៉ាង​តិច​១៥ ០០០ លាន​ដុល្លារ។

ជា​ការ​ពិត​ណាស់​ដែល​ថា​ ក្រោយ​ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ខែ​កញ្ញា​ឆ្នាំ​២០០៤ និង​ក្រោយពី​បាន​ជាប់​ឆ្នោត​ជា​ថ្មី​នៅ​ខែ​កក្កដា​ឆ្នាំ​២០០៩​ សុយស៊ីឡូ បំបង យុយដូយ៉ូណូ (Susilo Bambang Yudhoyono) ដែល​ល្បី​ឈ្មោះ​ថា​ជា​មនុស្ស​ស្អាត​ស្អំ​ បាន​ចាត់​ទុក​ការ​កម្ចាត់​អំពើ​ពុករ​លួយ​ថា​ ជា​បុព្វហេតុ​ជាតិ។ ក៏​ប៉ុន្តែ មក​ទល់​ឥឡូវ​ អំពើ​ពុក​រលួយ នៅ​តែ​ជា​បញ្ហា​ធំ​ជាង​គេ​បង្អស់​មួយ​ដែល​ពន្យឺត​ប្រជាធិបតេយ្យូបនីយកម្ម​និង​ការ​អភិវឌ្ឍន៍​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។ បើ​យោង​ទៅ​តាម​អង្គការTransparency International​ ឥណ្ឌូណេស៊ី​ជាប់​ចំណាត់​ថ្នាក់​លេខ​១១៨​ខាង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ក្នុង​ចំណោម​បណ្តាប្រទេស​ទាំង​១៧៦​នៅ​ក្នុង​លោក។

យ៉ាង​ណា​ក៏​ដោយ សន្ទុះ​សេដ្ឋកិច្ច​ក្លៀវក្លា​នៃ​ប្រទេស​កំពុង​អភិវឌ្ឍ​ដ៏​ធំ​មួយ​នេះ​បើក​លទួ្ធភាព​កាន់​តែ​ទូលំ​ទូលាយ​ឱ្យ​រដ្ឋាភិបាល​បន្ត​ធ្វើ​កំណែ​ទម្រង់​នយោបាយ ក្នុង​គោលដៅ​ពង្រឹង​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ។ អត្រា​កំណើន​សេដ្ឋកិច្ច​នៃ​ឥណ្ឌូណេស៊ី​នៅ​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ​មាន​រហូត​ដល់​ទៅ​៦,២%។ វា​គឺ​ជា​តួលេខ​មួយ​វិសេសវិសាល នៅ​ក្នុង​បរិបទ​ដ៏​ពិបាក​នៃ​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន។

មិន​តែ​ប៉ុណ្ណោះ ឥណ្ឌូណេស៊ី មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា​ជាង​គេ អន់​ជាង​ប្រទេស​ចិន​តែ​បន្តិច​ប៉ុណ្ណោះ ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​G២០ ​ហើយ​មហិច្ឆតា​របស់​លោក​ប្រធានាធិបតី សុយស៊ីឡូ បំបង យុយដូយ៉ូណូ (Susilo Bambang Yudhoyono) គឺ​ជំរុញ​ធ្វើ​យ៉ាង​ណា​ឱ្យ​កំណើន​សេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី​ឡើង​រហូត​ដល់​ទៅ​៦,៨%​នៅ​ឆ្នាំ​២០១៣​នេះ។

ក្នុង​ន័យ​ដូច​គ្នា​អ៊ីចឹង​ដែរ ឥណ្ឌូណេស៊ី​បាន​និង​កំពុង​បន្ត​កាត់​បន្ថយ​ទំហំ​នៃ​ប្រាក់​បំណុល​របស់​ខ្លួន។ បំណុល​ដែល​បាន​តំណាង​រហូត​ដល់​ទៅ​៨២%​នៃ​ផលិតផល​ដុល​ក្នុង​ស្រុក​នៅ​ឆ្នាំ​២០០២ បាន​ធ្លាក់​មក​នៅ​ត្រឹម​តែ​២៤%​នៃ​ផលិតផល​ដុល​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១២។

និយាយ​រួម ហើយ​នេះ​បើ​យោង​ទៅ​តាម​ធនាគារ​Standard Chartered ឥណ្ឌូណេស៊ី​នឹង​អាច​ក្លាយ​ទៅ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​៦ នៅ​ឆ្នាំ​២០៣០។ គឺ​កត្តា​សេដ្ឋកិច្ច​វិជ្ជមាន​ទាំង​អស់​នេះ​ហើយ ផ្គួបផ្សំ​ទៅ​នឹង​សុឆន្ទៈ​នយោបាយ​របស់​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស ដែល​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​ឥឡូវ​ស្រេច​ទៅ​ហើយ​ថា លទ្ធិប្រជាធិបតេយ្យ​ឥណ្ឌូណេស៊ី​នឹង​មាន​គ្រឹះ​កាន់​តែ​មាំមួន​ទៅ​ជា​លំដាប់ ចាប់​ពី​ពេល​នេះ​ត​ទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ