អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត

ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​បាន​សម្រេច​លប់​ឈ្មោះ​លោក​ សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ហើយ​នៅ​ព្រលប់​ថ្ងៃ​នេះ​ ដោយ​សំអាង​លើ​សាល​ដីការ​​របស់​តុលាការ​កំពូល​ដែល​បាន​កាត់ទោស​លោក​ សម រង្ស៊ី​ កំបាំង​មុខ​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។ រី​ឯ​គ្រួសារ​របស់​លោក​ក៍​ត្រូវ​បាន​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ផង​ដែរ​ដោយសារ​បាន​ផ្លាស់ប្តូរ​ទី​លំនៅ​ទៅ​រស់​នៅ​ទី​កន្លែង​ថ្មី។

លោក​មេធាវី ជួង ជូងី
លោក​មេធាវី ជួង ជូងី © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

 

មិនត្រឹម​តែ​លុប​ឈ្មោះ​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​​ឯ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនាគារ ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ប៉ុណ្ណោះ​ទេ​ ​ក្រុម​គ្រួសារ​របស់​លោក​ សម រង្ស៊ី ​ក៍​ត្រូវ​បាន​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ។

សេចក្តីសម្រេច​ របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ គ.ជ.ប. ដែល​មាន​សមាសភាព ៩ រូប​ដែល​ទើបតែ​ប្រកាស​​ចូល​កាន់​​​​តំណែងកាលពី​ព្រឹក​ថ្ងៃទី​៥​វិច្ឆិកា ឆ្នាំ​២០១២​ បាន​​សម្រេច​លុប​​ឈ្មោះ​​លោក​ សម រង្ស៊ី​ ចេញ​ពី​បញ្ជី​បោះ​ឆ្នោត។ ការលុប​ឈ្មោះ​នេះ​ ដោយ​សំអាង​លើ​សាលដីការ​របស់​​តុលាការ​កំពូល​ទាក់​ទិន​ទៅ​នឹង​រឿង​បំផ្លាញ​តម្រុយ​បង្គោល​​​​ព្រំដែន​កម្ពុជា-វៀតណាម។ ទណ្ឌិត​​ត្រូវ​​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត។

រី​​ឯសមាជិក​គ្រួសារ​របស់​លោក សម រង្ស៊ីក៍​ត្រូវ​បាន​ចៅ​សង្កាត់​បឹង​រាំង​លុបឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ​ ដោយ​គ្រួសារ​របស់​លោក​បាន​​ផ្លាស់ប្តូរ​ទីលំនៅ​ពី​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ទៅ​រស់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមាន​ជ័យ​ រាជធានី​ភ្នំពេញ ដែល​ជា​ទីស្នាក់ការ​គណ​បក្ស សម រង្ស៊ី​។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក​សម​ រង្ស៊ី​គឺ​លោក​ជួង​ ជូងី​ បាន​ថ្លែង​នៅ​ក្នុង​អង្គសវនាការ​ថា​ ការ​សម្រេច​​លុប​ឈ្មោះ​កូន​ក្តី​របស់​លោក​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នោះ​ គឺ​ពុំ​បាន​អនុវត្ត​តាម​ច្បាប់​ជា​​គតិយុត្ត​នោះ​ទេ​ គឺ​អនុវត្ត​តាម​ការ​បង្គាប់​បញ្ជា​ពី​អ្នក​នយោបាយ​តែ​ប៉ុណ្ណោះ។

កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ​ក្រុមប្រឹក្សា​ជំនុំជម្រះ គ.ជ.ប. ដែល​មាន​សមាសភាព ៩ រូប ក៍​បាន​សម្រេច​ ​លុប​ឈ្មោះ​អ្នកបោះឆ្នោត​ចំនួន​ ១១​នាក់​ក្នុង​ចំណោម​៣៥៧​នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ​ តាម​ពាក្យ​បណ្តឹង​របស់​តំណាង​គណបក្ស​សម រង្ស៊ី​ដែល​​បាន​ដាក់​ពាក្យ​បណ្តឹង​ស្នើ​ឲ្យ​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត។ ការលុប​​ឈ្មោះ​អ្នក​ទាំង​១១​នាក់​នោះ​ ត្រូវ​បាន​គ.ជ.ប អះអាង​ថា​ ដោយសារ​ ២ នាក់​ស្លាប់ និង ៩នាក់ ​ផ្សេង​ទៀតបាន​ផ្លាស់ប្តូរ​ទីលំនៅ។ រីឯ​អ្នក​ផ្សេង​ទៀត​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​​ត្រឹមត្រូវ ស្រប​តាម​ច្បាប់ មិន​អាច​លុប​ឈ្មោះ ចេញ​ពី​បញ្ជី​បោះឆ្នោត​បាន​ទេ។

ដើម​​បណ្តឹង​​នៃ​​គណបក្ស​​​សម​រង្ស៊ី ​លោក តុល​ ប្រាសាទ​ក៍​មាន​ប្រតិកម្ម​ជំទាស់​ថា​ លោក​​មិន​​អាច​​ទទួល​​យក​​ការសម្រេច​រប​ស់​ក្រុម​ប្រឹក្សា​ជំនុំ​​ជម្រះ​​​នៃ​គ​.ជ.ប បាន​​ឡើយ។ ​លោក​​នឹង​បន្ត​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បន្ត​ទៀត។ ដើម​បណ្តឹង​របស់​​គណបក្ស​សម​រង្ស៊ី ដែល​មាន​ លោក តុល ប្រាសាទ និង​លោក​ លី សុភ័ណ្ឌ បាន​ប្តឹង​ជំទាស់​​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ​លើកដែក ឃុំ​ពោធិ៍​បាន ឃុំ​ព្រែកថ្មី និង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល​ទាមទារ​ឲ្យ​លុប​ ​ឈ្មោះ​ជនជាតិ​វៀតណាម​ចំនួន ៣៥៧ នាក់ នៅក្នុង​បញ្ជី​បោះឆ្នោត។ ​ពាក្យ​បណ្តឹង​នេះ​ដោយ​សម្អាង​ថា អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ​មាន​ឈ្មោះ​ជា​ជនជាតិ​វៀតណាម និយាយ​ភាសា​វៀតណាម ស្តាប់​វិទ្យុ​វៀតណាម មើល​​ទូរទស្សន៍​វៀតណាម រស់នៅ​ជា​ក្រុមនៅ​តាម​ទូក ដូច​អ្នកនេសាទ និង​សំលៀក​បំពាក់​វប្បធម៌​វៀតណាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ