អានតួអត្ថបទ
ជប៉ុន

សេដ្ឋកិច្ច​ជប៉ុន​បន្ត​ដើរថយ​ក្រោយ តែ​អាច​នឹង​ផ្តើមកើន​ឡើងវិញ នៅ​ត្រីមាស​ទី៣

សេដ្ឋកិច្ច​ជប៉ុន​បន្ត​ដើរ​ថយ​ក្រោយ នៅ​ត្រីមាស​ទី​២​ឆ្នាំ​២០១១ ក្រោយ​ពី​មាន​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមីនៅ​ប៉ែក​ឦសាន​នៃ​ប្រទេស កាល​ពី​ថ្ងៃ​ទី​១១​មីនា​រួច​មក។ នេះ​បើ​យោង​ទៅ​តាម​តួ​លេខ​ដែល​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​ចន្ទ​ទី​១៥​សីហា​នេះ។ យ៉ាង​ណា​មិញ តួលេខ​ដដែល​ទាំង​នេះ ដែល​ក៏​បង្ហាញ​ដែរ​នូវ​ភាព​មាំមួន​ហួស​ការ​ស្មាន​នៃ​សេដ្ឋកិច្ច​ជប៉ុន កំពុង​បំផុស​ឲ្យ​មាន​សុទិដ្ឋិនិយម​ឡើង​វិញ នៅ​ក្នុង​ជួ​រថ្នាក់​ដឹក​នាំ​និង​ក្នុង​មជ្ឈដ្ឋាន​អ្នក​ជំនួញ។

កំពង់ផែទំនិញ​ក្នុង​ទីក្រុង​តួក្យូ
កំពង់ផែទំនិញ​ក្នុង​ទីក្រុង​តួក្យូ ©Reuters
ផ្សាយពាណិជ្ជកម្ម

«ប្រទេស​យើង​បាន​ងើប​ក្បាល និង​បាន​ដើរ​ចេញ​រួច​ពី​ភាព​ហិនហោច នៅ​ក្រោយ​សង្គ្រាម​លោក។ យើង​នឹង​ច្បាស់​ជា​អាច​កសាង​ស្ថាបនា​ឡើង​វិញ​តំបន់​ខូចខាត​ទាំង​ប៉ុន្មាន» នៅ​ប៉ែក​ឦសាន​នៃ​ប្រទេស”។ លោក​នាយករដ្ឋមន្ត្រី​Naoto Kan បាន​ប្រកាស​យ៉ាង​ដូច្នេះ នៅ​ថ្ងៃ​ចន្ទ​នេះ នា​ឱកាស​ខួប​គម្រប់​៦៦​ឆ្នាំ​នៃ​ការ​ចាញ់​សង្គ្រាម​លោក​លើក​ទី​ពីរ​របស់​ប្រទេស​ជប៉ុន។

 
លោក​Naoto Kan បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​របស់​លោក​បែប​នេះ ជួន​ចំ​ពេល​ដែល​តួ​លេខ​ផ្សេងៗ​ជា​ផ្លូវការ​បង្ហាញ​ថា សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​បាន​បន្ត​ដើរ​ថយ​ក្រោយ​បី​ត្រីមាស​ជាប់ៗ​គ្នា។ ផលិតផល​ដុល​ក្នុង​ស្រុក​នៅ​ត្រីមាស​ទី​២​ឆ្នាំ​២០១១​បាន​ថយ​អស់​០,៣​ភាគរយ បើ​ធៀប​ទៅ​នឹង​ត្រីមាស​ទី​មួយ។

ការ​ដើរ​ថយ​ក្រោយ​នៃ​សេដ្ឋកិច្ច​ជប៉ុន​នៅ​ក្នុង​ចន្លោះ​ខែ​មេសា​និង​មិថុនា​កន្លង​ទៅ​នេះ គឺ​ជា​ផលវិបាក​ដែល​ហូរ​ចេញ​ពី​គ្រោះ​រញ្ជួយ​ដី​និង​គ្រោះ​រលក​យក្ស​ស៊ូណាមី ថ្ងៃ​ទី​១១​មីនា។ គ្រោះ​មហន្តរាយ​នេះ​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​២០ ០០០នាក់ បាន​ធ្វើ​ឲ្យ​ការ​នាំ​ទំនិញ​ទៅ​ក្រៅ​ប្រទេស ការ​វិនិយោគ និង​ឧបភោគ​បរិភោគ​ធ្លាក់​ចុះ។
 

យ៉ាង​ណា​ក៏​ដោយ តួ​លេខ​សេដ្ឋកិច្ច​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ក៏​បាន​បំផុស​ឲ្យ​មាន​សុទិដ្ឋិនិយម​ដែរ ដោយសារ​ថា អត្រា​នៃ​ឧបភោគ​បរិភោគ​មិន​បាន​ធ្លាក់​ចុះ​ខ្លាំង​ដូច​ការ​ព្យាករណ៍​ទេ។ ដោយ​ឡែក វិនិយោគ​សាធារណៈ​ដែល​បាន​កើន​ឡើង​ចំនួន​៣​ភាគ​រយ​ក្រោយ​គ្រោះ​រញ្ជួយ​ដី​បាន​ជួយ​ប៉ះប៉ូវ​ការ​ធ្លាក់​ចុះ​នៃ​វិនិយោគ​ឯកជន។ អ៊ីចឹង​ហើយ​បាន​ជា​សេដ្ឋវិទូ​ជប៉ុន​ខ្លះ​អះអាង​ថា សេដ្ឋកិច្ច​នៃ​ប្រទេស​នឹង​ប្រហែល​ជា​អាច​ផ្តើម​កើន​ឡើង​វិញ នៅ​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០១១​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ