អានតួអត្ថបទ
ហ្វីលីពីន-ចិន

ហ្វីលីពីន​ចោទ​ចិន​ថា​សាងសង់​ប្លុក​បេតុង​នៅលើ​កោះផ្កាថ្ម​ដែល​ជាប់​ជម្លោះ​

នៅថ្ងៃ​អង្គារ​ដើមសប្តាហ៍​នេះ​ ប្រទេស​ហ្វីលីពីន​បាន​ចោទប្រទេស​ចិន​​​ថា បាន​ធ្វើការ​សាងសង់​ប្រព័ន្ធ​បេតុង​មួយ នៅ​លើ​កោះផ្កាថ្ម ​Scarborough ដែល​ជា​​កោះ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ ស្ថិត​នៅ​សមុទ្រ​ចិន​​ខាងត្បូង។ ​ក្រសួងការពារ​ជាតិ​ហ្វីលីពីន​បាន​បង្ហាញ​ទៅ​អ្នកសារព័ត៌មាន​ នូវ​រូបថត​ជាច្រើន​ដែលថត​បាន​តាម​យន្តហោះ បង្ហាញ​ពី​វត្តមាន​ប្លុកបេតុង​ប្រមាណ​ជាង​៣០ សាង​សង់​លើ​កោះផ្កាថ្ម​នោះ។

អ្នកនេសាទ​នៅ​កោះ​ផ្កាថ្ម scarborough
អ្នកនេសាទ​នៅ​កោះ​ផ្កាថ្ម scarborough AFP
ផ្សាយពាណិជ្ជកម្ម

ជាភស្តុតាង​នៃការចោទប្រកាន់​ទៅលើ​ការ​ឈ្លានពាន​របស់​ចិន​ លោក ភីតថឺ ហ្កាល់វេហ្ស អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន បាន​បង្ហាញ​ទៅកាន់​អ្នកសារព័ត៌មាន​ នូវ​រូបថត​ជាច្រើន​បង្ហាញ​ពី​វត្តមាន​​ប្លុកបេតុង​ចំនួន​ជាង​៣០ ដែល​បាន​សាងសង់​នៅលើ​កោះផ្កាថ្ម Scarborough ស្ថិត​នៅ​សមុទ្រ​ចិន​​ខាងត្បូង។ គួរ​រំលឹក​ថា កោះផ្កាថ្ម​ Scarborough គឺ​ជា​កោះ​ជម្លោះ​រវាង​​ចិន និង​ហ្វីលីពីន ព្រមទាំង​​​តៃវ៉ាន់​ផងដែរ។

យន្តហោះ​​​ហ្វីលីពីន​​ បាន​ថត​យក​រូប​ប្លុកបេតុង​ទាំងនេះ​បាន​ កាលពីថ្ងៃ​សៅរ៍​កន្លងទៅ ហើយ​ទន្ទឹម​នោះ​ដែរ ហ្វីលីពីន​ក៏​បាន​កត់សម្គាល់​ពី​វត្តមាន​នាវា​ល្បាត​ចិន​ជាច្រើន​គ្រឿង​ នៅ​ក្នុង​តំបន់​នោះផងដែរ។ ​​ក្រសួងការពារ​ជាតិ​ហ្វីលីពីន​​នៅពិបាក​សន្និដ្ឋាន​ថា តើ​ប្លុក​បេតុង​ទាំងនោះ​សាងសង់​ឡើង​​​ដើម្បី​អ្វី​​ពិត​ប្រាកដ។​​ ប៉ុន្តែ​ ប្លុក​ទាំងនោះ អាច​នឹង​ប្រើ​ធ្វើជាគ្រឹះ​ស្ថាបនាប្រព័ន្ធ​​អ្វីមួយបាន។

ក្នុង​ផ្ទៃ​ក្រឡា​១៥០គីឡូម៉ែត្រ​ការេ កោះផ្កាថ្ម​ Scarborough ជា​កោះ​គ្មាន​មនុស្ស​រស់នៅ។ កោះ​នេះ​ ​ស្ថិត​នៅ​ជាង​២០០គីឡូម៉ែត្រ​ពី​ហ្វីលីពីន ហើយ​ស្ថិត​ក្នុង​តំបន់​ពាណិជ្ជកម្ម​ផ្តាច់​មុខ​របស់​ហ្វីលីពីន។ គិត​ពី​កោះ​ហៃណាន​ប្រទេស​ចិនទៅ​ កោះ​ផ្កាថ្ម​​នេះ​មាន​ចំងាយ​ប្រមាណ​៦៥០គីឡូម៉ែត្រ។ តំបន់​​សមុទ្រ​ចិន​​ទាំងមូល​ គឺ​ជា​ទីប្រជុំ​នៃ​ពាណិជ្ជកម្ម​ផ្លូវទឹក​គ្រប់​បែបយ៉ាង​ និង​សំបូរ​ដោយ​ធនធាន​ប្រេង​ និង​ឧស្ម័នធម្មជាតិ។ ចិនតែង​ឈ្លោះ​ដណ្តើម​បូរណភាព​​​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​​​នៅទីនោះ​ ជាមួយ​ប្រទេស​ក្នុង​តំបន់ ក្រៅពី​ហ្វីលីពីន នៅ​មាន​ដូច​ជា​ជប៉ុន តៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី រឺ​ក៏​ព្រុយណេ​ជាដើម ធ្វើ​អោយ​មានភាពតានតឹង​ក្នុងតំបន់។

ក្នុង​បែបបទ​នៃ​ភាព​តានតឹង​នេះដែរ នៅ​សប្តាហ៍​នេះ ប្រធានាធិបតីហ្វីលីពីន លោក​បេននីញ៉ូ អាគីណូ បាន​លុបចោល​ដំនើរ​ទស្សនកិច្ច​​ចូលរួម​​ពិព័រណ៍​មួយ នៅ​​ប្រទេស​ចិន ដោយ​​លោក​ប្រាប់ថា មិន​អាច​ទទួលយក​បាន​នូវ​លក្ខខណ្ឌ​នានា​របស់​​ចិន​​​នោះ​ទេ។ ផ្នែកការទូត​ហ្វីលីពីន​មិន​បាន​បញ្ជាក់​ថា តើ​លក្ខខណ្ឌ​នេះ​ជា​អ្វី​ទេ ប៉ុន្តែ​ប្រាប់​ថា​ មាន​ជាប់​ទាក់ទងនឹង​រឿង​​​ទឹកដី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ