អានតួអត្ថបទ
កម្ពុជា

មហា​សេដ្ឋី​រុស្ស៊ី ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន នឹង​គ្រោង​បណ្តេញ​ចេញ​ពី​កម្ពុជា

មហា​សេដ្ឋី​រុស្ស៊ី ស៊ែហ្គេ ប៉ូឡុនស្គី ( Sergei Ponlonsky ) ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន នៅឯ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ក្រោយ​ពី​សមត្ថ​កិច្ច​កម្ពុជា បាន​ចាប់​ខ្លួន​គាត់ រួម​ជាមួយ​នឹង​បក្សពួក ៥នាក់ ផ្សេងទៀត នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​ឧសភា ម្សិលមិញ​នេះ។ ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នេះ បាន​ធ្វើ​ឡើង​ដោយ​រងចាំ​សេចក្តី​ប្រកាស​បណ្តេញ​ចេញ​ពី​កម្ពុជា ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​។

មហាសេដ្ឋីរុស្ស៊ី ស៊ែហ្គេ ប៉ូឡុនស្គី ( Sergei Ponlonsky ) (រូបខាងមុខគេ) ។
មហាសេដ្ឋីរុស្ស៊ី ស៊ែហ្គេ ប៉ូឡុនស្គី ( Sergei Ponlonsky ) (រូបខាងមុខគេ) ។ សហការី
ផ្សាយពាណិជ្ជកម្ម

ការ​ចាប់​ខ្លួន​មហា​សេដ្ឋី​រុស្ស៊ី​នោះ ធ្វើ​ឡើង​ដោយ​ប៉េអឹម នៅ​លើ​កោះ​ដំឡូង ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ល្ងាច​ថ្ងៃ​ទី១៥​ខែ​ឧសភា ម្សិលមិញ​នេះ។ បន្ទាប់​ពី​ការ​ចាប់ខ្លួន ប៉េអឹម បាន​បញ្ជូន​ជនជាតិ​រុស្ស៊ី​ទាំង ៦នាក់​នោះ ទៅ​ឲ្យ​ប៉ូលីស​អន្តោប្រវេសន៍ ដើម្បី​សួរនាំ និង​ចាត់​ការបន្ត។ នេះ​បើតាម​ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​ប៉ូលីស​អន្តោប្រវេសន៍។

បើតាម​លោក សុខ ផល អគ្គនាយក​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍ បានបញ្ជាក់​នៅ​ព្រឹក​នេះ​ថា ជនជាតិ​រុស្ស៊ី​ទាំង៦រូបនេះ ត្រូវបាន​ឃុំ​ខ្លួន​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ ហើយ​លោក​ស៊ែហ្គេ ប៉ូឡុនស្គី នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ចំណែក​ឯ​បក្សពួក​សេដ្ឋី​រូបនេះ នឹង​ត្រូវ​អាជ្ញាធរ​អន្តោ​ប្រវេសន៍ បញ្ជូន​ចេញពី​កម្ពុជា​នៅ​ពេល​ក្រោយ ដោយ​សារ​តែ​ត្រូវ​ការ​ពេល​វេលា ដើម្បី​ពិនិត្យ​មើល​ឯកសារ​មួយ​ចំនួន ដែល​រួមមាន​លិខិត​ឆ្លង​ដែន និង​ទិដ្ឋាការ​ស្នាក់​នៅ ជាដើម។

លោក​សុខ ផល បាន​បន្តថា​ក្រសួង​មហាផ្ទៃ​មាន​សិទ្ធិ​បណ្តេញ​ចេញ​រាល់​ជនបរទេស​ណា ដែល​ប្រព្រឹត្តិ​ខុស​នឹង​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា មាត្រា​៣៥ ពោល​គឺ​ការ​បណ្តេញ​ចេញ​ពី​កម្ពុជា​អាច​ធ្វើ​ឡើង​ប្រសិន​បើ​គេ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សាធារណៈ ​អ្នក​ដែល​គ្មាន​ប័ណ្ឌ​ការងារ​នៅ​កម្ពុជា និង​អ្នក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាក់​សង្គម។ ចំណែកឯ​ជនជាតិ​រូ​ស្ស៊ី​រូបនេះ គឺ​មិន​មាន​លិខិត​ឆ្លងដែន និង​គ្មាន​ប័ណ្ឌ​ការងារ​ត្រឹម​ត្រូវ​នោះ​ទេ។

យោង​តាម​សារព័ត៌មាន​រុស្ស៊ី Rapsi News ដែល​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា​នេះដែរ បាន​ដក់​ស្រង់​សម្តី​របស់​អ្នក​នាំ​ពាក្យ​មហាសេដ្ឋី​រុស្ស៊ី​រូបនេះ​ថា លោក ប៉ូឡុនស្គី មិន​មានបំណង​លាក់​ខ្លួន ឬ​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អ្នកណាម្នាក់​នោះទេ។ ហើយ​ការរស់នៅ​ក្នុងប្រទេស​កម្ពុជា​របស់​គាត់​គឺ​ធ្វើ​ឡើង​ដោយ​មាន​ការយល់​ព្រម​ពី​កម្ពុជា។

លោក ប៉ូឡុន​ស្គី ត្រូវ​បាន​ប្រកាស​ចាប់​ខ្លួន​ដោយ​ប៉ូលីស​អន្តរជាតិ អាំងទែប៉ូល តាម​រយៈ​ការ​ស្នើ​សុំ​របស់​ក្រសួងមហា​ផ្ទៃ​នៃ​ប្រទេស​រុស្ស៊ី។ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣​កន្លង​ទៅ លោក​ត្រូវ​បាន​តុលាការ​ក្រុង​មូស្គូ ចោទ​ប្រកាន់​ដោយ​កំបាំង​មុខ​ពីបទ​លួច​បន្លំ​ប្រាក់​ចំនួន​១៧៦​លាន​ដុល្លារ​ពី​វិនិយោគិន​ប្រហែល​៨០​នាក់​ក្នុង​គំរោង​លំនៅ​ដ្ឋាន​នៅ​រុស្ស៊ី។ ហើយ​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​រួច​មក​ហើយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣​នៅ​កម្ពុជា និង​ត្រូវ​បាន​ដោះ​លែង​វិញ​ក្នុង​ខែ​មករា​ឆ្នាំ២០១៤។

សូម​បញ្ជាក់​ថា​លោក ស៊ែហ្គេ ប៉ូឡុនស្គី ត្រូវ​បាន​ទស្សនាវដ្តី Forbe ចាត់​ចំណាត់​ថ្នាក់​គាត់​ក្នុង​លេខ​រៀង​ទី៤០ គឺ​ជា​អ្នក​មាន​បំផុត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នៅ​ឆ្នាំ​២០០៨ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៤.៣៥​ពាន់​លាន​ដុលា្លរ​អាមេរិក។ នេះ​បើតាម​សារ​ព័ត៌មាន​រុស្ស៊ី Rapsi News។

គួរ​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា​កន្លង​ទៅ ក្រសួង​ការបរទេស​កម្ពុជា បាន​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌ ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​សំណើ​របស់​សម​ភាគី​រុស្ស៊ី ពី​ការ​ធ្វើ​បត្យាប័ន​របស់​សេដ្ឋី​រុស្ស៊ី​រូប​នេះ​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ