អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

កូរ៉េខាងជើង ៖ សេអ៊ូល និង​វ៉ាស៊ីនតោន​ដំឡើង​កំរិត​អាសន្ន ប៉េកាំង​បិទច្រក​ព្រំដែន

កូរ៉េខាង​ត្បូង និង​សហរដ្ឋ​​​អាមេរិក បាន​ដំឡើង​​កំរិត​ត្រៀម​អាសន្ន​ មួយ​កាំ​ទៀត ដើម្បី​ប្រឈម​នឹង​ “ការ​គំរាម​ដល់​អាយុជីវិត” ពី​សំណាក់​កូរ៉េខាង​ជើង ដែល​ទំនង​ជា​នឹង​អាច​ធ្វើ​ការ​សាកល្បង​មីស៊ីល​ នៅម្តុំ​ពាក់​កណ្តាល​ខែ​មេសា​នេះ។ ការ​សាកល្បង​មីស៊ីល ​ទោះ​មួយ​ក្តី​ ឬ​ច្រើន​ក្តី​ សុទ្ធ​តែ​អាច​រុញ​ច្រាន​ឧបទ្វីប​ឱ្យ​ធ្លាក់​ក្នុង​ស្ថានភាព​មិន​អាច​គ្រប់គ្រង​បាន។ ចំណែក​ខាង​ភាគី​ចិន​សម្ព័ន្ធ​មិត្ត​តែ​មួយ​គត់​របស់​ព្យុងយ៉ាង​វិញ បាន​ប្រកាស​បិទ​ប៉ុស្តិ៍​ព្រំ​ដែន​​ជាមួយ​កូរ៉េខាង​ជើង​មិន​ឱ្យ​ទេសចរចូល​ទស្សនា។

ប្រមុខ​ Kim Jong-un (កណ្តាល) ត្រួត​ពិនិត្យ​សម្ភារៈ​និង​បរិកា្ខរ​យោធា នៅទីក្រុង​ព្យុងយ៉ាង
ប្រមុខ​ Kim Jong-un (កណ្តាល) ត្រួត​ពិនិត្យ​សម្ភារៈ​និង​បរិកា្ខរ​យោធា នៅទីក្រុង​ព្យុងយ៉ាង REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

ទីបញ្ជាការ​យោធា​កូរ៉េខាង​ត្បូង និង​អាមេរិក បាន​សម្រេច​រួម​គ្នា បង្កើន​ការ​ត្រួត​ពិនិត្យ​និង​តាម​ដាន ក្នុង​ត្រៀម​អាសន្ន​​ដំណាក់កាលទីពីរ ពោល​គឺ​មួយ​កាំ​មុន​ដល់​កំរិត​អាសន្ន​ធ្វើ​សង្គ្រាម។  

 
ចំណែក​ឯ​ជប៉ុន​វិញ ក៏​បាន​ប្រកាស​​​អាសន្ន​ដែរ ​ នៅ​ថ្ងៃ​ពុធ​នេះ ត្រៀម​ចាំ​ចាប់​រាល់​មីស៊ីល​ ដែល​គំរាមកំហែង​សុវត្ថិភាព​ជាតិ។ ម្សិលមិញ តូក្យូ​បាន​ដំឡើង​ប្រព័ន្ធ​ខែល​​ការពារ​មីស៊ីល​Patriot នៅ​កណ្តាល និង​ជុំ​វិញ​ក្រុង​តូក្យូ។ ប្រព័ន្ធ​ខែល​ចាប់​មីស៊ីល​ក៏​នឹង​ត្រូវ​ដាក់​ដំឡើង​ផង​ដែរ​នៅ​កោះ​អូគីណាវ៉ា​ ដែល​មាន​​មូលដ្ឋាន​ទ័ព​អាមេរិក​តាំង​នៅ។

អង្គការ​សហប្រជាជាតិ តាម​រយៈ​លោកអគ្គលេខាធិការ​ បាន​គីម៉ូន ពី​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ និង​ប្រកាស​អំពាវនាវ​​សុំ​ឱ្យ​មាន​ការ​បន្ធូរបន្ថយ​សម្ពាធ ព្រោះ​ស្ថានការណ៍​ពេល​នេះ​មាន​លក្ខណៈ​គ្រោះ​ថា្នក់​ជាងពេល​ណាៗ​ទាំងអស់។

ប្រភពព័ត៌មាន​​​យោធាកូរ៉េខាងត្បូង បាន​ឱ្យ​ដឹង​ថា​កូរ៉េខាង​ជើង​ត្រៀម​ស្រេច​បាច់ អាច​នឹង​ធ្វើ​ការ​បាញ់​សាកល្បង​មីស៊ីល ឬ​នុយក្លេអ៊ែរ នៅ​រវាង​ថ្ងៃ​ទី ១៥​មេសា ថ្ងៃ​កំណើត លោក គីម អ៊ីលស៊ុង ​​បិតា​បង្កើត​បក្ស​កុម្មុយនិស្ត​កូរ៉េខាង​ជើង។ ហើ​យ​បើ​គេ​ជឿ​លើ​ពាក្យ​គំរាម​កំហែង​របស់​ព្យុងយ៉ាង ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ កូរ៉េខាង​ជើង​​លែង​ធានា​សុវត្ថិភាព​ដល់​ជន​បរទេសទៀត​ហើយ។ ពេល​នេះ ទាំង​កូរ៉េខាង​ត្បូង ទាំង​សហរដ្ឋ​អាមេរិក កំពុង​តែចោទ​សួរ​ថា​តើ​អ្វី​ទៅ​ជា​ចេតនា​ពិត​របស់​ប្រមុខ​ដឹកនាំ​​របប​កុម្មុយនិស្ត​ព្យុងយ៉ាង គីម ជុងអ៊ុន ដែល​ទំនង​ជា​មាន​អាយុ​មិន​ទាន់​៣០​ឆ្នាំ​ផងនោះ។

ទន្ទឹម​នឹង​ការ​ប្រើ​មធ្យោបាយ​ក្តៅ​ កូរ៉េខាង​ត្បូង​ក៏​បាន​ស្នើ​សុំ​ទៅ​ប្រទេស​ចិន សម្ព័ន្ធមិត្ត​ដ៏​មាន​ឥទ្ធិពល​តែ​មួយ​គត់​របស់​ព្យុងយ៉ាង ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ ទៅ​បញ្ចុះ​បញ្ចូល​មេ​ដឹកនាំ​កូរ៉េខាងជើង​​ឱ្យ​ប្តូរ​ឥរិយាបថ​។ តែ​​​ចិនខ្លួន​ឯង បាន​ប្រកាស​បិទ​ច្រក​​​ព្រំ​ដែន​​ ​Dandong ដ៏​សំខាន់​មួយ​ជាមួយ​កូរ៉េខាងជើង​ ចាប់​ពី​ នៅ​ថ្ងៃពុធ​នេះ​ទៅ ដោយ​គ្មាន​ពេល​កំណត់។ តំណាង​ការិយាល័យ​ទេសចរណ៍​ចិន​សុំ​មិន​បញ្ចេញ​ឈ្មោះ​ យល់​ថា​ជា​ការ​​ចង់​បាន​​​របស់​​កូរ៉េខាង​ជើង ប៉ុន្តែ​​ក្រុម​អ្នក​ជំនួញ ឬ​វិនិយោគ​ធំៗ​នៅ​តែ​អាច​ចេញ​ចូល​បាន​ដោយ​សេរី​ដដែល។

ចិនមាន​ព្រំ​ដែន​រួម​ជាមួយ​កូរ៉េខាង​ជើង ប្រវែង ១៤១៥​គីឡូម៉ែត្រ​ មាន​សកម្មភាព​ពាណិជ្ជកម្ម​រួម​គ្នា​យ៉ាង​ខ្លាំង​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ប្រឈម​មុខ​នឹងភាព​តាន​តឹង​ក្នុង​តំបន់ និង​ការ​ផ្គើន​​របស់​ព្យុងយ៉ាង​ ប៉េកាំង​បាន​ប្រកាស​កាត់​បន្ថយ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាង​ជើង។ បើ​តាម​សេចក្តី​ប្រកាស​គយ​នៅ​ថ្ងៃ​នេះ សកម្មភាព​ពាណិជ្ជកម្ម​ចិន-កូរ៉េខាង​ជើង​មាន​ត្រឹម​តែ​០,១% នេះ​ពាណិជ្ជកម្ម​នាំ​ចេញ​ចិន នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៣ ពោល​គឺ​ថយ​ចុះ​៧,២% គិត​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ