អានតួអត្ថបទ
កម្ពុជា

វត្ត​​នៅ​​ភ្នំពេញ​​ស្ងប់ស្ងាត់​​ពេល​​មាន​​បុណ្យ​​សាសនា​​ធំៗ​

ពេល​មាន​ពិធីបុណ្យ​សាសនាធំៗ តួយ៉ាង​ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ ឬ ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នៅ​ទីក្រុង​ភ្នំពេញ តែងតែ​មាន​ភាព​ស្ងប់ស្ងាត់​ជានិច្ច។ ជាក់ស្តែង​នៅ​ថ្ងៃ​សុក្រ ដែលជា​ថ្ងៃ​ភ្ជុំ​ធំ​នេះ ស្ទើរ​តែ​គ្រប់​ហាង​ទំនិញ ទីផ្សារ និង​ក្រុមហ៊ុន​នានា គឺ​សុទ្ធតែ​បិទទ្វារ ឈប់សម្រាក។ ដោយឡែក នៅ​តាម​វត្ត​អារាម​វិញ ក៏​មិន​សូវ​មាន​ភាព​អ៊ូរ​អរ ដូច​វត្ត​នៅ​ក្រៅ​ក្រុង​ដែរ។

ព្រះសង្ឃខ្មែរ​នៅវត្តក្នុងទីក្រុង​ភ្នំពេញ។
ព្រះសង្ឃខ្មែរ​នៅវត្តក្នុងទីក្រុង​ភ្នំពេញ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

វា​ស្ទើរតែ​ជា​រៀង​រាល់​ឆ្នាំ​ទៅ​ហើយ ដែល​រាជធានី​ភ្នំពេញ តែង​តែ​មាន​ភាព​ស្ងប់ស្ងាត់ ពេល​មាន​បុណ្យ​ទាន​ធំ​ៗ​ម្តងៗ។ ភាពស្ងប់ស្ងាត់​ទាំង​នេះ ក៏​ព្រោះ​តែ ប្រជាជន​ភាគ​ច្រើន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ពួកគេ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ។ ការ​ពិតទៅ ប្រជាជន​ដែល​រស់​នៅ ក្នុង​ទីក្រុង​ភ្នំពេញ ភាគ​ច្រើន​គឺ​សុទ្ធ​តែ​ជា​អ្នក​ចំណាក​ស្រុក។ ដូច្នេះ នៅ​ពេល​រដូវ​បុណ្យ​ទាន ពួកគេ​ត្រូវ​តែ​ទៅ​ជួបជុំ​គ្រួសារ​នៅ​ស្រុក​កំណើត។

ដោយឡែក នៅ​តាម​ទីវ​ត្ត​អារាម​ក្នុង​ទីក្រុង​វិញ គឺ​មាន​ភាព​ស្ងប់​ស្ងាត់ ខុស​ពី​វត្ត​អារាម នៅ​តាម​ទី​ជនបទ។ ទាំង​នេះ គឺ​មកពី​ប្រជាជន​ខ្មែរ​ភាគ​ច្រើន គិត​ថា​វត្ត​នៅ​តាម​ស្រុកស្រែ តែងតែ​ខ្វះខាត​ជាង​វត្ត​នៅ​ទី​ក្រុង។

ព្រះសង្ឃ ឆាត សុឆេទ ដែល​គង់នៅ​វត្ត​បទុម មាន​សង្ឃដីកា​ថា តាំង​ពីថ្ងៃ​កាន់​បិណ្ឌ​ទី១មក​ម្ល៉េះ វត្ត​នៅ​ទីក្រុង មិន​សូវ​មាន​ភាព​អ៊ូរ​អរ ដូច​នៅ​វត្ត​ស្រុកស្រែ​ទេ។ ប៉ុន្តែ​ព្រះសង្ឃ ក៏​មិន​ខ្វះ​ឆាន់​ដែរ ព្រោះ​ក៏​មាន​ពុទ្ធបរិស័ទ​ខ្លះ​មក​ប្រគេន​ចង្ហាន់​មិន​ដាច់​ឡើយ។

ចំណែក ព្រះសង្ឃ សុវណ្ណ សំបូរ គង់​នៅ​វត្ត​ជល្លុងម្លូរ ក្នុង​សង្កាត់​ចោមចៅ មាន​សង្ឃដីកា​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ មាន​ប្រជាជន​មក​វត្ត​ច្រើន ប៉ុន្តែ ​ពួកគេ​គ្រាន់តែ​យក​ចង្ហាន់​មក​ប្រគេន តែ​មិនបាន​នៅ​យូរ​ទេ។

ក្រឡេក​ទៅ​ខេត្តសៀមរាប​វិញ វត្ត​អារាម​ក្នុង​ក្រុង​ក៏​មិនសូវ​អ៊ូរ​អរ ដូច​វត្ត​នៅ​ជាយក្រុង​ដែរ។ ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប អ្នកស្រី ចាន់ ម៉ារី ឲ្យ​ដឹង​ថា អ្នកស្រី​តែងតែ​ទៅ​វត្ត​ឆ្ងាយ​ពី​ផ្ទះ​ជានិច្ច ក្នុង​ថ្ងៃ​ភ្ជុំ​ធំ ដើម្បី​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ផង ហើយ​ក៏​ជា​ឱកាស​អាច​ដើរ​លេង​កម្សាន្ត​ជួបជុំ​គ្រួសារ នៅ​តាម​ទី​រមណីយដ្ឋាន​ជិតៗ​វត្ត​នោះ​ផងដែរ។

គួរ​បញ្ជាក់ថា ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ មិនមែន​ជា​ថ្ងៃ​ដែល​ពុទ្ធសាសនិក គ្រាន់​តែ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​ទី​វត្ត​អារាម ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នក​ចែក​ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថ្ងៃ​នេះ ក៏​ជា​ថ្ងៃ​ដែល​គេ​កំណត់​ជួបជុំ​គ្រួសារ ដើរ​លេង​កម្សាន្តផងដែរ។ ពិធី​បុណ្យ​ធំៗ​ក៏​ជា​ថ្ងៃ​សោកសៅ​សម្រាប់​គ្រួសារ​ខ្មែរ​មួយ​ចំនួន​ដែរ​ ដោយសារ​គ្រោះថ្នាក់​ចរចា​រណ៍។

រហូត​មក​ទល់​ថ្ងៃ​នេះ នៅ​មិន​ទាន់​មាន​តួលេខ​បង្ហាញ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ជាក់លាក់​នៅ​ឡើយ​ទេ ប៉ុន្តែ មាន​សេចក្តី​រាយការណ៍​ជា​បន្តបន្ទាប់ ​អំពី​ការ​កកស្ទះ​ចរាចរណ៍ អំពី​មនុស្ស​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ