អានតួអត្ថបទ
ចិន-ជប៉ុន

ទិវាថ្មី​នៃ​បាតុកម្ម​ប្រឆាំង​ជប៉ុន​នៅក្នុង​ប្រទេស​ចិន​

បាតុករ​ចិន​រាប់ម៉ឺននាក់​បាន​នាំគ្នា​ជាថ្មី​ម្តងទៀត​ចុះថ្នល់​សម្ដែង​ការប្រឆាំង​ប្រទេស​ជប៉ុន​ ក្រោម​ក្រសែ​ចក្ខុ​របស់​រដ្ឋអំណាច​ចិន​ ​ ដែល​ទាមទារ​ឲ្យ​ប្រទេស​ជប៉ុន​សងមក​ប្រទេស​ចិន​វិញ​នូវ​ទីប្រជុំកោះ​ Diaoyu ​ឬ​ Senkaku ​ជាភាសា​ជប៉ុន។​ នេះគឺ​ពិតជា​ការប្រយុទ្ធ​តទល់គ្នា​រវាង​អ្នកជាតិនិយម​ចិន​និង​អ្នកជាតិនិយម​ជប៉ុន​ ​ ដែល​គេ​ពុំអាច​ដឹងថា​ ​ តើ​លទ្ធផល​នឹង​ចេញ​ទៅជា​យ៉ាងណា​?

រដ្ឋ​មន្ត្រី​​ក្រសួង​​ការពារជាតិ​​ចិន​​លោក​​ឧត្តមសេនីយ៍​​ Liang Guanglie និង​ ​​​រដ្ឋមន្ត្រី​​ក្រសួង​​ការពារជាតិ​​អាមេរិក​ ​លោក​ Leon Panetta ​​នៅថ្ងៃអង្គារ​​ទី១៨​​កញ្ញា​​ឆ្នាំ២០១២​​
រដ្ឋ​មន្ត្រី​​ក្រសួង​​ការពារជាតិ​​ចិន​​លោក​​ឧត្តមសេនីយ៍​​ Liang Guanglie និង​ ​​​រដ្ឋមន្ត្រី​​ក្រសួង​​ការពារជាតិ​​អាមេរិក​ ​លោក​ Leon Panetta ​​នៅថ្ងៃអង្គារ​​ទី១៨​​កញ្ញា​​ឆ្នាំ២០១២​​ Reuters/Larry Downing
ផ្សាយពាណិជ្ជកម្ម

ការជ្រើស​យកថ្ងៃ​ទី១៨​កញ្ញា​ដើម្បី​ធ្វើ​បាតុកម្ម​ជាថ្មី​ប្រឆាំង​ប្រទេស​ជប៉ុន​ ​ ដែល​អនុញ្ញាត​ដោយ​អាជ្ញាធរ​ចិន​គឺ​ពិតជា​គេចង់​រំលឹក​ដល់​ថ្ងៃខួប​ទី១៨​កញ្ញា​ឆ្នាំ១៩៣១​ ​ ដែល​ប្រទេស​ជប៉ុន​កាលណោះ​​បាន​យកលេស​ឧប្បត្តិហេតុ​នៅ​ Moukden ​ដើម្បី​ធ្វើការ​វាយលុក​ឈ្លានពាន​យក​តំបន់​ Mandchourie ​របស់​ប្រទេសចិន។

 
នៅខេត្ត​ទាំងបី​នៃ​អតីត​តំបន់​ Mandchourie ​ដែល​ក្នុងនោះ​មាន​ខេត្ត​Heilongjiang Jilin និង​ Liaoning ​ឋិត​នៅ​ប៉ែក​ឦសាន​នៃ​ប្រទេសចិន​ បាន​បន្លឺ​សំឡេង​ស៊ីរ៉ែន​នៅ​ម៉ោង៩​និង​១៨នាទី​ត្រូវជា​ម៉ោង​៣និង​១៨នាទី​ម៉ោងសកល​ ​ ហើយ​ក៏មាន​ផងទៀត​ពិធី​បុណ្យខួប​រំលឹក​ជាលើក​ទីមួយ​នៅ​ Shenyang ​ក្នុងខេត្ត​ Liaoning ​ ​ អតីត​ Moukden ​។​ នេះ​ជាការ​ផ្សាយ​ឲ្យដឹង​ដោយ​ទូរទស្សន៍ចិន។

នៅក្នុង​ប្រទេសចិន​ ក្រុមហ៊ុន​ជប៉ុន​រាប់រយ​ ហើយនិង​ភោជនីយដ្ឋាន​ជប៉ុន​បាន​បិទទ្វារ​ ​ ដោយខ្លាច​មាន​ការ​ប៉ះទង្គិច​ជាមួយ​បាតុករ​ចិន​ខឹង​ក្រេវក្រោធ។
នៅឯ​ទីក្រុង​ប៉េកាំងវិញ​ នៅថ្ងៃអង្គារ​នេះ​ បាតុករ​រាប់ពាន់នាក់​បាន​នាំគ្នា​ឡោមព័ទ្ធ​ស្ថានទូត​ជប៉ុន​ ​ ដែល​ការពារ​ដោយ​នគរបាល​៦ជួរ​ ​ ហើយនិង​របាំង​ដែក​កម្ពស់​ពីរម៉ែត្រ។

សំបក​ដបទឹក​ជ័រ​និង​ពងមាន់​ស្អុយ​បាន​ត្រូវ​បាតុករ​យកទៅ​គប់​លើ​ស្ថានទូត។​ ការប៉ះ​ទង្គិច​បន្តិច​បន្តួច​ក៏​បាន​កើតមាន​រវាង​បាតុករ​និង​កងកម្លាំង​រក្សា​សន្តិសុខ​ ​ ក្រោម​​ការ​ឃ្លាំមើល​នៃ​​ឧទ្ធម្ភាគចក្រ។

“ជប៉ុន​ត្រូវ​ចាកចេញ​ពី​កោះ​ Diaoyu!!!”​ ឬ​ “នាំគ្នា​ធ្វើ​ពហិការ​កុំ​ទិញ​ផលិតផល​ជប៉ុន!!!”​ ​ នេះ​ជាពាក្យស្លោក​ដែល​គេឃើញ​មាន​សរសេរ​លើ​ផ្ទាំងបដា​ប្រឆាំង​ជប៉ុន។​ ហើយក៏មាន​បាតុករ​ជាច្រើន​បាន​​នាំគ្នា​យក​រូបថត​លោក​ ម៉ៅ​ សេទុង​ មកលើក​ដង្ហែ។​ លោក​ ម៉ៅ​ សេទុង​ ដែលជា​ស្ថាបនិក​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ស្លាប់​នៅ​ឆ្នាំ១៩៧៦។

គួររំលឹកថា​ ​ សេចក្តី​សម្រេចចិត្ត​ធ្វើ​ជាតូបនីយកម្ម​ទីប្រជុំកោះ​ Diaoyu ​ឬ​ Senkaku ​ដោយ​​រដ្ឋាភិបាល​ជប៉ុន​កាលពី​សប្តាហ៍​មុន ​ ​បាន​បង្ក​ឲ្យ​ផ្ទុះ​ចេញជា​​បាតុកម្ម​ប្រឆាំង​ជប៉ុន​ដ៏​ហិង្សា​នៅ​ក្នុង​ប្រទេសចិន។
ជាច្រើន​សប្តាហ៍​មកហើយ​ ​ ដែល​ប្រទេស​ចិន​និង​ប្រទេស​ជប៉ុន​បាន​សម្ដែង​បង្ហាញ​អានុភាព​ដាក់គ្នា​ ​ ក្នុងការ​ទាមទារ​យក​ ទីប្រជុំកោះ​ Diaoyu ​ឬ​ Senkaku ​ ​ ដែលឋិត​នៅ​ចម្ងាយ​ប្រមាណ​២០០គ.ម.​ពី​កោះ​តៃវ៉ាន់​ ​ ហើយនិង​៤០០គ.ម.​ពី​កោះ​អូគីណាវ៉ា​(ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ជប៉ុន)។

ទីក្រុង​ប៉េកាំង​ឯណេះ​ បាន​បញ្ជូន​នាវា​យាមល្បាត​ជាច្រើនគ្រឿង​ទៅ​ ទីប្រជុំកោះ​ Diaoyu ​ឬ​ Senkaku ​ដើម្បី​បង្ហាញ​វត្តមាន​របស់ខ្លួន។​ ហើយរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ចិន​លោក​ឧត្តមសេនីយ៍​ Liang Guanglie ​បាន​ប្រកាស​ឲ្យដឹង​នៅ​ថ្ងៃអង្គារ​នេះថា​ ​ “ប្រទេសចិន​រក្សា​សិទ្ធិ​សម្រាប់​ចាត់​វិធានការ​ថ្មី​បន្ថែមទៀត”។​ ទាំងនេះ​ក្រោយពី​មាន​ជំនួប​ចរចា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោក​ Leon Panetta។

សូមបញ្ជាក់ថា​ ​ នៅ​រសៀល​នៃ​ថ្ងៃអង្គារ​នេះ​ ​ នាវា​នៃ​រដ្ឋាភិបាល​ចិន​ចំនួន​១១គ្រឿង​បាន​ទៅដល់​ ទីប្រជុំកោះ​ Diaoyu ​ឬ​ Senkaku ​ដែលឋិត​នៅក្រោម​ការត្រួតត្រា​របស់​ជប៉ុន​ ​ ហើយដែល​ទាមទារ​ដោយ​ទីក្រុង​ប៉េកាំង។​ នេះជា​ការប្រកាស​ឲ្យដឹង​ដោយ​កងកម្លាំង​យាមល្បាត​ជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ