អានតួអត្ថបទ
កម្ពុជា

គណបក្ស​​ប្រឆាំង​​ប្រកាស​​ចេញ​​នយោបាយ​​តម្លើង​​ប្រាក់ខែ​​​មន្ត្រី​រាជការ​​ ​និង​​កងកម្លាំង​​ប្រដាប់​អាវុធ​

នៅ​ថ្ងៃ​ទី​១៨​មីនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​​បង្កើតឡើង​ដោយ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ប្រកាស​ចេញ​នូវ​គោលនយោបាយ​តម្លើង​ប្រាក់ខែ​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់អាវុធ​រហូតដល់ ១​លាន​រៀល ឬ​ស្មើនឹង ២៥០ ដុល្លារ។ ក៏ប៉ុន្តែ​គោល​នយោបាយ​របស់​គណ​បក្សប្រឆាំង​ដូច្នេះ ត្រូវបាន​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី បាន​ចាត់ទុកថា​ជា​ការសន្យា​បោកប្រាស់​អ្នក​បោះឆ្នោត ដោយ​គ្មាន​មូលដ្ឋាន​ពិត​ប្រាកដ​ទេ។​

លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ
លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ទស្សនទាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សរសេរ​ដោយ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​បង្ហាញ​នូវ​គោលនយោបាយ​ចំនួន ៦ ចំណុច។ ក្នុងនោះ ចំណុច​ទី​១ គណបក្សប្រឆាំង​បានប្រកាស​សន្យា​តម្លើង​ប្រាក់ខែ​យ៉ាងតិច ១​លាន​រៀល ដល់​មន្ត្រីរាជការ​ស៊ីវិល គ្រូបង្រៀន និង​កងកម្លាំងប្រដាប់អាវុធ ចាប់​គិតពី​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការបោះឆ្នោត​ចូល​កាន់​អំណាច។​

ក្នុង​សេចក្តីប្រកាស​ដែល​មាន​ពីរ​ទំព័រ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ប្រកាស​ជា​ឧឡារិ​កថា នឹង​ប្តេជ្ញា​លើកស្ទួយ​ជីវភាព បង្កើន​សមត្ថភាព​វិជ្ជាជីវៈ ជួយ​ស្តារ​កិត្តិយស​និង​តបស្នង​សង​គុណ​​ជូន​មន្ត្រីរាជការ គ្រូបង្រៀន និង​កងកម្លាំង​ប្រដាប់​អាវុធ​ជាតិ ដែល​បម្រើ​​ ការពារ និង​កសាង​​ជាតិ​កន្លងមក និង​ទៅ​អនាគត។​

ក្រៅ​ពី​ការសន្យា​តម្លើង​ប្រាក់ខែ​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ នៅ​ក្នុង​គោលនយោបាយ​​ទាំង ៦​ចំណុច​ ​​គណបក្សប្រឆាំង​ក៏បាន​លើកឡើង​ផង​ដែរ​នូវ​ការសន្យា​ធានា​រក្សា​តួនាទី​របស់​មន្ត្រីរាជកា​រ​បច្ចុប្បន្ន និង​លុប​បំបាត់​ការ​គ្រប់គ្រង ការ​ដឹកនាំ តាម​បែប​បក្ខពួកនិយម គ្រួសារ​និយម តាម​ស្ថាប័ន​ក្រសួង​របស់​រដ្ឋ ជាដើម។​

ក៏​ប៉ុន្តែ​ចំពោះ​កម្មវិធី​នយោបាយ​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់អាវុធ រហូត​ដល់ ១​លាន​រៀល របស់​គណបក្ស​ប្រឆាំង​នេះ ត្រូវបាន​លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ចាត់ទុកថា​ជា​ការសន្យា​ក្នុង​យុទ្ធនាការ​វោហាស័ព្ទ ដើម្បី​បោកប្រាស់​អ្នកបោះឆ្នោត ដោយ​គ្មាន​អ្វី​ជា​មូលដ្ឋាន​ពិតប្រាកដ​ទេ។​

លោក ផៃ ស៊ីផា​ន ដែល​ជា​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​បន្ថែម​ថា រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នា​ពេល​សព្វថ្ងៃ មិនមែន​ព្រងើយ​កន្តើយ​លើ​ការ​បន្ថែម​ប្រាក់ខែ​មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ទេ។ រាជរដ្ឋាភិបាល​បាន​យក​ប្រាក់​ទៅ​បណ្តាក់ទុន តាមរយៈ​ធ្វើ​ផ្លូវថ្នល់​ស្ពាន ដែល​ជា​ការ​តម្លើង​ប្រាក់បៀវត្សរ៍ ដោយ​ស្ថិរភាព និង​ពិត​ប្រាកដ។ ក្នុងនោះ រាជរដ្ឋាភិបាល​ក៏​បាន​កំណត់​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ ២០% ក្នុង​មួយ​ឆ្នាំ​ផង​ដែរ។​

សូម​រម្លឹកថា ការសន្យា​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ ជា​កម្មវិធី​នយោបាយ​មួយ​ក្នុងចំណោម​កម្មវិធី​​នយោបាយ​ជាច្រើន រួមមាន ការប្រឆាំង​អំពើ​ពុករលួយ បញ្ហា​ដីធ្លី និង​បញ្ហា​ព្រំដែន ដែល​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​លើកឡើង សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ នា​ខែ​កក្កដា​ខាងមុខ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ