អានតួអត្ថបទ
កម្ពុជា-អាស៊ាន

សេចក្តី​ថ្លែងការណ៍​អាស៊ាន​ក្លាយ​ជា​ចំណាប់​ខ្មាំង​នៃ​ជម្លោះ​សមុទ្រ​ចិន

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​បិទ​បញ្ចប់​ដោយ​គ្មាន​សេចក្តីថ្លែងការណ៍​រួម​ឡើយ។ ហើយ​ថា នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ក្នុង​ប្រវត្តិ​នៃ​កិច្ច​ប្រជុំ​អាស៊ាន​៤៥​ឆ្នាំ​ដែល​គ្មាន​សេចក្តី​ថ្លែងការណ៍​រួម​ត្រូវ​ផ្សព្វផ្សាយ​ក្រោយ​កិច្ចប្រជុំ​នោះ។ ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​រវាង​ហ្វីលីពីន វៀតណាម និង​ចិន គឺ​ជា​ដើម​ហេតុ​ដែល​មិន​អាច​អោយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចេញ​សេចក្តី​ថ្លែងការណ៍​បាន។

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ធ្វើ​សន្និសីទ​កាសែត ថ្ងៃទី១៣​កក្កដា ២០១២
លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ធ្វើ​សន្និសីទ​កាសែត ថ្ងៃទី១៣​កក្កដា ២០១២ ©rfi-ដឺលុច
ផ្សាយពាណិជ្ជកម្ម

 

ទី​បំផុត​ទៅ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មិន​អាច​រក​បាន​កុងសង់ស៊ុស​ដើម្បី​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​តាំង​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​មក​នោះ​ទេ។
បញ្ហា​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​តែ​មួយ​ចំណុច ដែល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​រក​មិន​បាន​ការ​ព្រមព្រៀង​គ្នា​ថា ត្រូវ​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម ឬ​មិន​ដាក់​បញ្ចូល​នោះ វា​បាន​ធ្វើ​អោយ​ចំណុច​ព្រមព្រៀងគ្នា​ជាង​១៣០​ចំនុច​ផ្សេងទៀត​ត្រូវ​ស្ទះ​មិន​អាច​ចេញ​ផ្សាយ​បាន​ដែរ នេះ​បើ​គេ​ស្តាប់​ការ​ពន្យល់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​សុក្រ​នេះ។

បើតាម​ប្រភព​ព័ត៌មាន​នានា​នៅ​ក្នុង​សម័យ​ប្រជុំ​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ហ្វីលីពីន​ទំនង​ជា​បាន​ទទូច​អោយ​អាស៊ាន​សរសេរ​ចូល​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ អំពី​ជម្លោះ​ដែន​កោះ​ស្កាបូរ៉ាហ្វ រវាង​ហ្វីលីពីន និង​ចិន​ដែល​បាន​ឡើង​កម្តៅ​ខ្លាំង​តាំងពី​ខែ​មេសា​កន្លង​មក។ រីឯ​វៀតណាម​ក៏​ចង់​បាន​ដូច​គ្នា​ដែរ។

ភាគី​ទាំងពីរ​នឹង​យល់​ព្រម លើ​ការ​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​រួម ប្រសិនបើ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​មាន​និយាយ​អំពី​ជម្លោះ​របស់​ពួកគេ។

នៅ​ក្នុង​សន្និសីទ​កាសែត ប្រមុខ​ការទូត​កម្ពុជា​បាន​បង្ហាញ​ទឹកមុខ​មិន​សប្បាយ​ចិត្ត និង​ប្រើប្រាស់​ពាក្យពេចន៍​ធ្ងន់ៗ​ផង ទៅ​លើ​ប្រទេស​សមាជិក​អាស៊ាន​ខ្លះ ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ ហើយ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន​នោះ។

លោក ហោ ណាំហុង​ និយាយ​ថា លោក​សោកស្តាយ ការ​ដែល​អាស៊ាន​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​បាន ហើយ​ដែល​ប្រទេស​ខ្លះ​របស់​អាស៊ាន​នោះ បាន​សម្រេចចិត្ត​យក​អាស៊ាន​ធ្វើ​ជា​ចំណាប់​ខ្មាំង​នៃ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​លោក ហោ ណាំហុង​ វាយ​តម្លៃ​ថា គឺ​ជា​ជម្លោះ​ទ្វេភាគី​សុទ្ធសាធ។ ជា​ជម្លោះ​ដែល​មិន​ពាក់ព័ន្ធ​នឹង​កម្ពុជា ហើយ​ដែល​គេ​មិន​ត្រូវ​យក​អាស៊ាន​ធ្វើ​ជា​តុលាការ​កាត់ក្តី​ថា ដែនដី​នេះ ឬ​ដែនដី​នោះ ជា​របស់​អ្នកណា​នោះឡើយ។

សម្រាប់លោក​ ហោ ណាំហុង ប្រសិនបើ​ភាគី​ជម្លោះ​ចង់​ដោះស្រាយ​ដោយ​សន្តិវិធី​មែន​នោះ សេចក្តី​ប្រកាស​នៃ​ភាគី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង DOC នោះ​ក៏​ជា​យន្តការ​នៃ​ការ​ដោះស្រាយ​ដែរ។ DOCនោះ​មាន​ចែង​ទាំង​ក្នុង​ទិដ្ឋភាព​ច្បាប់ ទិដ្ឋភាព​នយោបាយ។

ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ សម្រាប់​លោក​ ហោ ណាំហុង ការ​មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ពេល​នេះ វា​មិន​មែន​ជា​បរាជ័យ​របស់​អាស៊ាន តែ​ផ្ទុយទៅវិញ អាស៊ាន​នឹង​បន្ត​សម្របសម្រួល​បញ្ហា​ជម្លោះ​នេះ​បន្តទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ