អានតួអត្ថបទ
ជប៉ុន

ជប៉ុន​ប្រទេស​រងគ្រោះ​ស៊ូណាមី​ចែក​រំលែក​បទ​ពិសោធន៍​ដល់​ពិភពលោក

មេ​ដឹកនាំ​នយោបាយ និង​សមាគម​មនុស្ស​ធម៌​ មក​ពី​គ្រប់​ជ្រុង​នៃ​ពិភពលោក ត្រូវ​ជួប​ប្រជុំ​គ្នា​ពីរ​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​អង្គារទី ៩ តុលា​នេះ​ទៅ នៅក្រុង Sendai ភាគ​ឦសាន​ប្រទេស​ជប៉ុន ដើម្បី​រៀប​ជា​​មេរៀន​ សម្រាប់​គ្រប់គ្នា​យក​ទៅ​ប្រើ​ប្រាស់​ការពារ​ប្រទេស​ ពី​គ្រោះ​មហន្តរាយមហន្តរាយ​ធម្មជាតិ។ គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​ និង​រលក​ស៊ូណាមី កាលពី​ថ្ងៃ​ទី ១១ មីនា ឆ្នាំ​២០១១ ដែល​បាន​ធ្វើ​តំបន់​ឦសាន​ជប៉ុន​មួយ​ភាគ​ហិន​ហោច​ខ្ទេច​ខ្ទី​ស្ទើរ​បាត់​ពី​ផែនទី ជា​បទ​ពិសោធន៍​ចំបង​មួយ​នៃ​ការ​ផ្តួច​ផ្តើមបង្កើត​​ គម្រោង​ការពារ​គ្រោះ​ធម្មជាតិ សំរាប់​ពិភពលោក​ទាំងមូល។

ជំនួប​ពិភាក្សា​នៅ​សេនដៃ ស្តីពី​ការ​ដក​មេរៀន​ពី​គ្រោះ មហន្តរាយ​ធម្មជាតិ
ជំនួប​ពិភាក្សា​នៅ​សេនដៃ ស្តីពី​ការ​ដក​មេរៀន​ពី​គ្រោះ មហន្តរាយ​ធម្មជាតិ © Reuters
ផ្សាយពាណិជ្ជកម្ម

“ដាក់​​ការ​ការពារ​គ្រោះ​មហន្តរាយ​ធម្មជាតិ ជា​ចំណែក​មួយ​នៃ​គម្រោង​ជំនួយ​អភិវឌ្ឍន៍” ! នេះ​ហើយ​ជា​កម្មវត្ថុ​នៃ​ជំនួប​ប្រជុំ​សេនដៃ (Sendai) គូស​បញ្ជាក់​ដោយ​លោក Kazushige Taniguchi តំណាង​ធនាគារ​ពិភពលោក​នៅ​ជប៉ុន។ សម្រាប់​លោក Taniguchi មាន​ប្រទេស​កំពុង​អភិវឌ្ឍន៍​ច្រើន​ណាស់ ដែល​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​ដោយ​គ្មាន​គិត​ខ្វល់​ខ្វាយ​នឹង​ការ​ការពារ​គ្រោះ​មហន្តរាយ​​ធម្មជាតិ​។

 
​​លោក​ស្រី​​ Christine Lagarde អគ្គនាយិកា​FMI និង​លោក​ Jim Yong Kim ប្រធានធនាគារ​ពិភពលោក ត្រូវ​អញ្ជើញ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​តំបន់​រង​គ្រោះ​រញ្ជួយ​ដី និង​ស៊ូណាមី នៅ​ថ្ងៃ​ពុធ​​ស្អែក​ ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ការជជែក​ពិភាក្សា​​ដក​ស្រង់​ពិសោធន៍ នៅ​ទីក្រុង​សេនដៃ​ ក្នុង​ក្រប​ខ័ណ្ឌ​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក នៅ​ទីក្រុង​តូក្យូ ចុង​សប្តាហ៍​នេះ។ រាល់​កិច្ច​ពិភាក្សា​​នៅ​សេនដៃ​នឹង​បញ្ជូន​ទៅ​កាន់​គណៈកម្មាធិ​ការ​អភិវឌ្ឍន៍​ ដែល​ជា​ស្ថាប័ន​កំពូល​របស់​អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ និង​ធនាគារ​កណ្តាល​​ពិភពលោក​ ជា​អ្នក​សម្រេច​​ចេញ​សេចក្តី​ថ្លែងការណ៍​ចុង​ក្រោយ។

សេនដៃ ​ជាក្រុង​​រងគ្រោះ​​ខ្លាំង​ជាងគេបំផុត​មួយ​ ពី​គ្រោះ​រញ្ជួយ​ដី​ និង​រលក​យក្ស​ស៊ូណាមី ​ថ្ងៃទី ១១ មីនា ឆ្នាំ​២០១១ និង​រាល​ដាល​ជា​​គ្រោះ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា។ តាម​រយៈ​វិញ្ញាសា​រង​គ្រោះ​មរណៈ​នេះ ជប៉ុន​និង​ធនាគារ​កណ្តាល​បាន​បោះផ្សាយ​របាយការណ៍​៣២​ចំណុច​ ក្នុង​អត្ថន័យ​ចែក​រំលែក​មេរៀន​ដែល​ជប៉ុន​បាន​ឆ្លង​កាត់។ 

អ្នក​និពន្ធ​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ចែកចាយ​ផែនទី​បញ្ជាក់​ពី​តំបន់​ងាយ​រង​គ្រោះ​ និង​រៀប​ចំ​ដាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​មុន​គ្រោះ​មហន្តរាយ​មកដល់។ ណែនាំ​ឱ្យ​រោង​ចក្រ​ប្រុង​ប្រយ័ត្ន​ផ្នែក​ផ្គត់​ផ្គង់​ ហើយ​ការ​សិក្សា​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ផង​ដែរ​ អំពី​ផល​ប្រយោជន៍​នៃ​ប្រព័ន្ធ​សង្គម​​តាម​អ៊ីនធឺណែត ដែលអាច​ជួយ​ធ្វើ​ប្រតិបត្តិការ​ស្វែង​រក​ និង​ប្រមូល​ជំនួយ​។ លទ្ធភាពលឿន​រហ័ស​​នៃ​​ការ​កសាង​លំនៅដ្ឋាន​បណ្តោះ​អាសន្ន​ និង​រក្សា​ប្រាក់​ចំណូល​​ឱ្យ​ជន​រង​គ្រោះ​ គួរ​តែ​ត្រូវ​បាន​គិតគូរ យ៉ាង​ហោច​ណាស់​នៅ​ពេល​ភ្លាមៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ