អានតួអត្ថបទ
កម្ពុជា-តុលាការ

តុលាការ​បញ្ចប់​សវនាការ​កាត់ទោស​លោក​ម៉ម​សូណង់ដូ​ រី​ឯ​លទ្ធផល​ប្រកាស​នៅ​ថ្ងៃ​១​តុលា​

សវនាការ​​កាត់​​ទោស​​លោ​ក ម៉ម សូណង់ដូ​ បាន​ដល់​ទីបញ្ចប់​ហើយ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៤ កញ្ញា​នេះ។ ​ចំណែក​​លទ្ធផល​លើ​រឿងក្តី​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១​ខែតុលា។ ក្នុង​សវនាការ​​រយៈពេល​៣​ថ្ងៃ​កន្លះ គិត​ចាប់​ពី​ថ្ងៃ​ទី​១១​ខែ​កញ្ញា មាន​ជន​ជាប់​ចោទ​ចំនួន ១០ នាក់​រាប់​ទាំង​លោក ម៉ម សូណង់ដូ បាន​ផ្តល់​ចម្លើយ​ក្នុង​បន្ទប់​កាត់​ទោស ខណៈ​ដែល​សាក្សី​ចំនួន ២១ នាក់ រួម​មាន​៖ អាជ្ញាធរ​ភូមិ​ឃុំ ប៉ូលិស និង​អ្នកភូមិ បាន​ឆ្លើយ​ដោះ​បន្ទុក​និង​ដាក់​បន្ទុក​លើ​លោក ម៉ម សូណង់ដូ។ លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ដ៏​មាន​ប្រជាប្រិយភាព​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ជាប់​ចោទ​ក្នុង​រឿង​បង្កើត​តំបន់​អបគមន៍ តាម​រយៈ​ជម្លោះ​ដី​ធ្លី នៅ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​ដែល​រដ្ឋាភិបាល​បង្ក្រាប កាលពី​ថ្ងៃ​ទី​១៦​ខែ​ឧសភា​ឆ្នាំ​២០១២។

លោកម៉ម សូណង់ដូ​នៅក្នុងតុលាការ​ដែល​បញ្ចប់​សវនាការកាត់ទោសនៅថ្ងៃសុក្រ១៤កញ្ញា២០១២​​
លោកម៉ម សូណង់ដូ​នៅក្នុងតុលាការ​ដែល​បញ្ចប់​សវនាការកាត់ទោសនៅថ្ងៃសុក្រ១៤កញ្ញា២០១២​​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

ចាប់តាំងពី​ថ្ងៃ​អង្គារ រហូត​ដល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំរឿង​បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល តាម​រយៈ​ជម្លោះ​ដីធ្លី នៅ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ។

ក្នុង​សំណុំរឿង​ក្តី​ចោទ​ប្រកាន់​លើ​លោក​ម៉ម​សូណង់ដូ​នោះ មាន​ជន​ជាប់​ចោទ​សរុប​ចំនួន ១៣​នាក់។ ក្នុង​នោះ មាន​ជន​ជាប់​ចោទ ៤​នាក់ ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស រាប់​ទាំង​លោក​ម៉ម​សូណង់ដូ។ ជន​ជាប់​ចោទ ៦​នាក់​នៅ​ក្រៅ​ឃុំ​និង ៣​នាក់​ទៀត ដែល​មាន​ទាំង​ឈ្មោះ ប៊ុន រដ្ឋា ជា​តំណាង​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​ខេត្ត​ក្រចេះ កំពុង​គេច​ខ្លួន។

ការ​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ដោយ​ភ្ជាប់​នឹង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ត្រូវ​បាន​សាក្សី និង​ប៉ូលិស លើក​បង្ហាញ​ក្នុង​សវនាការ​។ ប៉ូលិស​ក៏​បាន​ភ្ជាប់​ករណី​លោក​ម៉ម​សូណង់ដូ ទៅ​នឹង​លោក​សួន​សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ករណី​បង្កើត​តំបន់​អបគមន៍ ដើម្បី​ឈាន​ទៅ​បំផុស​ឲ្យ​មហាជន ធ្វើ​ការ​បះ​បោរ ផ្តួល​រំលំ​រដ្ឋាភិបាល។ ក៏​ប៉ុន្តែ លោក ម៉ម សូណង់ដូនិង​អ្នក​ជាប់​ចោទ​ដទៃ​ទៀត បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់។

យ៉ាងណា​ក៏​ដោយ មុន​នឹង​បិទ​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ តំណាង​អយ្យការ លោក​ព្រះ​រាជ​អាជ្ញា​រង មាស ច័ន្ទ​ពិសិដ្ឋ បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន ដោយ​ទាមទារ​ឲ្យ​ចៅក្រម ផ្តន្ទា​ទោស​លោក​ម៉ម​សូណង់ដូ និង​ជន​ជាប់​ចោទ​ជា​ច្រើន​ផ្សេង​ទៀត ទៅ​តាម​ច្បាប់។ ព្រះរាជ​អាជ្ញា សំអាង​ថា ក្នុង​សំណុំ​រឿង​ក្តី​នេះ គឺ​មាន​បទ​ល្មើស​គ្រប់គ្រាន់ និង​សំអាង​ទៅ​លើ​ចម្លើយ​សាក្សី ជន​រងគ្រោះនិង​ភស្តុតាង​ដាក់​បន្ទុក ដែល​មាន​ដូច​ជា ឯក​សណ្ឋាន​ប៉ា​រ៉ា​របស់លោក ម៉ម សូណង់ដូ កាំបិត កណ្តៀវ និង​អាវុធ​កែច្នៃ ដូចជា​ស្ន​បាញ់​សត្វ។ល

ចំណែក​លោក សុក សំអឿន មេធាវី​ការពារ​លោក ម៉ម សូណង់ដូ បាន​ស្នើ​ឲ្យ​ចៅក្រម លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ ដែល​មិន​សូវ​ចេះ​ដឹង ជាប់​ចោទ​ផ្សេង​ទៀត ព្រោះ​ក្នុង​រឿងក្តី​នោះ ប្រជា​ពលរដ្ឋ​ជាប់​ចោទ ពុំ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ទេ។ រីឯ​លោក​ម៉ម​សូណង់ដូ ក៏​ពុំ​បាន​ជួប​និង​មិន​បាន​ញុះ​ញង់​អ្នក​ភូមិ ក្នុង​រឿង​ចាប់​ដី​រដ្ឋ នៅ​ខេត្ត​ក្រចេះ​ឡើយ។

ចំណែក​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស ដែល​បាន​តាម​ដាន​សវនាការ​កាត់​ទោស​លោក​ម៉ម សូណង់ដូ ក៏​បាន​ប្រាប់​អ្នកកាសែត នៅ​ព្រឹក​មិញ​ថា ក្នុង​សំណុំរឿង​ក្តី​នោះ ពុំ​មាន​ភស្ដុតាង ទម្លាក់​កំហុស​លើ​លោក ម៉ម សូណង់ដូ ក្នុង​រឿង​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល តាម​រយៈ​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ។

សកម្មជន​សិទ្ធិ​មនុស្ស ជឿ​ថា តុលាការ នឹង​ធ្វើការ​សម្រេច​លើ​រឿងក្តី​នេះ ដោយ​ស្មារតី​ឯករាជ្យ ដោយ​មិន​ឋិត​នៅ​ក្រោម​សម្ពោធ​នយោបាយ​ឡើយ។ លទ្ធផល​នៃ​រឿងក្តី​ប្រឆាំង​លោក ម៉ម សូណង់ដូ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១​ខែ​តុលា​ខាង​មុខ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ