អានតួអត្ថបទ
កម្ពុជា

គ.ជ.ប​អំពាវនាវ​អោយ​អ្នកមាន​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ​អំពី​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅកាត់ថា គ.ជ.ប បាន​អំពាវនាវ​ជា​សាធារណៈ​អោយ​ពលរដ្ឋ​អ្នកមាន​គណនី​បណ្តាញ​សង្គម​នានា​នៅតាម​ប្រព័ន្ធ​អ៊ីថឺនែត ជួយ​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ត្រឹមត្រូវ​ស្តី​អំពី​ការបោះឆ្នោត​ខាង​មុខ។ អគ្គលេខាធិការ​​របស់គ.ជ.ប បាន​ពន្យល់​ថា គ.ជ.ប​បានមើល​ឃើញ​សារៈសំខាន់​របស់​បណ្តាញ​សង្គម​តាម​ប្រព័ន្ធ​អ៊ីថឺនែត​នេះ ទើប​ក្រើនរម្លឹក​អ្នកលេង​បណ្តាញ​សង្គម មិន​អោយ​ផ្សព្វផ្សាយ​ព័ត៌មានដែល​ធ្វើ​អោយ​មាន​ការភាន់​ច្រឡំ​ផ្សេងៗ។

លោកអ៊ឹម សួស្តី​(ស្តាំ)ប្រធាន​គជប​នៅកម្ពុជា
លោកអ៊ឹម សួស្តី​(ស្តាំ)ប្រធាន​គជប​នៅកម្ពុជា ©Siv channa
ផ្សាយពាណិជ្ជកម្ម

ជា​លើកដំបូង​ហើយ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​គេហៅ​ជា​ទូទៅ​ថា​ គ.ជ.ប​នោះ ប្រកាស​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ អោយ​​ជួយផ្សព្វផ្សាយ​​ព័ត៌មាន​ត្រឹម​ត្រូវ​អំពី​ការបោះឆ្នោត។ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក​ទេព នីថា​ដែល​ទទួលស្គាល់​ឥទ្ធិពល​នៃ​បណ្តាញ​សង្គម បានថ្លែង​ប្រាប់​វិទ្យុបារាំងអន្តរជាតិ នៅ​រសៀល​ថ្ងៃ​ទី​២៣​ឧសភា​នេះ​ថា គ.ជ.ប​មិន​បាន​ទទួល​ព័ត៌មាន​អវិជ្ជមាន​អ្វី​ដែល​កើត​ចេញ​ពី​ការ​ផ្សព្វផ្សាយ​​ក្នុងបណ្តាញ​សង្គម​នោះ​ទេ។ ប៉ុន្តែ គ.ជ.ប​ចង់បាន​ការចូលរួម​​ចំណែក​ពី​ក្រុម​អ្នកមាន​បណ្តាញ​សង្គម​​ទាំងនោះ ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ​​ទាក់ទងនឹង កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជាដើម។

នៅក្នុង​សេចក្តី​អំពាវនាវ​ជា​លាយលក្ខណ៍​អក្សរ​ដែល​គ.ជ.ប​បាន​ចែក​ផ្សាយ​ដល់​អ្នកសារព័ត៌មាន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គ.ជ.ប​បាន​សរសេរថា គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត​សូមអំពាវនាវ​ដល់​អ្នកប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​សង្គមដូចជា Facebook Twitter Google plus Myspace និង blogs ជាដើម អោយ​ពួកគេ​ចៀសវាង ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ធ្វើ​អោយ​មានការភ័យ​ខ្លាច ភាន់​ច្រឡំ និងបាត់ទំនុកចិត្តលើការ​សំងាត់​នៃ​ការបោះឆ្នោត។

ផ្ទុយទៅវិញ គ.ជ.បចង់​អោយ​បណ្តាញ​សង្គម​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​អោយ​ពលរដ្ឋ​អ្នកបោះឆ្នោត​យល់​អោយ​បាន​កាន់តែច្បាស់​អំពី​ដំណើរការ​បោះឆ្នោត និងអោយ​ការបោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សុខសន្តិភាព និង​ប្រកប​ដោយ​ជោគជ័យ។

អត្ថាធិប្បាយ​ទៅលើ​ការ​អំពាវនាវ​របស់​គ.ជ.បចំពោះ​អ្នក​លេង​បណ្តាញ​សង្គមនេះ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក​គល់ បញ្ញា​បាន​ស្វាគម។ ប៉ុន្តែ​លោក​គល់ បញ្ញា​បញ្ជាក់ថា ​វា​មានឥទ្ធិពល​តែ​ក្នុង​រង្វង់​យុវជន​ដែល​មាន​ការអប់រំ​ខ្ពស់​រួច​ហើយ។

និយាយ​អំពី​ការផ្សព្វផ្សាយ​ដល់​អ្នកបោះឆ្នោតនោះ លោក​គល់ បញ្ញា​បាន​ស្នើ​អោយ​គ.ជ.ប ធ្វើការ​អោយ​បាន​ច្រើន​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​ទូរទស្សន៍​ និង​វិទ្យុ​ទៅវិញ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់ៗ​ទាក់ទងនឹង​ការ​បោះឆ្នោត​នោះ។ នាយកប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​នេះ​បាន​រម្លឹកថា យោងតាម​ច្បាប់ គ.ជ.ប​មាន​សិទ្ធិ​ស្នើ​អោយ​បណ្តាញ​ទូរទស្សន៍ និង​វិទ្យុ​របស់រដ្ឋ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ការ​បោះឆ្នោត​ដោយ​មិន​បាច់​បង់ថ្លៃ​ឈ្នួល​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ