អានតួអត្ថបទ
អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

នាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថ្មី ជា​ជនជាតិ​ប្រេស៊ីល

មាន​អាយុ​៥៥​ឆ្នាំ ជាជនជាតិ​ប្រេស៊ីល លោក Roberto Azevedo នឹង​ក្លាយ​ជា​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Organisation) ចាប់​ពី​ថ្ងៃទី​១​កញ្ញា ឆ្នាំ​២០១៣ សម្រាប់​អណត្តិ​បួន​ឆ្នាំ។ រដ្ឋាភិបាល​ប្រេស៊ីល​ បាន​ថ្លែង​អបអរ​ ចំពោះ​ការ​តែង​តាំង​​ជនជាតិ​ប្រេស៊ីល​ជា​ថ្នាក់​ដឹកនាំ​កំពូល​​របស់​​អង្គការ​នេះ ដោយ​ចាត់​ទុក​ជា​កត្តិយស​ដ៏​ធំធេង​មួយ​​របស់​ប្រទេស​​ ព្រោះ​ថា​ប្រេស៊ីល ​មាន​សេដ្ឋកិច្ច​កំពុង​លូត​លាស់​ខ្លាំង ជាង​គេ​មួយ​ ​នៅ​លើ​ពិភពលោក។

លោក​Roberto Azevedo នាយក​អង្គការ​ពាណិជ្ជកម្មពិភពលោក​ថ្មី
លោក​Roberto Azevedo នាយក​អង្គការ​ពាណិជ្ជកម្មពិភពលោក​ថ្មី REUTERS/Luke MacGregor
ផ្សាយពាណិជ្ជកម្ម

អង្គការ​ពាណិជ្ជកម្មពិភពលោក បាន​ប្រកាស​ជ្រើសរើស​​លោក​ Roberto Azevedo ជា​នាយក​របស់​អង្គការ​ ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធទី ៨​ឧសភា​​នេះ និង​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១​កញ្ញា ២០១៣។ ប៉ុន្តែ​ប្រភព​ការទូត​បាន​ជូន​ដំណឹង​អំពី​ជោគជ័យ​តាំង​ពី ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​ម៉្លេះ។

 
ជា​ឯកអគ្គរដ្ឋ​ទូត​ប្រេស៊ីស​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​បាន​​ស្គាល់​អង្គការ​នេះ​តាំង​ពី​ឆ្នាំ​១៩៩៥ ​ លោក​ Roberto Azevedo មាន​ភាព​ប្រយ័ត្ន​ប្រយែងខ្លាំង​ តែ​មិន​ខ្លាច​នឹង​ការ​ពារ​ទម្រង់​ខ្លះ​នៃ​នយោបាយ​ការពារ​ផល​ប្រយោជន៍​ផលិតផល​ក្នុង​ស្រុក​ ទល់​នឹង​ការ​នាំ​ចូល​ពី​បរទេស ដើម្បី​​អភិវឌ្ឍន៍​​​ប្រទេស​ទើប​មាន​សេដ្ឋកិច្ច​ក្មេង​ខ្ចីនោះ​ទេ។ លោក Roberto Azevedo ចង់​ផ្តល់​ជីវិត​ថ្មី​ដល់​ស្ថាប័ន​ពាណិជ្ជកម្ម​អន្តរជាតិ​មួយ​នេះ តាម​រយៈ​មហិច្ឆតា​​​ផ្តល់​សន្ទុះ​ដល់​ការ​ចរចា​ពាណិជ្ជកម្ម​​រវាង​ក្រុម​ប្រទេស​អភិវឌ្ឍន៍ និង​កំពុង​អភិវឌ្ឍន៍​ ដែល​ជាប់​គាំង​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។
លោក Roberto Azevedo ៖

“ចំណុច​សំខាន់​មួយ​នៃ​ផែនការ​របស់​ខ្ញុំ​ គឺ​យើង​មិន​ត្រូវ​​អង្គុយ​រង់​ចាំ​ ទាល់​តែ​ដល់​ពេលវេលា​ល្អ​សម្រាប់​គ្រប់​គ្នា​ទេ។ អង្គការ​មាន​សមាជិក​ជិត​១៦០​ប្រទេស ប្រទេស​មួយ​មាន​ដំណើរ​សេដ្ឋកិច្ច​មួយ មិន​អាច​មាន​ដូច​គ្នា​ទាំង​ស្រុង​ ទាំង​ជាង​មួយ​ប្រទេស​បាន​ទេ ... យើង​មិន​អាច​រង់​ចាំ​ផ្កាយ​ធ្លាក់ពី​លើ​មេឃ​ឡើយ ! យើ​ង​ត្រូវ​តែ​ធ្វើ​ការ​ និង​ចាត់​ចែង​ទៅ​តាម​កាលៈទេសៈ​សេដ្ឋកិច្ច​ខុស​គ្នា​នេះ និង​តាំង​ជំហរ​ចរចាគ្នា ! យើង​ត្រូវ​តែ​រួម​រស់នៅ​មួយ​គ្នា​ក្នុង​ស្ថានភាព​នេះ ព្រោះ​ជា​ការ​ពិត​ជាក់ស្តែង ដែល​មិន​អាច​ប្រកែកបាន"​

​លោក Roberto Azevedo មែន បាន​ទទួល​តំណែង​កំពូល​ដឹកនាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជា​ជោគជ័យ​នៃ​ផែនការ​របស់​លោក តែក៏​ជា​​​ជា​ជោគជ័យ​របស់ តំបន់​អាមេរិក​ឡាទីន និង​​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​លូត​លាស់​ខ្លាំង​ដែរ។ សូម​បញ្ជាក់​ថា ការ​ប្រកួត​ប្រជែង​ ជ្រើសរើស​អគ្គនាយក​ថ្មី បន្ត​ពី​អគ្គនាយកចាស់​ជា​ជនជាតិ​បារាំង បាន​ប្រព្រឹត្ត​ទៅ​ តាំងពី​បួន​ខែ​មុន ដោយ​មាន​បេក្ខជនជា​អ្នក​ឯកទេស​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ចូល​រួម​សរុប ៩​នាក់ មក​ពី​ប្រទេស​ខុសគ្នា។ គូ​ប្រជែងចុងក្រោយ​របស់​លោក Roberto Azevedo ​ជា​ជើង​ឯក​ផ្នែក​ សេដ្ឋកិច្ច​សេរី​និយម និង​បើក​ចំហ​ទីផ្សារ លោក ​Herminio Blanco ​ ជា​​​ជនជាតិ​ម៉ិចស៊ិក ដែល​ស្ថិត​ក្នុង​ចង្កោម​​​ប្រទេស​កំពុង​លូត​លាស់​ខ្លាំង​ដូចគ្នា។ រដ្ឋាភិបាល​ម៉ិចស៊ិក និង​លោក Herminio Blanco បាន​ថ្លែង​កោត​សរសើរ​ និង​សន្យា​គាំទ្រ​ភារកិច្ច​ថ្មី​​​​របស់​លោក Roberto Azevedo ទៀត​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ