អានតួអត្ថបទ
កម្ពុជា

គណបក្ស​សមរង្ស៊ី​និង​សិទ្ធិ​មនុស្ស​ណាត់​ជួប​គ្នា​នៅ​ហ្វីលីពីន​​នា​ចុង​ខែ​មិថុនា​

ទីបំផុត​​ទៅ​​លោក​ កឹម​ សុខា ​ប្រធាន​​គណបក្ស​​សិទ្ធិ​មនុស្ស​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​៧មិថុនា​​នេះ​ បាន​​ឆ្លើយ​​តប​​ទៅ​​កាន់​​គណបក្ស​​សមរង្ស៊ី​តាម​​លិខិត​​ថា​ ថ្នាក់​​ដឹកនាំ​​គណបក្ស​​សិទ្ធិ​​មនុស្ស​​នឹង​​ទៅ​​ជួប​​ជាមួយ​​ថ្នាក់​​ដឹកនាំ​​គណបក្ស​សម​រង្ស៊ី​រួម​​ទាំង​​លោក ​សមរង្ស៊ី​តាម​​ការ​​ណាត់​​ជួប​នា​​ចុង​​ខែ​​មិថុនា​​នេះ​​នៅ​​ទីក្រុង​​ម៉ានីល​​ប្រទេស​​ហ្វីលីពីន។​ ជា​​កិច្ចប្រជុំ​ដែល​​គ្រោង​​នឹង​​និយាយ​​ពី​​ការ​​រួបរួម​​ឡើង​​វិញ​​រវាង​​គណបក្ស​​ប្រឆាំង​​សមរង្ស៊ី​​និង​​សិទ្ធិមនុស្ស។​ ចំណែក​​លោក​​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​មិន​​បាន​​នៅ​​ស្ងៀម​​ទេ។ ​ក្នុង​​វេទិកា​​នៅ​​ខេត្ត​​បន្ទាយ​​មានជ័យ​ លោក​​នាយក​​រដ្ឋមន្ត្រី​​បាន​​ប្រកាស​​ថា​ ទោះបី​​ជា​​គណបក្ស​​ប្រឆាំង​​ទាំង​​ពីរ​រួម​គ្នា​ ក៏​​មិន​អាច​​ធ្វើ​អ្វី​​គណបក្ស​​ប្រជាជន​​កម្ពុជា​​របស់​​លោក​​បាន​​ឡើយ។​ នេះ​​បើ​​ផ្អែក​​តាម​​លទ្ធផល​​សំឡេង​​ឆ្នោត​នៃ​​ការ​​បោះ​ឆ្នោត​​ឃុំ​​សង្កាត់​កាលពី​​ថ្ងៃ​​អាទិត្យ​ទី៣មិថុនា។

លោក​កឹម​សុខា​ប្រធានគណបក្សសិទ្ធិមនុស្ស​និង​ទៅជួប​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​នៅទីក្រុង​ម៉ានីលនាចុងខែមិថុនា
លោក​កឹម​សុខា​ប្រធានគណបក្សសិទ្ធិមនុស្ស​និង​ទៅជួប​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​នៅទីក្រុង​ម៉ានីលនាចុងខែមិថុនា RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

“​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ ហើយ​ដោយ​យល់ឃើញ​ពី​គ្រោះថ្នាក់​ប្រទេសជាតិ និង​អយុត្តិធម៌​សង្គម​គ្រប់​បែប​យ៉ាង​ នាំ​អោយ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ត្រូវតែ​រួបរួម​គ្នា​”​។ នេះ​ជា​ការលើកឡើង​របស់​លោក កឹម​សុខា​។

​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស នៅ​រសៀល​ថ្ងៃ​ទី​៧​មិថុនា​នេះ បាន​ផ្ញើលិខិត ទៅកាន់​លោក សម រង្ស៊ី ដែល​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស ដោយយល់ព្រម​ជួបប្រជុំ និយាយ​ពី​ការបង្រួបបង្រួម ដើម្បី​យកឈ្នះ​ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣​។

​ប៉ុន្តែ​លោក កឹម សុខា បានដាក់​កាលកំណត់​ថា នឹង​អាច​ជួបប្រជុំ​ជាមួយ​លោក​សម​រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី នៅ​ទីក្រុង​ម៉ានីល នៅ​សប្តាហ៍​ទី​២ ក្នុង​ខែ​កក្កដា ខណៈ​ដែល​គណបក្ស​សម​រង្ស៊ី តាមរយៈ​លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​ស​ម​រង្ស៊ី បាន​សរសេរ​លិខិត ណាត់​ជួប​លោក​កឹម​សុខា នៅ​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០​មិថុនា ក្នុង​ប្រទេស​ហ្វីលីពីន​។​

​លោក កឹម​សុខា បាន​បញ្ជាក់​ក្នុង​លិខិត​ថា លោកនិងថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស មាន កិច្ចការត្រូវធ្វើក្នុងប្រទេស។ ម្យ៉ាងទៀត ការជួបគ្នា​រវាង​រូបលោក និង​លោក​សម រង្ស៊ី ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ ត្រូវបានលោក កឹមសុខា លើកឡើងថា ជា​ការចាំបាច់​បំផុត ក្នុង​ការសម្រេច​ជាគោលការណ៍​សិន មុននឹង​ក្រុមការងារ​គណបក្ស​ទាំងពីរ ជួប​គ្នា​លើ​នីតិវិធី នៃ​ការបង្រួបបង្រួម​។​

​ការបង្រួបបង្រួម​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចាត់ទុកថា​ មិនមែន​ជា​ការគំរាមកំហែងដល់​គណ​បក្ស​​ប្រជាជន​កម្ពុជា​ដែល​កំពុងកាន់​អំណាច​ឡើយ​។ តាម​លោកនាយក​រដ្ឋមន្ត្រី សំឡេង​ឆ្នោត​​របស់​គណ​បក្ស​ប្រឆាំង​សម​រង្ស៊ី​និង​សិទ្ធិមនុស្ស​បូក​ចូល​គ្នា​បាន​ត្រឹម​តែ​ជិត ២ លាន​សំឡេង​​ខណៈ​​ដែល​គណបក្ស​ប្រជាជន​កម្ពុជាមាន​ជាង ៣,៦ លាន​សំឡេង​។ នេះ​បើ​តាម​លទ្ធផល​​បោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ថ្ងៃអាទិត្យ​។​

ជា​ការកត់សម្គាល់ លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា ធ្លាប់បាន​ចុះហត្ថលេខា ចាប់ដៃ​ចង​សម្ព័ន្ធ​ភាព​ម្តងមកហើយ កាលពី​ថ្ងៃ​ទី​១៥​មករា ឆ្នាំ​២០០៩ ក្រោយពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨​។ ក៏ប៉ុន្តែ​សម្ព័ន្ធ​អ្នកប្រជាធិបតេយ្យ​របស់​គណបក្សប្រឆាំង​ទាំង​ពីរ បាន​ត្រឹមតែ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវ​បែកបាក់ ដោយសារ​ការចរចា​មិន​ត្រូវ​គ្នា​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ