សង្គមស៊ីវិលអំពាវនាវឲ្យអាជ្ញាធរ និងក្រុមហ៊ុនដោះស្រាយសំណងមុនអភិវឌ្ឍន៍
អង្គការសង្គមស៊ីវិល បានសម្តែងការព្រួយបារម្ភជាថ្មីទៅលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍ទីក្រុងរណបមួយថ្មីទៀត នៅតំបន់ជ្រោយចង្វា ក្នុងទីក្រុងភ្នំពេញ។ កិច្ចព្រមព្រៀងជួលរយៈពេល ៩៩ ឆ្នាំ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១២កញ្ញាម្សិលមិញ ដើម្បីផ្តល់ដីទំហំ ៣៨៧ ហិកតា នៅជ្រោយចង្វាឲ្យក្រុមហ៊ុនសាជីវកម្មវិនិយោគទុនអាណិកជនកម្ពុជា របស់លោកឧកញ៉ា ពុង ឃាវសែ ប្រធានធនាគារកាណាឌីយ៉ា និងជាម្ចាស់គម្រោងអភិវឌ្ឍន៍កោះពេជ្រ។ ក៏ប៉ុន្តែសកម្មជនសិទ្ធិមនុស្ស បានអំពាវនាវឲ្យអាជ្ញាធរ និងក្រុមហ៊ុន ដោះស្រាយសំណងលើផលប៉ះពាល់សម្រាប់ប្រជាជន មុននឹងធ្វើការអភិវឌ្ឍន៍ ដោយមិនត្រូវចម្លងយកគំរូ គម្រោងអភិវឌ្ឍន៍នៅតំបន់បឹងកក់នោះឡើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៤
លោក កែប ជុតិមា អភិបាលក្រុងភ្នំពេញ និងលោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកធនាគារកាណាឌីយ៉ា និងជាប្រធានក្រុមហ៊ុនសាជីវកម្មវិនិយោគទុនអាណិកជនកម្ពុជា បានចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀង អភិវឌ្ឍន៍សាងសង់ទីក្រុងរណបថ្មី នៅជ្រោយចង្វា កាលពីថ្ងៃ១២កញ្ញា ឆ្នាំ២០១១។ គម្រោងអភិវឌ្ឍន៍ ដែលមានទឹកប្រាក់ ១,៦ ពាន់លានដុល្លារ នឹងត្រូវចាប់ផ្ដើមនៅចុងឆ្នាំនេះ។
តំបន់អភិវឌ្ឍន៍ជ្រោយចង្វា មានទំហំ ៣៨៧ ហិកតា ត្រូវបានរដ្ឋាភិបាល ព្រមព្រៀងជួលរយៈពេល ៩៩ឆ្នាំ ឲ្យក្រុមហ៊ុនឯកជន។ ដីនោះ ស្ថិតក្នុងសង្កាត់បី នៅខណ្ឌឫស្សីកែវ គឺសង្កាត់ជ្រោយចង្វា សង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសេក ជាប់ខាងជើងផ្លូវជាតិលេខ ៦អា។
តាមគម្រោងទីក្រុងរណបថ្មីនៅជ្រោយចង្វា មានពហុកីឡាដ្ឋានជាតិ សួនច្បារ ខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ សាលារៀន និងមន្ទីរពេទ្យ ជាដើម។ គម្រោងនោះ នឹងត្រូវចំណាយពេលសាងសង់ រយៈពេលពី ១០ ទៅ ១៥ឆ្នាំ។
ម្ចាស់ក្រុមហ៊ុន និងអាជ្ញាធរ បញ្ជាក់ថា ទីក្រុងរណបជ្រោយចង្វា នឹងបង្កើនទំនុកចិត្ត សម្រាប់ការវិនិយោគបន្ថែមទៀត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិ មានកំណើន និងបង្កើតការងារកាន់តែច្រើនដល់ប្រជាជនកម្ពុជា។
ក៏ប៉ុន្តែ លោក អំសំអាត សកម្មជនសិទ្ធិមនុស្សអង្គលីកាដូ បានអំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាលនិងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ជ្រោយចង្វា ត្រូវមើលគំរូលើបញ្ហាជាច្រើនកើតចេញពីកិច្ចព្រមព្រៀងអភិវឌ្ឍន៍ នាពេលកន្លងមក ដែលតែងតែប៉ះពាល់ដល់ប្រជាជន ជាពិសេសនៅតំបន់ដីក្រហម តំបន់សំបុកចាប និងចុងក្រោយនៅតំបន់បឹងកក់។
តាមសកម្មជនសិទ្ធិមនុស្ស អាជ្ញាធរ និងក្រុមហ៊ុនអភិវឌ្ឍន៍ ត្រូវមានការដោះស្រាយសំណងលើដីធ្លី សម្រាប់ប្រជាពលរដ្ឋប៉ះពាល់ មុននឹងចាប់ផ្តើមគម្រោងអភិវឌ្ឍន៍។
នៅភ្នំពេញសព្វថ្ងៃ មានទីក្រុងរណប ៤ ធំៗ ដែលកំពុងសាងសង់ រួមមាន៖ កាំកូស៊ីធី ហ្គ្រេនភ្នំពេញ កោះពេជ្រ និងគម្រោងអភិវឌ្ឍន៍បឹងកក់។
ក្រុមហ៊ុនរបស់លោក ពុង ឃាវសែ ដែលទទួលបានដីអភិវឌ្ឍន៍នៅជ្រោយចង្វាពេលនេះ ក៏កំពុងដំណើរការលើគម្រោងអភិវឌ្ឍន៍កោះពេជ្រផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ