អានតួអត្ថបទ
ថៃ

ទាហាន​បដិសេធ​ដំណឹង​ដែល​ថា នឹង​មាន​រដ្ឋប្រហារ​ជាថ្មី

កាលពី​ថ្ងៃ​ម្សិលមិញ លោក​ចាតុផន សមាជិក​សភា​មកពី​គណបក្ស​ប្រឆាំង Puea Thai និង​ជា​សហប្រធាន​រណសិរ្ស​ដើម្បី​ប្រជាធិបតេយ្យ ប្រឆាំង​នឹង​អំណាចផ្តាច់ការ បាន​លើក​ឡើង​ថា ពួកទាហាន​បាន​ជួបប្រជុំគ្នា និង​យល់ព្រម​ធ្វើ​រដ្ឋប្រហារ​ទំលាក់​លោក​អាភីស៊ីត។ ព័ត៌មាន​នេះ​ត្រូវ​បាន​រដ្ឋាភិបាល និង​មេបញ្ជាការទ័ព​ថៃ​រុញច្រាន​ចោល។

លោក ប្រាយុធ មេបញ្ជាការ​កងទ័ពភូមិន្ទ​ថៃ​​ត្រួតពល ក្នុង​ឱកាសបុណ្យ​កងទ័ព​ជាតិ​ថៃ នៅ​ថ្ងៃ​ទី ១៨​មករា ២០១១
លោក ប្រាយុធ មេបញ្ជាការ​កងទ័ពភូមិន្ទ​ថៃ​​ត្រួតពល ក្នុង​ឱកាសបុណ្យ​កងទ័ព​ជាតិ​ថៃ នៅ​ថ្ងៃ​ទី ១៨​មករា ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

06:37

បទ​អត្ថាធិប្បាយ​របស់​ឈាង បុប្ផា

ឈាង បុប្ផា

ដំណឹង​ធ្វើ​រដ្ឋប្រហារ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​លើក​យក​មក​និយាយ នៅ​ចំថ្ងៃ​ដែល​នាយករដ្ឋមន្រ្តី​ថៃ បង្ហាញ​ពី​លទ្ធភាព​រំលាយ​សភា និង​ការបោះឆ្នោត​មុន​កាលកំណត់។ បើតាម​លោក ចាតុផន ពួកទាហាន​មាន​ហេតុផល​បួនយ៉ាង​ដើម្បី​ធ្វើរដ្ឋប្រហារ។ ពួកទាហាន​អាច​បន្ទោស​ ទំលាក់​ទំនួល​ខុសត្រូវ​ទៅ​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន នោះ ថា ធ្វើ​ឲ្យ​មាន​ការបែកបាក់​ប្រជាជន បាត់បង់ទឹកដី​ទៅ​ខាង​កម្ពុជា អសម្ថភាព​ក្នុង​ការដោះស្រាយ​វិបត្តិ​នៅតំបន់​ភាគខាងត្បូង​ថៃ។ ហេតុផល​ចុងក្រោយ គឺ​ពួកទាហាន​នេះ​ឯង​ក៏​ធ្លាប់​បាន​ចូលបង្រ្កាប​ពួក​ក្រុមអាវក្រហម រហូត​ដល់​មាន​ស្លាប់មនុស្ស ៩០​នាក់ កាលពី​ខែ​មេសា​កន្លងទៅ។

ឧបនាយករដ្ឋមន្រ្តី​ថៃ លោក​ស៊ូថេប ថងស៊ូបាន ដែល​បាន​រុញច្រាន​ចោល​ការលើកឡើង​របស់​ក្រុមបក្ស​ប្រឆាំង ទទួល​ស្គាល់​ថា មាន​មនុស្ស​មួយចំនួន ចង់​ឲ្យ​មាន​រដ្ឋប្រហារ ប៉ុន្តែ សម្រាប់​រូបលោក រដ្ឋប្រហារ​យោធា​មិន​មែន​ជា​ដំណោះស្រាយឡើយ។ មេបញ្ជាការ​ទ័ពថៃ​ឯណោះ​វិញ ​អះអាង​ថា លោក​នឹង​មិន​រៀបចំ​ធ្វើ​រដ្ឋប្រហារ​ជា​ដាច់ខាត។ ហើយ​រហូតមកដល់​ពេល​នេះ គ្មានអ្នកទទួល​ខុសត្រូវ​ណាម្នាក់​ហ៊ាន​ចេញមុខ​ធ្វើ​រដ្ឋប្រហារ​ដែរ។

ប្រទេស​ថៃ​ល្បីឈ្មោះ​ខាង​រដ្ឋប្រហារ​យោធា​ផ្តួល​អំណាច​នាយករដ្ឋមន្រ្តី។ ចាប់តាំង​ពី​ឆ្នាំ ១៩៣២​មក រដ្ឋប្រហារ​ទំលាក់​នាយករដ្ឋមន្រ្តី​មាន​ដល់​ទៅ​១៨​លើក ចាប់តាំងពីឆ្នាំ។ ប៉ុន្តែ លើកនេះ អ្វី​ដែលគួរ​ឲ្យ​ចាប់អារម្មណ៍ នោះគឺ​ ពួកយោធា​ថៃ​ធ្លាប់​ធ្វើ​រដ្ឋប្រហារ ទំលាក់​លោក​ថាក់ស៊ីន និង​ក្រោយ​មក​បាន​ចូលរួម​គាំទ្រ​លោក​អាភីស៊ីត ឲ្យ​ចូល​កាន់តំណែង ជា​នាយករដ្ឋមន្រ្តី​ចាប់តាំង​ពី​ឆ្នាំ ២០០៨។

ក្រៅពី​ព័ត៌មាន​ចរាម អារ៉ាម​ទាក់ទង​នឹង​រដ្ឋប្រហារ​យោធា នាយករដ្ឋមន្រ្តី​ថៃ​បច្ចុប្បន្ន​កំពុង​រង​ការរិះគន់​ខ្លាំងពី​ខាង​ក្រុម​អាវលឿង (ដែល​ធ្លាប់​តែ​គាំទ្រ​រូបលោក)។ ពួកក្រុម​អាវលឿង​ បាន​បន្ទោស​រដ្ឋាភិបាល​ថា ដោះស្រាយ​បញ្ហា​ព្រំដែន​រហូត​ធ្វើ​ឲ្យ​ថៃ​បាត់បង់​ទឹកដី​ទៅ​ខាង​កម្ពុជា។ ពួកគេ​ជា​ច្រើន​ពាន់​នាក់​បាន​ធ្វើការ​តវ៉ា​នៅ​មុខ​វិមាន​រដ្ឋាភិបាល​ថៃ​បីថ្ងៃ​មកហើយ និង​គម្រាម​សម្រុក​ចូល​អុកឡុក​វិមាន​រដ្ឋាភិបាល ប្រសិន​បើ​សំណើ​ឲ្យ​ដោះស្រាយ​បញ្ហា​ព្រំដែន​របស់​ពួកគេ មិន​ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​គិតគូរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ