អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ទសវត្សរ៍​ទី​៩០៖ ក្តី​សង្ឃឹម​និង​ការ​ស្រងាកចិត្ត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ Jean-François TAIN សូម​បន្ត​លើក​ឡើង​អំពី​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​ដើម​បូព៌ា ដោយ​សូម​លើក​ឡើង​ពី​ការ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ ក្នុង​ការ​កសាងសន្តិភាព​​​នៅ​ភូមិភាគ​ដើមបូព៌ា​នៅ​ក្នុង​ទសវត្សរ៍ទី​៩០។

លោក Nelson Mandela, ប្រមុខដឹកនាំប៉ាលេស្ទីន លោក Yasser Arafat និង​ប្រធានាធិបតីអ៊ីស្រាអែល​ លោក  Ezer ​​​Weizman ខែឧសភា ឆ្នាំ ១៩៩៤
លោក Nelson Mandela, ប្រមុខដឹកនាំប៉ាលេស្ទីន លោក Yasser Arafat និង​ប្រធានាធិបតីអ៊ីស្រាអែល​ លោក Ezer ​​​Weizman ខែឧសភា ឆ្នាំ ១៩៩៤ AFP
ផ្សាយពាណិជ្ជកម្ម

ទសវត្សរ៍​ទី៩០ បាន​ផ្តើម​ឡើង ក្នុង​កាលៈទេសៈ​មួយ​ថ្មី​ប្រកប​ទៅ​ដោយ​សុទិដ្ឋិនិយម សម្រាប់​ភូមិភាគ​ដើមបូព៌ា។ សុទិដ្ឋិនិយម ពីព្រោះ​នៅ​ថ្ងៃទី​៣០តុលា​ឆ្នាំ​១៩៩១ សន្និសីទ​អន្តរជាតិ​មួយ​ស្តី​ពី​សន្តិភាពនៅ​ដើមបូព៌ា​បាន​ផ្តើម​ឡើង នៅ​ទីក្រុង​ម៉ាឌ្រីដ​(Madrid)​ប្រទេស​អេស្ប៉ាញ​(Espagne)​។ គឺ​ជា​សន្និសីទ​មួយ ដែល​ចូលរួម​ដោយ​ភាគី​ជម្លោះ​ទាំង​អស់ សូម្បី​តែ​ប្រជាជន ​Palestine តំណាង​ដោយ​អង្គការ​រំដោះ​ប៉ាលេស្ទីន​OLP របស់​លោក​Yasser Arafat ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​អង្គុយ​ចរចា​ដែរ។

 
តាម​ពិត ​កិច្ចចរចា​ដែល​មាន​លក្ខណៈ​ជា​សកល​នេះ អាច​ផ្តើម​ប្រព្រឹត្ត​ទៅ​បាន ក៏​ដោយសារ​តែ​បរិបទ​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​បាន​ប្រែប្រួល​ដែរ។ កាល​ណោះ ពិភពលោក​ទាំង​មូល​កំពុង​តែ​ឈាន​ជើង​ចេញ​ពី​សករាជ​សង្គ្រាម​ត្រជាក់។ ម្យ៉ាង សហភាពសូវៀត​កំពុង​ត្រដរ​ខ្យល់​ខ្លាំង ជាហេតុ​បាន​ធ្វើ​ឲ្យ​ឥទ្ធិពល​នៃ​មហាប្រទេស​កុម្មុយនិស្ត​មួយ​នេះ ទៅ​លើ​Irak Syrie និង អង្គការ​OLP របស់​លោក​Yasser Arafat ចាប់​ផ្តើម​រលាយ​សាបសូន្យ។ ម្យ៉ាង​ទៀត នៅ​ដើម​ទសវត្សរ៍​ទី៩០ សង្គ្រាម​នៅ​ឈូង​សមុទ្រ​ពែរ្ស(Perse) បាន​ធ្វើ​ឲ្យ​អាមេរិក​មាន​កិត្យានុភាព​កាន់​តែ​ខ្លាំង នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា។ អ៊ីចឹង​ហើយ បាន​ជា​ក្រោម​ការ​ផ្តួចផ្តើម​ឡើង​របស់​លោក James Baker រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិកាំង​សម័យ​នោះអភិក្រម​សន្តិភាព នៅ​ដើមបូព៌ា​​អាច​មាន​ដំណើរ​ការ​ទៅ​បាន។

ក្រោយ​សន្និសីទ​អន្តរជាតិ​នៅ​Madrid ឆ្នាំ១៩៩១ កិច្ចចរចា​សម្ងាត់​និង​ក្រៅ​ផ្លូវការ​បាន​បន្ត​ប្រព្រឹត្ត​ទៅ នៅ​អូស្លូ​(Oslo)​ប្រទេស​ន័រវ៉ែស​(Norvège) ពី​ខែ​មករា​ដល់​ខែ​កញ្ញា​ឆ្នាំ​១៩៩៣។
នៅ​ថ្ងៃ​ទី១៣​កញ្ញា​ឆ្នាំ​១៩៩៣ កិច្ច​ព្រមព្រៀង​Oslo ត្រូវ​បាន​ចុះ​ហត្ថលេខា​ពី​សំណាក់​ភាគី​
ជម្លោះ​Palestine​និង​Israël នៅ​ទីក្រុង​Washington សហរដ្ឋអាមេរិក។ កាលណោះ រូបភាព​នៃ​ការ​ចាប់​ដៃ​គ្នា​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក​ប្រធាន​អង្គការ​OLP Yasser Arafat និង​លោក​នាយករដ្ឋមន្ត្រី​Israël Yitzhak Rabin បាន​បំផុស​ឲ្យ​មាន​ក្តីសង្ឃឹម​យ៉ាង​ធំ ក្តីសង្ឃឹម​ក្នុង​ការ​ឃើញ​រដ្ឋ​Israël និង​រដ្ឋ​Palestine​ឯករាជ្យ​មួយ រួមរស់​នៅ​ជិត​គ្នា​យ៉ាង​សុខសាន្ត ដោយ​មាន​ការអនុគ្រោះ​យោគយល់​ពី​សំណាក់​បណ្តា​ប្រទេស​អារ៉ាប់​ជិត​ខាង នៅ​ក្នុង​តំបន់។
*

ក៏​ប៉ុន្តែ បន្តិច​ម្តងៗ ការអនុវត្តន៍​កិច្ច​ព្រមព្រៀង​Oslo ពើប​ប្រទះ​នឹង​បញ្ហា​ស្មុគស្មាញ។ តាម​ពិត​ទៅ កិច្ចព្រមព្រៀង​Oslo​នេះ ជា​កិច្ចព្រមព្រៀង​អន្តរកាល​មួយ ដែល​ត្រូវ​ចូល​ជា​ធរមាន ចំនួន​ប្រាំ​ឆ្នាំ ពីឆ្នាំ​១៩៩៣​រហូត​ដល់​ឆ្នាំ​១៩៩៨ មុន​នឹង​សម្រេច​បាន​ដំណោះស្រាយជា​ស្ថាពរ​មួយ នោះ​គឺ​ការ​បង្កើត​រដ្ឋ​Palestine​ឯករាជ្យ​មួយ។

កិច្ចព្រមព្រៀងOslo តម្រូវ​ឲ្យ​Israël ដកទ័ព​ចេញ​បណ្តើរៗ​ពី​ដែនដី​កាន់កាប់​Cisjordanie​និង​Gaza ដោយ​ប្រគល់​ការ​គ្រប់គ្រង​ប្រជាជន​នៅ​ទីនោះ​ទៅ​ឲ្យ​រដ្ឋអំណាច​មួយ ដឹកនាំ​ដោយ​លោក​ប្រធាន​អង្គការ​រំដោះ​ប៉ាលេស្ទីន Yasser Arafat។ ក៏​ប៉ុន្តែ នៅ​លើ​ការអនុវត្តន៍​ជាក់​ស្តែង រដ្ឋអំណាច​Palestine ត្រួតត្រា​បាន​តែ​៣%​នៃ​ដែនដី​Cisjordanie តែ​ប៉ុណ្ណោះ។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត កិច្ចព្រមព្រៀង​Oslo​មិន​បាន​និយាយ​អ្វី​ទាំង​អស់ អំពី​ជោគ​វាសនា​របស់​ជនជាតិ​Juif ជាច្រើន​ម៉ឺន​នាក់ ដែល​បាន​មក​តាំង​លំនៅឋាន នៅ​Cisjordanie​និង​នៅ​Gaza តាំង​ពី​ឆ្នាំ​១៩៦៧​មក​ម៉្លេះ។

នៅ​ទីបំផុត ទាំង​រដ្ឋាភិបាល​Israël​របស់​លោក​Yitzhak Rabin ទាំង​រដ្ឋអំណាច​Palestine របស់​
លោក​Yasser Arafat ត្រូវ​ប្រឈម​មុខ​រៀងៗ​ខ្លួន នឹង​ពួក​ជ្រុលនិយម​Juif ព្រម​ទាំង​ពួក​ជ្រុល​និយម​Palestine ដែល​មិន​ព្រម​ទទួល​កិច្ចព្រមព្រៀង​Oslo​ជា​ដាច់​ខាត។

នៅ​ខាង​ភាគី​Palestine ពួក​ជ្រុលនិយម​ហាម៉ាស់​(Hamas) និង​Djihad islamique បាន​ប្រកាស​បន្ត​ការ​តស៊ូ​តទៅ​ទៀត រហូត​ដល់​កំទេច Israël​ឲ្យ​ទៅ​ជា​ផេះ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ ដែល​នៅ​ឆ្នាំ​១៩៩៤ ពួក​ជ្រុលនិយម​Hamas បាន​បង្ក​អំពើ​ភេរវកម្ម​អត្តឃាត ជា​លើក​ទីមួយ​បង្អស់។ នៅ​ខាង​ភាគី​Israël​វិញ សកម្មជន​ជ្រុលនិយម​ម្នាក់​បាន​ធ្វើ​ឃាត​លោក​នាយក​រដ្ឋមន្ត្រី​Yitzhak Rabin នៅ​ថ្ងៃទី​៤វិច្ឆិកា​ឆ្នាំ​១៩៩៥។ ម៉្លោះ​ហើយ ចាប់​ពី​ឆ្នាំ​១៩៩៥​ទៅ កងចក្រ​នៃ​អំពើហិង្សា​បាន​ផ្តើម​វិល​ខ្ញាល់​ឡើង​វិញ នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា។ ពួក​Hamas បង្ក​ភេរវកម្មអត្តឃាត ឯ​រដ្ឋាភិបាល​Israël​វិញ ឆ្លើយ​តប​ដោយ​ប្រើ​កាំភ្លើង​ធំ យន្តហោះចម្បាំង និង​រថក្រោះ ដើម្បី​វាយ​បង្រ្កាប​ទៅ​លើ​ប្រជាជន​Palestine​ដោយ​ឥត​រើស​មុខ។

នៅ​ឆ្នាំ២០០០ លោក Bill Clinton ប្រមុខរដ្ឋ​អាមេរិកាំង​ជិត​អស់​អាណត្តិ បាន​ខ្នះខ្នែង​រៀប​ចំ​
ជំនួប​កំពូល​មួយ​ថ្មី​រវាង​Israël​និង​Palestine។ ជំនួប​កំពូល​ដែល​គេ​ហៅ​ថា “ជំនួបកំពូល​នៃ​ភ័ព្វ​
សំណាង»​ចុងក្រោយ​នេះ បាន​ប្រព្រឹត្ត​ទៅ នៅ​Camp David សហរដ្ឋអាមេរិក។ គោលដៅ កាល​ណោះ គឺ​ដោះស្រាយ​ចំណុច​ស្មុគស្មាញ​មួយ​ចំនួន រួម​មាន លក្ខន្តិកៈ​នៃ​ទីក្រុង​Jérusalem បញ្ហា​ជនភៀស​ខ្លួន​Palestine​និង​បញ្ហា​នៃ​ការ​បន្ត​ធ្វើ​អាណានិគមកិច្ច​របស់​ពួក​Juif នៅ​ក្នុង​ដែនដី​កាន់កាប់។ ក៏​ប៉ុន្តែ ភាគី​ទាំង​ពីរ Israëlនិង​Palestine​មិន​ត្រូវ​គ្នា ជា​ពិសេស​ជុំ​វិញ​
លក្ខន្តិកៈ​របស់​ទីក្រុង​Jérusalem។ សូម​បញ្ជាក់​ថា ទីក្រុង​Jérusalem​ជា​ទី​ក្រុង​សក្ការៈ​មួយ សម្រាប់​អ្នក​កាន់​គ្រិស្តសាសនា អ្នក​កាន់​សាសនាJuif និង​អ្នក​កាន់​សាសនា​អ៊ីស្លាម។ ទីក្រុង​នេះ ត្រូវ​បាន​ឋិត​នៅ​ក្រោម​ការ​កាន់កាប់​ទាំងស្រុង​របស់​Israël ក្រោយ​សង្គ្រាម ឆ្នាំ​១៩៦៧។ លោក​Yasser Arafat ប្រធាន​អង្គការOLP ចង់​បាន​ទីក្រុង​Jérusalem​មក​វិញ យក​មក​ធ្វើ​ជា​រដ្ឋធានី​នៃ​អនាគត​រដ្ឋ​Palestine​ឯករាជ្យ។

នៅសប្តាហ៍ក្រោយ ខ្ញុំនឹងផ្តើមសិក្សាលម្អិតទៅលើស្ថានភាពបច្ចុប្បន្ន នៃភូមិសាស្ត្រ នយោបាយរបស់ភូមិភាគដើមបូព៌ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ