អានតួអត្ថបទ
ជប៉ុន-អូស្ត្រាលី-ដើមបូព៌ា

អ៊ីស្រាអែល៖​រដ្ឋាភិបាល​​មិន​អាច​ធ្វើការ​ចរចា​ដោយ​ប្រថុចញ៉ុច​នោះ​ទេ

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ប្រកាស​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​កាលពី​ថ្ងៃ​សុក្រ​ថា ពួកគេ​ត្រូវចាប់ផ្តើម​​ធ្វើការ​ឲ្យ​បាន​ឆាប់​បំផុត​ដើម្បី​រកច្រកចេញ​ក្នុង​ ដំណើរ​ស្វែងរក​សន្តិភាព​នៅ​ដើម​បូព៌ា។ ​ប្រតិកម្ម​តប​នឹង​ការអំពាវនាវ​នេះ រដ្ឋមន្រ្តី​អ៊ីស្រាអែល​ម្នាក់​ដែល​ជិតស្និទ្ធ​នឹង​ប្រមុខ​ដឹកនាំ​​រដ្ឋាភិបាល​បាន​និយាយ​ថា អ៊ីស្រាអែល​មិន​អាច​ធ្វើ​ការចរចា​ដោយ​ចាប់បង្ខំ​ របៀប​រត់​ប្រណាំងដោយ​ផ្ទៀង​ម៉ោង​​​នាឡិកានោះទេ។​ រដ្ឋមន្រ្តីការបរទេស​​​ជប៉ុន និង​អូស្ត្រាលី​​​ដែល​កំពុង​មាន​វត្តមាន នៅ​តំបន់​ដើម​បូព៌ា​នៅ​ចុង​សប្តាហ៍​នេះ បាន​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​​ងាក​មក​ការចរចា​ដោយ​សន្តិភាព​ជាមួយ​ ប៉ាឡេស្ទីន។

យុវជន​ប៉ាឡេស្ទីន​ទាមទារ​​មិន​ឲ្យ​អ៊ីស្រាអែល​សាងសង់​លំនៅឋាន​នៅ​ភាគខាងកើត​ទីក្រុង​យេរូសាឡឹម
យុវជន​ប៉ាឡេស្ទីន​ទាមទារ​​មិន​ឲ្យ​អ៊ីស្រាអែល​សាងសង់​លំនៅឋាន​នៅ​ភាគខាងកើត​ទីក្រុង​យេរូសាឡឹម ©Reuters
ផ្សាយពាណិជ្ជកម្ម

01:56

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​ដែល​បាន​​ចូលរួម​សម្ពោធ​វេទិកា​សេដ្ឋកិច្ច​ជប៉ុន អារ៉ាប់ នៅ​ក្នុង​ប្រទេស​ទុយណេស៊ី កាលពី​ថ្ងៃ​សៅរ៍​បាន​អំពាវនាវ​ដល់​អ៊ីស្រាអែល​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​អាណានិគមកិច្ច​របស់​ខ្លួន និង​ផ្អាក​រាល់​ការសាង​សង់​លំនៅឋាន នៅ​ខាងកើត​ទីក្រុង​យេរូសាឡឹម។ នៅ​ចំពោះ​ដៃគូ​អារ៉ាប់​របស់​ខ្លួន លោក​រដ្ឋមន្រ្តី​ជប៉ុន ​Seiji Maeharaបាន​និយាយ​បញ្ជាក់​ថា លោក​គាំទ្រ​ឲ្យ​មាន​ការចរចា​ឡើង​វិញ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដើម្បី​ស្វែង​រក​សន្តិភាព និង​ស្ថិរភាព​នៅ​ដើម​បូព៌ា។

 
ចំណែក លោក​Amr Moussa អគ្គលេខាធិការ​របស់​សម្ព័ន្ធ​អារ៉ាប់​បាន​បញ្ជាក់​បន្ថែម​ដែរថា បើ​គ្មាន​សន្តិភាព ហើយ​ បើ​ការចរចា​រក​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នៅ​តែ​ជាប់​គាំងស្ទះ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​នឹង​មិន​អាច​កើត​មាន​បាន​ទេ។

រដ្ឋមន្រ្តី​ការបរទេស​អូស្ត្រាលី​ឯណោះវិញ​ដែល​បាន​ចូលជួប​ប្រធានាធិបតី​អេហ៊្សីប​ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​និយាយ​ព្រមាន​ថា ពេលវេលា​នៃ​ការចរចា​ដើម្បី​សន្តិភាព​នៅ​ដើម​បូព៌ា​កាន់​តែ​ខើច​ណាស់​ទៅ​ហើយ។ លោក​Kevin Rudd បាន​បង្ហាញ​ពី​កង្វល់​របស់​អូស្ត្រាលី​ដែល​មិន​បាន​ឃើញ​ការងារ​ជឿនលឿន​ទៅ​មុខ​ នៅ​ក្នុង​ដំណើរ​ការ​រកស​ន្តិភាព​នៅ​ដើម​បូព៌ា។ រដ្ឋមន្រ្តីការបរទេស​អូស្ត្រាលី បាន​បន្ទោសទៅ​អ៊ីស្រាអែលថា​​ ការបន្ត​សាងសង់​លំនៅឋាន​អ៊ីស្រាអែល នៅ​ខាងកើត​ទីក្រុង​យេរូសាឡឹម កំពុង​តែ​បំផ្លាញ​ឱកាស​ស្វែង​រក​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន​ហើយ។

អ៊ីស្រាអែល​នឹង​មិន​ដក​ខ្លួន​ចេញ​ពី​តំបន់​Cisjordanie និង​ពី​ភាគខាងកើត​ទីក្រុង​យេរូសាឡឹម​ទាំង​ស្រុង​នោះ​ទេ ពីព្រោះ​តំបន់​ទាំងនោះ​នឹង​អាច​ពួក​អ៊ីស្លាម​ជ្រុលនិយម​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អៀរ៉ង់ យក​ទៅ​ប្រើប្រាស់​ដើម្បី​ធ្វើការ​វាយប្រហារ​មក​លើ​អ៊ីស្រាអែល។ នេះ​ជា​ការនិយាយ​បញ្ជាក់​របស់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថានអ៊ីស្រាអែល។ ជាការឆ្លើយតប​ទៅ​នឹង​ការអំពាវនាវ​របស់​រដ្ឋមន្រ្តី​កាបរទេស​​អាមេរិក នៅ​ថ្ងៃ​អាទិត្យ​នេះ រដ្ឋមន្រ្តី​អ៊ីស្រាអែល​រូបនេះ​បាន​បា្រប់​ឲ្យ​ដឹង​ជា​មុន​​ថា ដើម្បី​ផល​ប្រយោជន៍​របស់​អ៊ីស្រាអែល រដ្ឋាភិបាល​របស់​លោក​មិន​អាច​បើក​ការចរចា​ដោយ​លឿន​រហ័ស ក្នុង​ការដោះស្រាយ​ជម្លោះ​ជាមួយ​នឹង​ប៉ាលេស្ទីន​បាន​ទេ។ “អ៊ីស្រាអែល​នឹង​បន្ត​ស្វែង​រក​ការចរចា​ដើម្បី​សន្តិភាព ប្រសិន​បើ​សន្តិភាព​នោះ​មិន​​ប៉ះពាល់​ដល់​អនាគត និង​វត្តមាន​ប្រទេស​អ៊ីស្រាអែល​ក្នុង​ផែនទី​ពិភពលោក"៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ