អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សោកនាដកម្ម​លើ​ស្ពានពេជ្រ​ជា​វិញ្ញាសា​ថ្មី​សន្លាង​សម្រាប់​រដ្ឋាភិបាល​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​បាន​ឆ្លងកាត់​ភ្លើង​សង្រ្គាម​ច្រើន​ទសវត្សរ៍​ រដ្ឋាភិបាល​កម្ពុជា​នៃ​ព្រះរាជាណាចក្រ​ទី​២​នេះ​តែង​បាន​សម្តែង​មោទនភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​មាន​សន្តិភាព ​និង​ស្ថិរភាព​នយោបាយ។ ​រដ្ឋាភិបាល​ក៏​តែងតែ​បង្ហាញ​ពី​ជោគជ័យ​ក្នុង​ការ​ការពារ​សន្តិសុខ​សម្រាប់​កិច្ច​ប្រជុំ​អន្តរជាតិ​ធំៗ​ រួម​ទាំង​ដំណើរ​ទស្សនកិច្ច​របស់​ភ្ញៀវ​សំខាន់ៗ​ផង​ដែរ។ ​ប៉ុន្តែ ​មហា​សោកនាដកម្ម​នៅ​លើ​ស្ពាន​ពេជ្រ​កាល​ពី​យប់​ថ្ងៃទី​២២​វិច្ឆិកា​ គឺ​ជា​បទពិសោធន៍​ដ៏​ជូរចត់​ដែល​បង្ហាញ​ពី​ការ​ខ្វះ​ចន្លោះ​របស់​អាជ្ញាធរ​ក្នុងការ​គ្រប់គ្រង​ហ្វូង​មហាជន​នៅ​ក្នុង​ពិធី​បុណ្យ​ធំៗ។ តើ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​គួរ​រៀន​សូត្រ​អ្វី​ខ្លះ​ពី​មហាវិនាសកម្ម​នេះ?

ប៉ូលិស​ជញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ
ប៉ូលិស​ជញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ © Reuters
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​នៅ​លើ​ស្ពាន​ពេជ្រ​ គឺ​ជា​មហា​សោកនាដកម្ម​ដ៏​ឈឺ​ចាប់​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្នុង​រយៈ​ពេល​បី​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ ​ពលរដ្ឋ​ខ្មែរ​ជិត​៣៥០​នាក់​មក​ពី​គ្រប់​ទិសទី​បាន​ស្លាប់​យ៉ាង​ខ្លោចផ្សា​ ដោយសារ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ស្ពាន​ដ៏​តូច​មួយ​នៅ​កណ្តាល​រាជធានី​ ភ្នំពេញ​បេះដូង​នៃ​ប្រទេស​កម្ពុជា។

ជាការពិត ​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ឲ្យ​កើត​មាន​ឧប្បត្តិហេតុ​បែប​នេះ​ឡើយ ​ហើយ​កម្ពុជា​ក៏​មិន​ដែល​ជួប​ប្រទះ​ព្រឹត្តិការណ៍​បែប​នេះ​ដែរ។ ​ប៉ុន្តែ​គ្រោះ​មហន្តរាយ​ដែល​កើត​ឡើង​ដោយសារ​ហ្វូង​មនុស្ស​រត់​ជាន់​គ្នា​ធ្លាប់​បាន​កើត​ជា​ហូរហែ​រួច​ទៅ​ហើយ​នៅ​ក្នុង​ពិភពលោក​នា​រយៈពេល​ចុងក្រោយ​នេះ។ ​ជាក់ស្តែង​ការផ្អើល​ជាន់គ្នា​នៃ​ហ្វូង​មនុស្ស​នៅ​ទីក្រុង​ឡាម៉ិក​នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ក្នុង​ពិធី​សាសនា​បាន​កើត​ឡើង​២​ដង​ក្នុង​ឆ្នាំ​២០០៤ ​និង​២០០៦ ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​៦០០​នាក់។

ក្នុង​ឆ្នាំ​២០០៥ ​ក៏​មាន​ការផ្អើល​ឆោឡោ​មួយ​ដែរ​ក្នុង​ទីប្រជុំ​សាសនា​នៃ​ប្រទេស​ឥណ្ឌា​ដែល​មាន​មនុស្ស​ស្លាប់​ជាង​៣០០​នាក់ ​និង​ការផ្អើល​រត់​ជាន់​គ្នា​របស់​ប្រជាជន​អ៊ីរ៉ាក់​កាលពី​ខែ​សីហា​ឆ្នាំ​២០០៥​ដដែល​នៅ​ក្នុង​ទីក្រុង​បាដាដ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង​៩០០​នាក់​។ល។​និង​។ល។​ សុទ្ធ​សឹង​ជា​មហា​សោកនាដកម្ម​ដែល​​កម្ពុជា​គួរ​តែ​ស្រង់​បាន​បទពិសោធន៍​ខ្លះ​សម្រាប់​ការ​គ្រប់គ្រង​ហ្វូង​មនុស្ស​ក្នុង​ពិធី​បុណ្យ​ធំៗ។

គេ​នៅ​ចាំ​បាន​ថា ​នៅ​មុន​ពេល​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ឲ្យ​ដឹង​ថា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​៥០០០​នាក់​នឹង​ត្រូវ​គេ​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ​ និង​រៀបចំ​សណ្តាប់​ធ្នាប់​ក្នុង​អំឡុង​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​នេះ។ ​អាជ្ញាធរ​ពិតជា​បាន​ដឹង​ជាមុន​ថា​ មាន​មនុស្ស​ច្រើន​លាន​នាក់​នឹង​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដ៏​មាន​ប្រជាប្រិយ​មួយ​នេះ។ ចំនួន​មនុស្ស​ច្រើន​ដែល​ទាមទារ​ឲ្យ​មាន​ការ​គ្រប់គ្រង​បាន​ល្អ​បំផុត។

ប៉ុន្តែ ​នៅពេល​ដែល​ការ​កកស្ទះ​ចរាចរណ៍​នៅ​លើ​ស្ពាន​ពេជ្រ​កើត​ឡើង ​គេ​មិន​បាន​ឃើញ​មាន​កិច្ច​អន្តរាគមន៍​ភ្លាមៗ​ឡើយ​ ដោយ​ទុក​ឲ្យ​ស្ថានការណ៍​ដ៏​អាក្រក់​នេះ​អូស​បន្លាយ​រយៈ​ពេល​ជាច្រើន​ម៉ោង​រហូត​ដល់​មនុស្ស​ឡើង​គរ​លើ​គ្នា​ និង​ជាន់​សម្លាប់​អ្នក​នៅ​ខាង​ក្រោម​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត។ ​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​សមត្ថកិច្ច​មិន​បាន​គិតគូរ​គ្រប់​ជ្រុងជ្រោយ​អំពី​ការ​គ្រប់គ្រង​ហ្វូង​មនុស្ស​ឡើយ​ ជាពិសេស​នៅ​លើ​កោះពេជ្រ​ដែល​ជាទី​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយភាព​មួយ​របស់​រាជធានី​ភ្នំពេញ។

ជា​ការ​ពិត​ណាស់ ​បន្ទាប់​ពី​សម័យ​សង្គ្រាម ​រដ្ឋាភិបាល​បាន​នាំ​មក​នូវ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ពេញ​ផ្ទៃ​ប្រទេស។ ​រដ្ឋាភិបាល​ក៏បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ពង្រឹង​សន្តិភាព​ និង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​ដោយ​ភាព​ប្រយ័ត្ន​ប្រយែង​បំផុត។​ ជា​លទ្ធផល ​កម្ពុជា​អាច​ការពារ​បាន​យ៉ាង​ល្អ​នូវ​សន្តិសុខ​ និង​សុវត្ថិភាព​សម្រាប់​កិច្ច​ប្រជុំ​ជា​លក្ខណៈ​អន្តរជាតិ​ធំៗ​ដែល​ខ្លួន​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ ​រាប់​ទាំង​ដំណើរ​ទស្សនកិច្ច​របស់​ភ្ញៀវ​សំខាន់ៗ​ដូចជា​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​លោក​ បាន​ គីមូន​ និង​លោកស្រី ហ៊ីលឡារី​ គ្លីនតុន ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ​ជាដើម។

ប៉ុន្តែ ​មហាសោកនាដកម្ម​នៅ​លើ​ស្ពាន​ពេជ្រ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​កង្វះ​ខាត​ក្នុង​ការ​ការពារ​សន្តិសុខ​ និង​សុវត្ថិភាព​របស់​កម្លាំង​សមត្ថកិច្ច​ខ្មែរ​ សម្រាប់​ពិធី​ដែល​មាន​មហាជន​ច្រើន​កុះករ។ កង្វះ​ខាត​នេះ​មាន​ទំហំ​ធំធេង​ ទាំង​ការ​គិតគូរ​ជាមុន​ ទាំង​ជំនាញ​សង្គ្រោះ​ជន​រងគ្រោះ​ក្នុង​ពេល​កើត​ហេតុ។
 ​
ដូច្នេះ ​គេ​អាច​និយាយ​បាន​ថា ​មហាសោកនាដកម្ម​នៅ​លើ​ស្ពាន​ពេជ្រ ​គឺជា​​វិញ្ញាសា​ដ៏​ថ្មី​សន្លាង​មួយ​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​ដក​បទពិសោធន៍​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ ​ពីព្រោះ​មហា​សោកនាដកម្ម​បែប​នេះ​មាន​ទំហំ​ធំធេង​ជាង​អំពើ​ភេរវកម្ម​ដោយ​គ្រាប់​បែក​ទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ