អានតួអត្ថបទ
រុស្ស៊ី​​-វ៉េណេស៊ុយអេឡា

មរណភាព​​លោក​​ Hugo​​ Chavez​​ អាច​​ជះ​​ឥទ្ធិពល​​ឬ​​ទេ​​ មក​​លើ​​ទំនាក់ទំនង​​សេដ្ឋកិច្ច​​ រុស្ស៊ី- ​​វេណេស៊ុយអេឡា​ ​

ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ម៉ូស្គូ ដោយ​ជូន​ដំណឹង​អំពី​មរណភាព​នេះ ក៏​សំដែង​នូវ​ក្តី ព្រួយបារម្ភ​ចំពោះ​វាសនា​នៃ​កិច្ចសន្យា​នានា ដែល​រុស្ស៊ី​បានចុះ​ជាមួយ​វេណេស៊ុយអេឡា តាំងពី​វិស័យ​យោធា រហូតដល់​ថាមពល។ កិច្ចព្រមព្រៀង​ទាំង​នោះ មានចុះ​គឺ​ក្រោមអំណាច​លោកប្រធានាធិបតី Hugo Chavez ដែល​ល្បី​ខាង“ប្រឆាំងចក្រពត្រអាមេរិក” ហើយ​បែរមុខ​មក​ចង​មិត្តភាព​ជាមួយ​រុស្ស៊ី​វិញ។ តើ​អស់ពី​រូប​គាត់​ទៅ ស្ថានការណ៍​នឹង​វិវឌ្ឍ​ទៅ​យ៉ាង​ណា ?

វេណេស៊ុយអេឡា​​​របស់​លោក Hugo Chavez ​ប្រទេសមិត្តដ៏​​ធំ​​​របស់​រុស្ស៊ី
វេណេស៊ុយអេឡា​​​របស់​លោក Hugo Chavez ​ប្រទេសមិត្តដ៏​​ធំ​​​របស់​រុស្ស៊ី
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួរ​និយាយ​ថា​បន្ទាប់ពី​រុស្ស៊ី គឺ​វេណេស៊ុយអេឡា​ក្រោមការ​ដឹកនាំ​របស់​លោក Hugo Chavez តែ​ម្តង​ជា​ប្រទេស​ធំ​ទី​២​ដែល​សាមគ្គី​ជាមួយ​រុស្ស៊ី បាន​ប្រកាស​ទទួល​ស្គាល់​ដែនដី​អបគមន៍​​របស់​ហ្ស៊កហ្ស៊ី គឺ​ដែនដី Abkhazie និង Ossetie ខាង​ត្បូង​ជា​រដ្ឋ​ឯករាជ្យ ទាំងផ្គើន​ឲ្យ​បស្ចិម​លោក។

តើ​ខាង​ផ្នែក​នយោបាយ​នេះ អាចនឹង​មាន​ការ​ប្រែប្រួល​សើរើ​ឡើងវិញ​ឬ​ទេ គោលជំហរ​របស់​វេណេស៊ុយអេឡា ក្រោយពី​អ្នក​ដឹកនាំថ្មី​​ឡើង​កាន់​អំណាច? ក្នុង​អំឡុងជាង​១០​ឆ្នាំ​នៃ​អំណាច​គាត់ លោក Hugo Chavez ដែល​ដាក់ទិស​កសាង​ក្នុង​ប្រទេស​ខ្លួន​ជា​របប​សង្គមនិយម​បែប​ថ្មី បាន​ប្តេជ្ញា​តាំង​ទំនាក់ទំនង​មិត្តភាព​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី។
ហើយ​ជា​លទ្ធផល ទីក្រុង​ការ៉ាកាស​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​បំផុត​របស់ ម៉ូស្គូ​ប្រចាំ​នៅ​ទ្វីប​អាមេរិកឡាទីន មាន​វិស័យ​យោធា​និង​ថាមពល​ជាដើម។

ខាង​វិស័យ​យោធា វេណេស៊ុយអេឡា​ក្រោម​អំណាច​លោកប្រធានាធិបតី Hugo Chavez តែង​បាន​ទិញ​ពី​រុស្ស៊ី ក្នុង​មួយ​ឆ្នាំៗ នូវ​សព្វាវុធ​ក្នុង​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ។ ហើយ​តាម​ព្យាករណ៍នៃ “មជ្ឈមណ្ឌល​ខាង​វិភាគ​អំពី​ការជួញ​អាវុធ​ក្នុង​លោក” ក្នុង​ចន្លោះ​ឆ្នាំ​២០១២-២០១៥ វេណេស៊ុយអេឡា​ត្រូវឈាន​ឡើង​ដល់​ចំណាត់ថ្នាក់​ទី​២ ខាង​ទំហំ​សព្វាវុធ​ទិញ​ពី​រុស្ស៊ី ប្រកប​ដោយ​ទឹក​ប្រាក់ ៣.២០០លាន​ដុល្លារ​ក្នុង​១​ឆ្នាំ គឺ​ស្ថិត​នៅ​តែ​ពីក្រោយ​ប្រទេស​ឥណ្ឌា​ប៉ុណ្ណោះ។

ខាង​វិស័យ​ថាមពល ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ខាង​ប្រេងកាត ហៅ​ថា Rosneft​បាន​បញ្ចូល​វិនិយោគទុន​១០.០០០លាន​ដុល្លារ​ទៅ​ហើយ ទៅ​ក្នុង​គម្រោង​ខាង​ជីក​ប្រេងឆៅ នៅ​តាម​អណ្តូងប្រេង​ចំនួន​៥​កន្លែង​ឯណោះ នៅ​វេណេស៊ុយអេឡា ដោយ​បច្ចុប្បន្ន​ជីក​បាន​ក្នុង​១ឆ្នាំៗ បរិមាណ​ប្រេង​នេះ ១៥​លាន​តោន។ តាម​សំដី ប្រធាន​អគ្គ​នាយក​ក្រុមហ៊ុន​នេះ លោក Igor Sechine ដែល​កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ បាន​ទៅកាន់​ក្រុង​ការ៉ាកាស ក្នុង​អនាគត​គូ​ភាគី គ្រោង​បង្កើន​ការ​ជីក​បូម​នេះ​ឲ្យ​ស្ទុះ​ដល់ ៥០​លាន​តោន ក្នុង​១​ឆ្នាំ។

ចំណែក​រដ្ឋ​មន្ត្រី​ក្រសួង​ថាមពល​វេណេស៊ុយអេឡា លោក Raphael Ramires បាន​ឲ្យ​ដឹង​ថា៖ ក្នុង​គម្រោង​រួម រុស្ស៊ី-វេណេស៊ុយអេឡា ទំហំ​វិនិយោគ​សរុប​នឹង​មាន​ទឹកប្រាក់​ដល់ ៤៦.០០០លានដុល្លារ ដែល​ពី​ក្នុងនោះ​ទុន​សរុប​ពី​ខាង​រុស្ស៊ី គឺ​១៧.០០០លាន​ដុល្លារ។
- ទៅ​ទល់​ឆ្នាំ​២០២១ គូ​ភាគី​ជា​ដៃគូ​នឹង​គ្នា នឹង​ជីកបាន​ក្នុង​១​ឆ្នាំៗ រហូត​ដល់​១លាន​បារីល ឬ ១៥៩.០០០តោន ក្នុង​១​ថ្ងៃ បាន​ន័យ​ថា​ជិត ៦០​លាន​តោន​ក្នុង​១ឆ្នាំ។

ភាគី​រុស្ស៊ី សង្ឃឹម​ថា​រាល់​តែ​កិច្ចសន្យា​ដែល​មាន​ចុះ មុខជា​នឹង​ត្រូវ​បំពេញ​តាម​ក្នុង​អនាគត ដោយ​មិន​អាស្រ័យ​នឹង​របប​គ្រប់គ្រង​នៅ​វេណេស៊ុយអេឡា បន្ទាប់​ពី​លោក Hugo Chavez៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ