អានតួអត្ថបទ
ថៃ

សភាថៃ​អាណត្តិថ្មី​សម្បូរ​ដោយ​ក្រុមគាំទ្រ​លោក​ថាក់ស៊ីន

សភា​ថៃ​ថ្មី​​បាន​បើក ជាផ្លូវការនៅថ្ងៃ​ចន្ទ​ទី​១ សីហា ២០១១ នៅទីក្រុង​បាងកក។ ព្រះរាជបុត្រ​ទាយាទ Maha Vajiralongkorn​មាន​វត្តមាន​ជា​​ព្រះប្រធាន​កិត្តិយស​ ពិធី​ប្រកាស​ចូល​កាន់​អាសនៈ​របស់​សមាជិក​សភា​ថៃ​ថ្មីទាំង ៥០០​រូប។ សភាថៃ​ថ្មី​ដែល​​នាំមុខ​ដោយ​​​ក្រុម​សម្ព័ន្ធមិត្ត​របស់​លោក​ថាក់ស៊ីន ត្រូវ​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន ក្នុង​សប្តាហ៍នេះ ហើយ​​ការងារ​ចំបង គឺ​​​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្រ្តី​ថៃ​ថ្មី។

អនាគត​​នាយករដ្ឋមន្រ្តី​ថៃ លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត​និង​សមាជិកសភា​ថៃ នៅក្នុងថ្ងៃ​​បើក​សភាថៃ​ថ្មី នៅថ្ងៃ​ចន្ទ​ទី១​សីហា
អនាគត​​នាយករដ្ឋមន្រ្តី​ថៃ លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត​និង​សមាជិកសភា​ថៃ នៅក្នុងថ្ងៃ​​បើក​សភាថៃ​ថ្មី នៅថ្ងៃ​ចន្ទ​ទី១​សីហា ©Reuters
ផ្សាយពាណិជ្ជកម្ម

 

តាម​ច្បាប់​បោះឆ្នោត​​​​ ចាប់តាំង​ពីថ្ងៃ​បើក​សម្ពោធ​ជា​ផ្លូវការ​របស់ខ្លួន សភាថៃ​​មាន​ពេល​យ៉ាង​យូរ ៣០​ថ្ងៃ ដើម្បី​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្រ្តី ដែល​​នឹង​មាន​នាទី រៀបចំ​រដ្ឋាភិបាលថៃ​​ថ្មី។ ដូច្នេះ នៅក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៅមុខនេះ បើគ្មាន​អ្វីកើតឡើង ឬ​ប្រែប្រួលទេ សមាជិក​សភា​ថៃ ដែល​ភាគច្រើន​មក​ពី​គណបក្ស​ភឿថៃ ត្រូវ​បោះឆ្នោត​ជ្រើសរើស​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី។ ក្នុង​វ័យ​៤៤​ឆ្នាំ ប្អូនស្រី​ពៅ​របស់​លោក​ថាក់ស៊ីន នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​ស្រ្តី លើក​ដំបូង​គេ ក្នុង​ប្រវត្តិសាស្រ្ត​នយោបាយ​ថៃ។
 
លោកស្រី​យីងឡាក់ ដែល​​ត្រូវ​​លោកថាក់ស៊ីន​ ជាបងប្រុស​ពិពណ៌នា ថា​ជា​អ្នកតំណាង​នយោបាយ​​របស់ខ្លួន​​ត្រូវ​ចូល​រួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ ៥​ទៀត បើ​ទោះបី​ជា​គណបក្ស​ភឿថៃ​របស់​លោកស្រី​អាច​មាន​សំឡេង​ល្មម​គ្រប់គ្រាន់​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង។ សម្រាប់​អ្នកវិភាគ ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​តូចៗ​ផ្សេង​ទៀត គឺជា​យុទ្ធសាស្រ្ត​របស់​លោក​ថាក់ស៊ីន​ដែលជា ទីប្រឹក្សា​នយោបាយ​របស់​​លោកស្រី​យីងឡាក់។ ធ្វើដូច្នេះ គឺ​ដើម្បី​ពង្រឹង​អំណាច​របស់​រដ្ឋាភិបាល​លោក​ស្រី​យីងឡាក់ ដើម្បី​ជៀសវាង​ការរិះគន់​របស់​ប្រជាជន​ពីរឿងបង្កើត​​អំណាច​ផ្តាច់ការ និង​ជៀសវាង​​រដ្ឋប្រហារ​ដែល​លោក​ថាក់ស៊ីន​ធ្លាប់​រងគ្រោះកន្លងមក។
 
លោកស្រី​យីងឡាក់ អតីតស្រ្តី​អ្នកជំនួញ​បាន​បង្ហាញ​សមត្ថភាព​ប្រមូល​សំឡេង​គាំទ្រ រហូត​បាន​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​បក្ស​ភឿថៃ និង​បាន​ទទួល​សំឡេង​ឈ្នះឆ្នោតភាគច្រើន នៅក្នុង​ការបោះឆ្នោត។ ប៉ុន្តែ ចាប់ពីពេល​ដែល​សភា​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី រាត្រី​ទឹកឃ្មុំ​របស់លោកស្រី​យីងឡាក់​នឹង​ត្រូវ​ចប់។ ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី​ក្នុង​ប្រទេស​មួយ​ដែល​ត្រាំត្រែង​នឹង​វិបត្តិ​នយោបាយ ជាង​៥​ឆ្នាំមកនេះ ​លោកស្រី​ត្រូវ​ប្រឈម​មុខ​ដោះស្រាយ​វិបត្តិ​យូរអង្វែងនេះ និង​បញ្ហា​សេដ្ឋកិច្ច​ដែល​ប្រទេស​ថៃ​កំពុង​ជួបប្រទះ។
 
ដំបូង​បង្អស់​លោកស្រី​យីងឡាក់​ត្រូវ​ធានា​បង្រួបបង្រួម​គ្នា​រវាង​ប្រជាជន​នៅតាម​ជនបទ ជាមួយ​ប្រជាជន​ទីក្រុង ជាពិសេស​គឺ​ក្រុម​បញ្ញាវន្ត​ ទាហាន និង​មន្រ្តីរាជការ​ដែល​ រហូត​មក​មិន​ពេញ​ចិត្ត​នយោបាយ​របស់​លោក​ថាក់ស៊ីន។ បន្ទាប់មក​ទៀត នាយករដ្ឋមន្រ្តី​ថៃ​ត្រូវ​ដំឡើង​ប្រាក់ខែ​ទាបបំផុត ដែល​លោកស្រី​ធ្លាប់​បាន​សន្យា​ក្នុង​ពេល​ឃោសនា​បោះឆ្នោត។ ចំណុច​នេះ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​រតនាគារ​ថៃ​ព្រួយបារម្ភថា នឹង​បង្ក​ឲ្យ​មាន​អតិផរណា​ក្នុង​ប្រទេស។
 
បញ្ហា​ចុងក្រោយ​ ដែល​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​នឹងអាច​​លើកយក​មក​និយាយ​ដែរ​គឺ​ការសុំ​អត់អោន​ទោស​ពី​ព្រះមហាក្សត្រ ដល់​មេដឹកនាំ​ក្រុមអាវក្រហម​ ដែល​មួយ​ចំនួន​ជា​សមាជិក​របស់​គណបក្ស​ភឿថៃ កំពុង​ជាប់គុក​ពី​បទ​រៀបចំ​ភេរវកម្ម។ លោកស្រី​យីងឡាក់​​អាច​នឹងរក​មធ្យោបាយ​​​​សុំ​ការលើកលែង​ពី​ព្រះមហាក្សត្រ​ឲ្យ​បងប្រុស​របស់លោកស្រី​ដែរ។ ប៉ុន្តែអ្នកវិភាគ​ខ្លះមើល​ឃើញថា រឿង​នេះ​មិន​អាច​ធ្វើ​ឡើង ក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះ​កងទ័ព​ដែល​មិន​ចូលចិត្ត​លោកថាក់ស៊ីន អាច​នឹង​រកលេស​ដើម្បី​​ផ្តួល​រំលំ​រដ្ឋាភិបាល​ថ្មី​ ដូចដែល​ខ្លួន​បាន​ធ្វើ​ទៅ​លើ​លោក​ថាក់ស៊ីន​​​​ កាលពីឆ្នាំ ២០០៦៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ