អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហា​​ប្រាក់ខែ​​កម្មករ​​​និង​​មន្ត្រីរាជការ​ ​ក្លាយជា​​ប្រធានបទ​​នយោបាយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈ​ដែល​​សហជីព​​កំពុង​​ចរចា​​ជាមួយ​​ថៅកែ​ ​អំពី​ការ​ដំឡើង​​ប្រាក់ខែ​​ជូន​កម្មករ​ គណបក្ស​​សង្គ្រោះ​ជាតិ​ ​ដែល​​កើតឡើង​​ដោយ​​ការរួម​គ្នា​​រវាង​​គណបក្ស​​សម​ រង្ស៊ី និង​​គណបក្ស​​សិទ្ធិមនុស្ស បាន​ប្រកាស​​ស​ន្យា​​ជា​​ឧឡា​រឹក​​ថា​ ខ្លួន​​អាច​ដំឡើង​​ប្រាក់ខែ​ដល់​​កម្មករ​​និង​​មន្ត្រីរាជការ​ តាម​​ការ​ទាមទា​រ​រប​ស់​ពួកគេ​​បាន​​ ប្រសិន​បើ​​គណបក្ស​​នេះ​​ឈ្នះ​ឆ្នោត។ ប៉ុន្តែ​ គណបក្ស​កាន់អំណាច​​បា​ន​​ហៅ​​ការ​សន្យា​​នេះ​​ថា​ ជា​ការ​​សន្យា​​ខ្យល់​​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ បញ្ហា​​ប្រាក់ខែ​​ត្រូវ​គេ​​មើល​ឃើញ​ថា​​នឹង​​ក្លាយ​ជា​​ប្រធានបទ​​ក្តៅ​​មួយ​ ​សម្រាប់​​ការ​បោះឆ្នោត​​ជ្រើសរើស​​តំណាងរាស្ត្រ នា​ខែ​កក្កដា​ ​ខាងមុខ​នេះ។

កម្មករ​ត្រូវ​ការ​ប្រាក់ខែ​យ៉ាង​តិច​បំផុត ៧២​ដុល្លារ​ដើម្បី​រស់
កម្មករ​ត្រូវ​ការ​ប្រាក់ខែ​យ៉ាង​តិច​បំផុត ៧២​ដុល្លារ​ដើម្បី​រស់ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ខុសពី​ការបោះឆ្នោត​លើកមុនៗ បញ្ហា​ប្រាក់ខែ​កំពុង​ក្លាយជា​ប្រធានបទ​កាន់​តែ​ក្តៅ​គគុក​ឡើង​ជា​លំដាប់​ ខណៈ​ដែល​ការ​បោះឆ្នោត​កាន់តែ​ខិតជិត​ចូល​មក​ដល់។ ក្តៅ​ដោយហេតុ​ថា ប្រាក់ខែ​តិចតួច​របស់​កម្មករ​និង​មន្ត្រី​រាជការ ដែល​មិនអាច​តាម​ទាន់​ការឡើង​ថ្លៃ​ទំនិញ​សព្វសារពើ ​ត្រូវ​បាន​បក្សនយោបាយ​បញ្ចូល​ទៅក្នុង​កម្មវិធី​នយោបាយ​របស់​ខ្លួន។​

គណបក្សប្រឆាំង​បានប្រកាស​ដាក់ចេញ​គោល​នយោបាយ​ប្រាក់ខែ ​ដោយ​សន្យាថា​នឹង​ដំឡើង​ប្រាក់ខែ​កម្មករ​ឲ្យ​ដល់ ១៥០ ដុល្លារ និង​ប្រាក់ខែ​មន្ត្រីរាជការ​ឲ្យ​ដល់​មួយ​លាន​រៀន​ឬ​ស្មើ ២៥០ ដុល្លារ​ក្នុង​មួយ​ខែ។ មិនតែ​ប៉ុណ្ណោះ បក្សប្រឆាំង​ក៏បាន​សន្យា​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ឆ្នាំ​ឡើង ​ចំនួន​៤​ម៉ឺន​រៀល ​ឬ​១០​ដុល្លារ ​ក្នុង​មួយ​ខែ ​ផង​ដែរ។ បច្ចុប្បន្ន នៅពេល​ដែល​សហជីព​កម្មករ និង​ថៅកែ​រោងចក្រ​កំពុង​ចរចា​គ្នា​រឿង​ប្រាក់ខែ បក្សប្រឆាំង​ក៏​ប្រញាប់​បញ្ចេញ​សំឡេង​អំពី​ប្រាក់ខែ​ម្តង​ទៀត។

បក្សប្រឆាំង​ហាក់​ដូចជា​ច្បាស់​ក្នុង​ចិត្ត​ថា​ខ្លួន​អាច​សម្រេច​គោលនយោបាយ​នេះ​បាន​ដោយ​គ្រាន់តែ​លុប​បំបាត់​អំពើ​ពុករលួយ និង​គ្រប់គ្រង​ចំណូល​ចំណាយ​ថវិកា​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ។ ដោយ​ឈរ​លើ​តួលេខ​របស់​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ដែល​បាន​វាយតម្លៃ​ថា អំពើ​ពុករលួយ​បាន​ធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ​ដល់​ទៅ​ច្រើន​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ បក្សប្រឆាំង​សង្ឃឹមលើ​ប្រាក់​ទាំងនោះ​ដើម្បី​ធ្វើ​ដើម​ទុន។

ប៉ុន្តែ គណបក្ស​កាន់អំណាច​មិន​ទទួល​យក​ការវាយតម្លៃ​បែប​នេះ​ឡើយ បើ​ទោះបី​ជា​ខ្លួន​ទទួល​ស្គាល់​ថា​មាន​អំពើ​ពុករលួយ​ក្នុង​រាជរដ្ឋាភិបាល​មែន​ក៏​ដោយ។ មិន​ទទួលយក​ដោយហេតុ​ថា ម្យ៉ាង​ការវាយតម្លៃ​នោះ​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុក​ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មាន​ចរិត​នយោបាយ និង​ម្យ៉ាង​ទៀត បើទោះ​ជា​មាន​អំពើ​ពុករលួយ​មែន​ក៏​គេ​មិនអាច​ប្រមូលប្រាក់​ទាំងនោះ​បាន​មក​វិញ​ដោយ​ស្រួល ​ដូច​ការ​អង្គុយ​គិត​របស់​បក្សប្រឆាំង​ដែរ​ ពីព្រោះ​អំពើ​ពុករលួយ​គឺ​ជា​ការ​ឃុបឃិត​គ្នា​យ៉ាង​សម្ងាត់​បំផុត​ដែល​ពិបាក​នឹង​មើល​ឃើញ។

ជាការ​ពិតណាស់ គណបក្សកាន់អំណាច​ក៏​មិនបាន​មើលរំលង​បញ្ហា​ប្រាក់ខែ​មន្ត្រីរាជការ​ដែរ។ ការដំឡើង​ប្រាក់ខែ​ជា​រៀងរាល់​ឆ្នាំ​ដល់​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ គឺ​ជា​ភស្តុតាង​បញ្ជាក់ថា បក្ស​កាន់អំណាច​ក៏មាន​គោល​នយោបាយ​គិតគូរ​រឿង​ប្រាក់ខែ​នេះ​ដែរ។ ប៉ុន្តែ ការដំឡើង​ដ៏​តិចតួច​មិនអាច​ដោះស្រាយ​បញ្ហា​បាន​ទេ។ គណបក្ស​បក្សប្រឆាំង​ធ្លាប់​បាន​ត្រូវ​រិះគន់​លើ​បញ្ហា​ប្រាក់ខែ​ជា​យូរ​មកហើយ តែ​ការរិះគន់​នេះ​ហាក់​គ្មាន​ប្រសិទ្ធភាព​ទេ ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​តែ​ឈ្នះឆ្នោត​ច្រើន​ឡើង​ជា​លំដាប់។

យ៉ាងណា​ក៏ដោយ ពេលនេះ បញ្ហា​ប្រាក់ខែ​មិន​ត្រឹមតែ​ជា​ប្រធានបទ​នៃ​ការ​រិះគន់​ធម្មតា​ដូច​ពីមុន​ទៀត​ទេ ប៉ុន្តែ​វា​បាន​ក្លាយជា​គោលនយោបាយ​អាទិភាព​របស់​គណបក្ស​ប្រឆាំង ​ដែល​បាន​ប្រកាស​ចេញ​ជា​ឧឡារឹក​ដាក់ជូន​អ្នក​បោះឆ្នោត​តែ​ម្តង។

ដូច្នេះ អំណឹះតទៅ សង្គ្រាម​ពាក្យ​សម្តី​រវាង​បក្សប្រឆាំង និង​បក្សកាន់អំណាច ​ប្រាកដ​ជា​ផ្ទុះឡើង​កាន់តែ​ខ្លាំង​ជុំវិញ​បញ្ហា​ប្រាក់ខែ​នេះ ជា​ពិសេស​នៅ​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ដែល​ចូល​មក​ដល់​នាពេល​ខាង​មុខ។

ដោយហេតុ​ថា បញ្ហា​ប្រាក់ខែ​ជា​រឿង​ដ៏​រសើប​មួយ​សម្រាប់​ប្រទេស​កម្ពុជា ​ពីព្រោះ​តែ​ប្រាក់ខែ​ដ៏​ស្តួចស្តើង​របស់​មន្ត្រីរាជកា​រ និង​កម្មករ គឺជា​សម្ពាធ​ដ៏​ធ្ងន់​មួយ​ដែល​គ្រប​សង្កត់​ទៅលើ​ជីវភាព​របស់​ពួកគេ​ ដូច្នេះ​ទោះ​តិច​ឬ​ច្រើន គោលនយោបាយ​ប្រាក់ខែ​ច្បាស់​ជា​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​បោះឆ្នោត​ជា​មិន​ខាន។

ម្យ៉ាងទៀត ការប្រកួត​គ្នា​តាមរយៈ​ការ​ដាក់ចេញ​គោល​នយោបាយ​ជាក់លាក់​ឲ្យ​អ្នក​បោះឆ្នោត​ជ្រើសរើស ​គឺជា​ការវិវឌ្ឍន៍​​ប្រកបដោយ​វិជ្ជមាន​មួយ ​នៅក្នុង​ឆាកនយោបាយ​កម្ពុជា។ វិជ្ជមាន​នៅ​ត្រង់​ថា វា​អាចធ្វើ​ឲ្យ​គណបក្ស​នីមួយៗ ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​ភាព​អសកម្ម​នានា ​ដើម្បី​ដណ្តើម​ប្រជាប្រិយភាព។ គោល​នយោបាយ​ប្រាក់ខែ​ គឺជា​វិញ្ញាសា​សាកល្បង​ដ៏​សំខាន់​មួយ​សម្រាប់​ការ​បោះឆ្នោត នា​​ខែកក្កដា​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ