ព្យុងយ៉ាង និងសេអ៊ូល ផ្តើមចរចាយោធានៅសប្តាហ៍ក្រោយ
កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានយល់ព្រមគ្នា នៅថ្ងៃនេះ ថានឹងចាប់បើកការចរចាយោធាឡើងវិញ នៅថ្ងៃទី៨កុម្ភៈ ២០១១ ខាងមុខនេះ បន្ទាប់ពីបានជួបនឹងភាពតានតឹងអស់រយៈពេលជាច្រើនខែមក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សេចក្តីរាយការណ៍របស់ អៀង សុខម៉ិញ
នៅទីបំផុត កូរ៉េទាំងពីរ បានសម្រេចយកថ្ងៃទី៨ កុម្ភៈ២០១១ មកអារកាត់សេចក្តីរវាងថ្ងៃទី១១កុម្ភៈ ដែលជាសំណើរបស់កូរ៉េខាងត្បូង និងថ្ងៃទី១ កុម្ភៈ ស្នើឡើងដោយកូរ៉េខាងជើង ដើម្បី បើកការចរចាឡើងវិញ។
កម្មវត្ថុនៃជំនួបយោធា ជាលើកទីមួយ គិតតាំងពីថ្ងៃទី ២៣វិច្ឆិកាមកនេះ គឺដើម្បីរៀបចំ កំណត់កាលបរិច្ឆេទ របៀបវារៈ និងទីកន្លែង សម្រាប់ឲ្យមន្ត្រីជាន់ខ្ពស់យោធាជួបពិភាក្សាគ្នា។ ជំនួបជាន់ខ្ពស់ដែល អាចជាជំនួបថ្នាក់រដ្ឋមន្ត្រីការពារប្រទេសផង ប្រសិនបើក្រុងព្យុងយ៉ាងទទួលស្គាល់ឧប្បត្តិហេតុទាំងពីរលើកក្នុងឆ្នាំ២០១០ ហើយសន្យាថានឹងឈប់ប្រព្រឹត្តអំពើបង្កហេតុបែបនេះទៀត។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១០កន្លងទៅនេះ ភាពតានតឹងរវាងកូរ៉េទាំងពីរបានឡើងដល់កំរិតកំពូល ដោយហេតុតែកូរ៉េខាងជើងបានបាញ់ពន្លិចនាវាចម្បាំងកូរ៉េខាងត្បូង បង្កឲ្យមាននាវិកស្លាប់៤៦នាក់ នេះបើតាមការស៊ើបអង្កេតអន្តរជាតិ និងបន្ទាប់មកគឺនៅថ្ងៃទី ២៣ខែវិច្ឆិកា២០១០ ព្យុងយ៉ាងបានផ្លោងគ្រាប់លើកោះរបស់កូរ៉េខាងត្បូង ផ្តាច់ជីវិតជនស៊ីវិលពីរនាក់ និងទាហានពីរនាក់។
លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យ៉ុងបាក់ បានគូសបញ្ជាក់ថា ប្រសិនបើការចរចាថ្នាក់យោធាបានជោគជ័យ “លោកនឹងមិនឆ្លើយបដិសេធ” ចំពោះការចរចាជាថ្មី ស្តីពីសំណុំរឿងរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង និងការរៀបចំជំនួបកំពូលអន្តរកូរ៉េឡើយ។ កូរ៉េខាងត្បូងនឹងយល់ព្រមបើកជំនួបកំពូលកូរ៉េទាំងពីរ ប្រសិនបើចាំបាច់ ដូច្នេះពេលនេះជាឱកាសល្អដែលក្រុងព្យុងយ៉ាងគួរតែឆក់យកឲ្យបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ