អានតួអត្ថបទ
ថៃ

ប៉ូលិស​ថៃ​ចាប់​បាន​គ្រឿង​សម្ភារ​សម្រាប់​ផលិត​គ្រាប់ផ្ទុះ

នៅថ្ងៃ​ចន្ទទី ១៦ មករា ២០១២ អាជ្ញាធរ​ថៃ​ទើប​រកឃើញ​សម្ភារ​សម្រាប់​ផលិត​គ្រឿងផ្ទុះ ដែល​ភេរវជន​លាក់​នៅខេត្ត​សាមុត សាខន ដែល​ស្ថិតនៅ​​ភាគនិរតី​នៃទីក្រុង​បាងកក ពោល​គឺ​នៅពីរថ្ងៃ​ក្រោយ​អាជ្ញាធរ​ថៃ​ចាប់ឃាត់ខ្លួន​ជនជាតិ​លីបង់​ម្នាក់ ដែល​គេ​សង្ស័យ​ថា ជា​ភេរវជន​មាន​ផែនការ​បង្ក​អំពើ​ភេរវកម្ម នៅក្នុង​ប្រទេស​ថៃ។

ប៉ូលិស​ថៃ​ដឹកជញ្ជូន​វត្ថុធាតុ​សម្រាប់​ផលិត​គ្រឿងផ្ទុះ​ដែល​ភេរវជន​​​លាក់​នៅក្នុង​ផ្ទះ​មួយ​នៅខេត្ត​សាមុត សាខន
ប៉ូលិស​ថៃ​ដឹកជញ្ជូន​វត្ថុធាតុ​សម្រាប់​ផលិត​គ្រឿងផ្ទុះ​ដែល​ភេរវជន​​​លាក់​នៅក្នុង​ផ្ទះ​មួយ​នៅខេត្ត​សាមុត សាខន ©RFI/
ផ្សាយពាណិជ្ជកម្ម

សន្តិសុខ​នៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​ជាច្រើន​របស់​ទីក្រុង​បាងកក​ត្រូវ​បាន​ចាប់ពង្រឹងខ្លាំង ​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​មាន​ស្ថានទូត​អាមេរិក និង​អ៊ីស្រាអែល​ផ្តល់​ដំណឹង​ដល់​អាជ្ញាធរ​ថៃ ពី​វត្តមាន​របស់​ភេរវជន​អ៊ីស្លាមជ្រុល​និយម ក្នុង​ប្រទេស​ថៃ។ ប៉ុន្មាន​ម៉ោងក្រោយមក ជន​សង្ស័យ ជាតិ​លីបង់​ម្នាក់​ដែល​កាន់​លិខិត​ឆ្លងដែន​ស៊ុយអែដ ត្រូវ​បានប៉ូលិស​ថៃ​ចាប់​ឃាត់ខ្លួន។ តាមអាជ្ញាធរ​ថៃ ជនសង្ស័យ​រូបនោះ​មាន​ទំនាក់​ទំនង​ជាមួយ​ចលនា​លីបង់​និកាយ​Chiite របស់​ពួកអ៊ីស្លាម​ជ្រុលនិយម Hezbollah។ ចលនា​អ៊ីស្លាម​ជ្រុលនិយម​ដែល​គាំទ្រ​ដោយ​របបស៊ីរី និង​អ៊ីរ៉ង់ ត្រូវ​បាន​អាមេរិក និង​អ៊ីស្រាអែល​ចាត់ចូល​ក្នុង​បញ្ជីខ្មៅ​នៃ​ក្រុមភេរវជន។

 

ប៉ូលិស​អន្តោប្រវេសន៍​ថៃ​នាំខ្លួន​ជនជាតិ​លីបង់​ដែល​សង្ស័យ​ធ្វើ​ភេរវកម្ម​ក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃ​ចន្ទ ទី ១៦​មករា ២០១២
ប៉ូលិស​អន្តោប្រវេសន៍​ថៃ​នាំខ្លួន​ជនជាតិ​លីបង់​ដែល​សង្ស័យ​ធ្វើ​ភេរវកម្ម​ក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃ​ចន្ទ ទី ១៦​មករា ២០១២ ©Reuters

ទៅតាម​ការចង្អុល​បង្ហាញ​របស់​ជនសង្ស័យ​លីបង់ ប៉ូលិស​ថៃ ក៏​រក​ឃើញ​វត្ថុធាតុ​សម្រាប់​ផលិត​គ្រឿងផ្ទុះ ប្រមាណ​ជិត​៥គីឡូក្រាម ដែល​ភេរវជន​លាក់ នៅក្នុងផ្ទះ​មួយ ក្នុង​ខេត្ត​សាមុត សាខន ដែល​ស្ថិតនៅ​ភាគនិរតី​ទីក្រុង​បាងកក។

យោងតាម​មេប៉ូលិស​ថៃ ជនសង្ស័យ​ឈ្មោះ​អារីស ហ៊ូសេន​Atris Hussein បាន​ឆ្លើយ​សារភាព​ថា ខ្លួន​មាន​បំណង​ដឹកជញ្ជូន​វត្ថុធាតុ​សម្រាប់​ផលិត​គ្រឿងផ្ទុះ ឆ្លង​កាត់​ប្រទេសថៃ សំដៅ​ទៅ​ប្រទេស​ទីបី ប៉ុន្តែ ក្រុមខ្លួន​គ្មាន​បំណង​បំផ្ទុះគ្រាប់​នៅក្នុង​ប្រទេស​ថៃទេ។ តាម​មេប៉ូលិស​ថៃ​ដដែល ជនសង្ស័យ​ម្នាក់ទៀត បាន​រត់គេច​ខ្លួន​បាន​សម្រេច​ចេញពី​ប្រទេស​ថៃ។

គួររំលឹកថា កាលពីថ្ងៃ​សុក្រ ស្ថានទូត​អាមេរិក​បាន​ចេញ​ផ្សាយ​នៅក្នុង​វិបសៃតិ៍ ជូនដំណឹង​ដល់​ជនជាតិ​អាមេរិកាំង នៅក្នុងប្រទេស​ថៃ ឲ្យ​ប្រុងប្រយ័ត្ន​ខ្លួន នៅពេល​ដើរទស្សនា​នៅ​កន្លែង​ទេសចរណ៍​ដែល​សម្បូរ​ដោយ​ជនបរទេស។ រដ្ឋមន្រ្តី​ការពារ​ជាតិ​ថៃ​វិញ បាន​ចេញមុខ​ថ្លែង​ថា ជនសង្ស័យ​គឺ​ជា​ពួកអ៊ីស្លាម​ដែល​ជា​សត្រូវ​របស់​អ៊ីស្រាអែល ដូច្នេះ ប្រជាជន​ថៃ​គ្មានអ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ៕

តាម​រដ្ឋមន្រ្តី​ការពារជាតិ​ថៃ ការប្រកាស​របស់​ស្ថានទូត​អាមេរិក​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ភ័យជ្រួលច្របល់ និង​អាច​ប៉ះពាល់​ដល់​វិស័យទេសចរណ៍​របស់​ប្រទេស​ថៃ។ នាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត​បាន​អំពាវនាវ​ប្រជាជន​ថៃ ឲ្យ​នៅស្ងប់ស្ងាត់ កុំជ្រួលច្របល់ និង​និយាយ​ធានាថា ពេលនេះ​អាជ្ញាធរ​បាន​គ្រប់គ្រង​ស្ថានភាព​ទាំងស្រុង​បានហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ