អានតួអត្ថបទ
កម្ពុជា

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ​ ធ្វើ​កូដកម្ម​អត់​អាហារ​ទាមទារ​«យុត្តិធម៌»​បោះឆ្នោត​​

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ អតីត​ជំនួយការ​សម្តេច​តា នរោត្តម សីហនុ នៅ​ថ្ងៃទី ២០កញ្ញា​នេះ បាន​បេ្ត​ជ្ញា​ចិត្ត​ធ្វើ​កូដកម្ម ដោយ​ការ​បង្អត់អាហារ នៅមុខ​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ។ ការពិត កាលពី​ព្រឹក​ថ្ងៃនេះ ព្រះអង្គ​ចង់​នៅ​​គង់​​បង្អត់អាហារ​នៅមុខ​ព្រះបរមរាជវាំង។ ប៉ុន្តែ ​ដោយសារ​មានការ​ហាមឃាត់​ពី​ក្រុម​អាជ្ញាធរ ប៉ូលិស ព្រះអង្គ​ក៏បាន​ប្តូរ​ទីតាំង​ទៅ​រមណីយដ្ឋាន​វត្តភ្នំ​វិញ។  

ព្រះអង្គុម្ចាស់ ​ស៊ីសុវត្ថិ ​ធម្មិកោ
ព្រះអង្គុម្ចាស់ ​ស៊ីសុវត្ថិ ​ធម្មិកោ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

អតីត​ជំនួយការ​ព្រះមហាវីរក្សត្រ ដែល​ឥឡូវ​ក្លាយជា​មន្ត្រី​បក្សប្រឆាំង បេ្ត​ជ្ញា​ថា​នឹង​បង្អត់អាហារ ដោយ​មិនមាន​ថ្ងៃ​កំណត់ ប្រសិនបើ​ពុំមាន​ដំណោះស្រាយ​ណាមួយ​គាប់ប្រសើរ សម្រាប់​ប្រជាជន​ខ្មែរ ដែលជា​ម្ចាស់ឆ្នោត​ទេនោះ។ ថ្លែងប្រាប់​វិទ្យុ​បារាំង នៅថ្ងៃនេះ នៅពេលដែល​ព្រះអង្គ កំពុង​អង្គុយ​ជាមួយ ព្រះសង្ឃ​ដទៃទៀត ប្រមាណ​ជា ៣០អង្គ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ បាន​មានបន្ទូលថា ព្រះអង្គ​ពុំ​អាច​ទទួលយក​ស្ថានភាព​នយោបាយ​របៀប​ផ្តាច់ការ ដូចដែល​គណបក្សកាន់អំណាច កំពុងតែ​ធ្វើ​រាល់ថ្ងៃនេះ​ទេ។

ព្រះអង្គ បាន​ប្រៀបប្រដូច​ស្ថានភាព​បច្ចុប្បន្ន ទៅនឹង​ថ្ងៃទី​១៧មិនា ឆ្នាំ ១៩៧០ ដែល​ពេលនោះ​ទ័ព​លន់ នុ​ល បានដាក់​ទ័ព​ចល័ត​ពង្រាយ​ពាសពេញ​ផ្ទៃ​ប្រទេស។ ព្រះអង្គ​ថា ពេលនេះ​ក៏មាន​ការដាក់​កងកម្លាំង​សមត្ថកិច្ច​ដូច​កាល​គ្រានោះ​ផងដែរ។ បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ មានបន្ទូលថា គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​យក​ស្ថាប័ន​ព្រះមហាក្សត្រ​ មកលេង​សើច ជា​ល្ខោន កំប្លុកកំប្លែង។ ព្រះអង្គ​បន្តថា​ នឹង​បូជាជីវិត​ដើម្បី​ឲ្យ​រាស្ត្រ​ខ្មែរ​ជា​ម្ចាស់ឆ្នោត​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ។

ក្នុងពេលដែល​​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ កំពុង​បង្អត់អាហារ​នេះ​ផងដែរ ក៏មាន​ព្រះសង្ឃ​ប្រមាណ​ជា៣០អង្គ មកពី​វត្តផ្សេងៗគ្នា បានមក​ជួបជុំ​គាំទ្រ​សកម្មភាព​កូដកម្ម​របស់​ព្រះអង្គ។ ព្រះសង្ឃ ណន ភារៈ មកពី​វត្ត​សំពៅ​មាស មាន​សង្ឃដីកា​រថា ការដែល​ព្រះអង្គ​និមន្ត​មកនេះ គឺ​ពុំមាន​ការបង្ខិតបង្ខំ​ពី​អ្នកណា​ទេ ព្រះអង្គ​មក​ដោយ​ចិត្ត​ឯង។ ព្រះអង្គ​បន្តថា ទោះជា​មានការ​គំរាមកំហែង​ពី​ព្រះចៅអធិការ​វត្ត ប៉ុន្តែ ​ព្រះអង្គ​ត្រូវតែ​ចូលរួម​ក្នុង​សកម្មភាព​ណា​ដែល​អាច​រក​យុត្តិធម៌​ជូន​ជាតិ​បាន។

គួរ​បញ្ជាក់ថា កូដកម្ម​អត់​អាហារ​របស់​ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ បាន​ធ្វើ​ឡើង​ខណៈដែល​ព្រះមហាក្សត្រ​កោះអោយមានការ​​ប្រជុំ​សភា​ដំបូង ​នៅ​ថ្ងៃទី ២៣ កញ្ញា​ ដើម​សប្តាហ៍​ក្រោយនេះ។​ គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ធ្វើពហិការ​មិន​ចូលរួម​កិច្ចប្រជុំ​នេះ​ទេ។ ការធ្វើ​កូដកម្ម​បង្អត់អាហារ​របស់​ខ្សែ​រាជវង្ស​អង្គ​នេះ គឺ​មកពី​ព្រះអង្គ​ចង់យក​គំរូ​​តាម​វីរបុរស​នៃ​ប្រទេស​ឥណ្ឌា លោក មហា​ត្មៈ គ​ន្ធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ