អានតួអត្ថបទ
ចិន

វិធានការ​ទប់ស្កាត់​របស់​ចិន​នៅ​ចំពោះ​មុខ​ការ​វាយ​លុក​របស់​អ៊ីនធ័រណែត​

នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ទី​​១៩​​មករា​​នេះ​ អាជ្ញាធរ​​ចិន​​បាន​​ប្រកាស​​ពង្រឹង​​និង​​ពង្រីក​​វិធានការ​​ត្រួត​​ពិនិត្យ​​ទៅ​​លើ​​អ៊ីនធ័រណែត​ ជា​ពិសេស​​ទៅ​​លើ​​អ្នក​​ប្រើ​ប្រាស់ ​​microblogs ​ដែល​​មួយ​​ថ្ងៃៗ​បង្ហោះ​​សារ​​រាប់​​រយ​​ពាន់​​សន្លឹក​​រិះគន់​​រដ្ឋាភិបាល។​ ការ​​ប្រកាស​​ម្តង​​ហើយ​​ម្តង​​ទៀត​នូវ​​វិធានការ​​ជា​​បន្ត​​បន្ទាប់​​ដើម្បី​​ក្តាប់​​ប្រព័ន្ធ​​អ៊ីនធ័រណែត​ស្តែង​​ឲ្យ​​ឃើញ​​នូវ​​ក្តី​​ព្រួយ​បារម្ភ​​ខ្លាំង​​ឡើងៗ​​របស់​​ទីក្រុង​​ប៉េកាំង​នៅ​​ចំពោះ​​មុខ​​ការ​​រីក​​ចម្រើន​​លឿន​​រហ័ស​​នៃ​​មធ្យោបាយ​​ឃោសនា​​មហាជន​​ឈាន​​មុខ​​មួយ​​នេះ។​ តើ​​ហេតុ​អ្វី​​បាន​​ជា​​អ៊ីនធ័រណែត​​ធ្វើ​​ឲ្យ​​របប​​ចិន​​កុម្មុយនិស្ត​​ភ័យ?​

វិធានការ​ទប់ស្កាត់​របស់​ចិន នៅ​ចំពោះមុខ​ការ​វាយលុក​របស់​អ៊ីនធ័រណែត
វិធានការ​ទប់ស្កាត់​របស់​ចិន នៅ​ចំពោះមុខ​ការ​វាយលុក​របស់​អ៊ីនធ័រណែត ©Reuetrs
ផ្សាយពាណិជ្ជកម្ម

ការ​ត្រួត​ពិនិត្យ​ទៅ​លើ​អ៊ីនធ័រណែត គឺ​ជា​អាទិភាព​ចម្បង​របស់​ទីក្រុង​ប៉េកាំង ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ។ តាំង​ពី​ឆ្នាំ​១៩៩៤​មក ឆ្នាំ​ដែល​អ៊ីនធ័រណែត​បាន​ផ្តើម​ចូល​ទៅ​ក្នុង​សង្គម​ចិន រដ្ឋអំណាច​បាន​ផ្តើម​ច្រោះ​ព័ត៌មាន​មក​ពី​បរទេស និង​បិទ​ខ្ទប់​គេហទំព័រ​ផ្សេងៗ​ដែល​និយាយ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​បក្ស​កុម្មុយនិស្ត។

ក៏ប៉ុន្តែ តាំង​ពី​ចុង​ឆ្នាំ​២០១០ ដើម​ឆ្នាំ​២០១១​រហូត​មក​ទល់​សព្វ​ថ្ងៃ ការ​ត្រួត​ពិនិត្យ​ពី​សំណាក់​អាជ្ញាធរ​ទៅ​លើ​អ្នក​ប្រើប្រាស់​អ៊ីនធ័រណែត បាន​និង​កំពុង​បន្ត​កើន​ខ្លាំង​លើស​សព្វ​ដង។ ជាក់​ស្តែង នៅ​ចុង​ឆ្នាំ​២០១០ ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​ចិន បាន​ប្រកាស​ថា«ការ​បង្កើត​ឡើង​នូវ​ប្រព័ន្ធ​សន្តិសុខ​ដ៏​ធំ​មួយ សម្រាប់​ត្រួត​ពិនិត្យ​អ៊ីនធ័រណែត គឺ​ជា​ការ​មួយ​ចាំ​បាច់»។ ដូចគ្នា​អ៊ីចឹង​ដែរ នៅ​ខែ​តុលា​ឆ្នាំ​២០១១ ក្នុង​ឱកាស​សម័យ​ប្រជុំ​មួយ​នៅ​ទីក្រុង​ប៉េកាំង បក្ស​កុម្មុយនិស្ត​ចិន​បាន​តម្រូវ​ឲ្យ​ពង្រឹង​វិធានការ​ត្រួត​ពិនិត្យ​ទៅ​លើ​អ៊ីនធ័រណែត។

តើ​ហេតុ​អ្វី​បាន​ជា​អ៊ីនធ័រណែត​ក្លាយ​ជា​ផ្ទាំងស៊ីប​សំខាន់​ជាង​គេ​របស់​រដ្ឋាភិបាល​ចិន? មាន​មូល​ហេតុ​ពីរ​សំខាន់ៗ។ ទី​មួយ គឺ​ចលនា​បដិវត្តន៍​នៅ​ពិភព​អារ៉ាប់ បដិវត្តន៍​ដែល​បាន​ផ្ទុះ​ឡើង​តាម​រយៈ​ការ​ប្រកូក​ប្រកាស​កេណ្ឌ​គ្នីគ្នា​ដោយ​ប្រើបា្រស់​អ៊ីនធ័រណែត ជាអាទិ៍​បណ្តាញ​សង្គម​Facebook។ រី​ឯ​មូលហេតុ​ទី​ពីរ គឺ​ការ​កើន​ឡើង​លឿន​រហ័ស​ជា​ទី​បំផុត​នៃ​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធ័រណែត​នៅ​ក្នុង​ប្រទេស​ចិន។ ជាក់ស្តែង​តួ​លេខ​ជា​ផ្លូវការ​ចុង​ក្រោយ ដែល​បាន​ធ្លាក់​មក​ដល់​កាល​ថ្ងៃ​ចន្ទ​ទី​១៦​មករា​ដើម​សប្តាហ៍​នេះ​បង្ហាញ​ថា នៅ​ដំណាច់​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ អ្នក​ប្រើប្រាស់​អ៊ីនធ័រណែត​នៅ​ប្រទេស​ចិន​មាន​ចំនួន​ប្រមាណ ៥១៣លាន នាក់ ក្នុង​នោះ​ជាង​២៥០​លាន​នាក់​ជា​អ្នក​ប្រើប្រាស់​microblogs។

វិធានការ​ពង្រឹង​និង​ពង្រីក​ការ​ត្រួត​ពិនិត្យ​ដែល​អាជ្ញាធរ​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ សំដៅ​ជា​ពិសេស ទៅ​លើ​អ្នក​ប្រើប្រាស់​microblogs​នេះ​តែ​ម្តង ពីព្រោះ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​microblogs ពិបាក​ជាង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​គេហទំព័រ​អ៊ីនធ័រណែត។ microblogs នៅ​ប្រទេស​ចិន​ក៏​ដូច​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក​ដែរ បាន​និង​កំពុង​ក្លាយ​ជា​វេទិកា​មួយ​ដ៏​ពេញ​និយម។ ជាក់​ស្តែង តាំង​ពី​មាន​ចលនា​បដិវត្តន៍​នៅ​ពិភព​អារ៉ាប់ នា​ដើម​ឆ្នាំ​២០១១ និង​តាំង​ពី​មាន​គ្រោះថ្នាក់​ភ្លូក​រថភ្លើង​ល្បឿន​លឿន​ជា​ទី​បំផុត​នៅ​ប្រទេស​ចិន កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១១​មក សារ​រាប់​រយ​លាន​សន្លឹក​ដែល​រិះគន់​រដ្ឋាភិបាល​ចិន​ត្រូវ​បាន​បង្ហោះ​តាម​microblogs។

ម្ល៉ោះ​ហើយ តាំង​ពី​ចុង​ឆ្នាំ​២០១១​មក អាជ្ញាធរ​ចិន​តម្រូវ​ឲ្យ​អ្នក​ដែល​បើក​account microblogs​ប្រើ​ប្រាស់​ឈ្មោះ​ពិត​របស់​ខ្លួន​នៅ​ទីក្រុង​ប៉េកាំង នៅ​ទីក្រុង​សៀងហៃ​និង​នៅ​ក្នុង​ខេត្ត​កង់តុង (Guangdong)។ ប៉ុន្តែ មក​ដល់​ឥឡូវ វិធានការ​នេះ​អនុវត្ត​ទៅ​លើ​តែ​អ្នក​ប្រើប្រាស់​microblogs​ថ្មីថ្មោង​ប៉ុណ្ណោះ ពោល​គឺ​ទៅ​លើ​អ្នក​ដែល​ទើប​តែ​បាន​បើក​accountនា​រយៈ​ពេល​ជាង​មួយ​ខែ​ចុង​ក្រោយ​នេះ ។ ឥឡូវ អាជ្ញាធរ​ចិន​ចង់​អនុវត្ត​វិធានការ​នេះ​ទៅ​លើ​អ្នក​ប្រើប្រាស់​microblogs ទាំង​អស់​តែ​ម្តង បាន​ន័យ​ថា ទាំង​អ្នក​ប្រើប្រាស់​ចាស់ ទាំង​អ្នក​ប្រើប្រាស់​ថ្មី នៅ​ប៉េកាំង នៅ​សៀងហៃ និង​នៅ​ខេត្ត​កង់តុង ត្រូវ​តែ​ដាក់​ឈ្មោះ​ពិត​របស់​ខ្លួន និង​បោះបង់​ចោល​ឈ្មោះ​ក្លែង​ក្លាយ។

ទន្ទឹម​នេះ អាជ្ញាធរ​ចិន​បាន​និង​កំពុង​បន្ត​ចាប់​ខ្លួន​ច្រើន​ឡើងៗ អ្នក​ប្រើប្រាស់​អ៊ីនធ័រណែត​ណា​ដែល​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល និង​ដាក់​ទោស​ធ្ងន់​ឡើងៗ​ទៅ​លើ​ពពួក​អ្នក​ប្រឆាំង​បែប​ថ្មី​ទាំង​នេះ។ ជាក់ស្តែង គេ​ទើប​តែ​បាន​ដឹង​នៅ​ថ្ងៃ​នេះ​ថា លោក​លី ទី​ (Li Tie) ដែល​ជា​សកម្មជន​ប្រជាធិបតេយ្យ​ម្នាក់ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដប់​ឆ្នាំ ដ្បិត​បុរស​នេះ​បាន​សរសេរ​និង​បាន​បង្ហោះ​តាម​អ៊ីនធ័រណែត​អត្ថបទ​មួយដើម្បី​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ប្រជាធិប​តេយ្យ​​នៅ​ប្រទេស​ចិន។

យ៉ាង​ណា​ក៏​ដោយ នយោបាយ​ទប់ទល់​នឹង​ពួក​អ្នក​ប្រឆាំង​ដែល​ប្រើប្រាស់​អ៊ីនធ័រណែត គឺ​ជា​វិញ្ញាសា​មួយ​កាន់​តែ​ពិបាក​ឡើង​ជា​លំដាប់​សម្រាប់​ទីក្រុង​ប៉េកាំង ពីព្រោះ​អ៊ីនធ័រណែត​កំពុង​បន្ត​វាយ​លុក​ចូល​ទៅ​ក្នុង​សង្គម​ចិន រី​ឯ​វិធានការ​របស់​រដ្ឋាភិបាល​ដែល​រហូត​មក​ទល់​ពេល​នេះ​គ្រាន់​តែ​ជា​វិធានការ​ទប់​ស្កាត់ ពិត​ជា​មិន​គ្រប់គ្រាន់​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ