អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គ្រោះ​អាសន្ន​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​មក​ដល់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កង្វះ​ថវិកា​គឺជា​បញ្ហា​ដ៏​ធំធេង​មួយ​ដែល​កំពុង​គំរាមកំហែង​សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម។ ខែ​ទី១នៃ​ឆ្នាំ ២០១៣ បាន​កន្លងផុត​ទៅហើយ ប៉ុន្តែ បុគ្គលិក​ខ្មែរ​ជិត ៣០០ នាក់​ដែល​បម្រើការ​ឲ្យ​សាលាក្តី​នេះ​នៅតែ​មិនទាន់​បើកប្រាក់​បៀរ​វត្សរ៍​ខែធ្នូ​ឆ្នាំ ២០១២ នៅឡើយ។ ធ្ងន់ធ្ងរ​ជាង​នេះ នៅ​មិនទាន់មាន​ប្រទេស​ណាមួយ​បាន​សន្យា​ផ្តល់​ថវិកា​សម្រាប់​គាំទ្រ​ដំណើរការ​ឆ្នាំ ២០១៣ នេះ​នៅឡើយ​ទេ។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​បុគ្គលិក​ជនជាតិខ្មែរ​ជ្រួលច្របល់​ហើយ​គំរាម​លាឈប់​បើ​គ្មាន​ដំណោះស្រាយ។ ប្រសិនបើ​ដូច្នេះ​មែន គ្រោះអាសន្ន​របស់​សាលាក្តី​ខ្មែរក្រហម​បានមក​ដល់​យ៉ាងពិត​ប្រាកដ​ហើយ។

ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)
ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)
ផ្សាយពាណិជ្ជកម្ម

បញ្ហា​ថវិកា​របស់​សាលាក្តី​ខ្មែរក្រហម​ដែល​កើតឡើង​លើក​នេះ​មាន​ទំហំធំធេង​គួរ​ឲ្យ​ព្រួយបារម្ភ​ជាងពេលណាៗទាំងអស់។ ធំធេង​ដោយហេតុថា រហូតដល់ដើមខែកុម្ភៈ​ទៅហើយ​នៅ​មិន​ទាន់​មាន​ប្រទេស​ម្ចាស់ជំនួយ​ណាមួយ​បាន​សន្យា​ផ្តល់​ថវិកា​គាំទ្រ​ដល់​ភាគី​កម្ពុជា​ដើម្បី​បន្ត ការងារ​ក្នុង​ឆ្នាំ ២០១៣ នៅឡើយ​ទេ។

ស្ថានភាព​នេះ​នឹងធ្វើ​ឲ្យ​បញ្ហា​ថវិកា​ត្រូវ​អូសបន្លាយ​រយៈពេល​យូរ​តទៅទៀត​ពីព្រោះ​ការអនុម័ត​ថវិកា រហូតដល់​ការផ្ទេរ​សាច់ប្រាក់​ចូលក្នុង​គណនី​ សុទ្ធតែ​ត្រូវការ​ពេលវេលា​យ៉ាងយូរ។ សូម្បីតែ​​ថវិកា​ដែលមាន​រួចហើយ​សម្រាប់​ខែធ្នូ​ឆ្នាំ ២០១២ ក៏​មិនទាន់​អាច​ប្រើប្រាស់​បាន​ផង​ដោយសារតែ​នីតិវិធី​ស្មុគស្មាញ។ ដោយ​មើលឃើញ​បញ្ហា​នេះហើយ​បានជា​បុគ្គលិក​ខ្មែរ​ក្នុង​សាលាក្តី​ខ្មែរក្រហម​បាននាំគ្នា​ជ្រួលច្របល់​នឹង​គំរាម​មិន​ធ្វើការ​បើ​គ្មាន​ប្រាក់ខែ។ ដោយយោង ទៅលើ​បញ្ហា​សុខភាព​ជនជាប់ចោទ នេះ​ជា​ពេលវេលា​ដែលសាលាក្តី​​ត្រូវ​បញ្ចប់​នីតិវិធី​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើបាន​ គឺ​មិនមែនជា​ពេលដែល​ត្រូវ​អូសបន្លាយ​ទេ។

ម្យ៉ាងទៀត បញ្ហា​ថវិកា​ហាក់ដូចជា​មិនគួរ​នឹង​កើត​ទាល់តែសោះ​ក្នុងខណៈដែល​សាលាក្តី​កំពុងដំណើរការ​សំណុំរឿង ០០២ ដែលជា​សំណុំរឿង​សំខាន់​ជាងគេ​ក្នុង​បេសកកម្ម​ស្វែងរក​យុត្តិធម៌​របស់​សាលាក្តី​ខ្មែរក្រហម។ ដូច្នេះ មាន​មូលហេតុ​ពិតប្រាកដ​មួយចំនួន​ដែល​គេ​អាច​លើក​មក​ពន្យល់​បញ្ហា​នេះ​បាន។ វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ប្រទេស​ម្ចាស់ជំនួយ​ខ្លួនឯង​កំពុង​ជួបប្រទះ​គឺជា​មូលហេតុ​សំខាន់​ជាងគេ​បំផុត​មួយ។ ជាធម្មតា​ទេ នៅពេលដែល​ខ្លួនឯង​កំពុង​ខ្វះខាត ការ​ផ្តល់ជំនួយ​ដល់​អ្នកដទៃ​លែង​ជា​អាទិភាព​ទៀតហើយ។
ក្រៅពីនោះ បញ្ហា​ប្រទាំង​ប្រទើស​មួយចំនួន​នៅក្នុង​សាលាក្តី​ខ្មែរក្រហម​ក៏ត្រូវ​គេ​មើលឃើញថា មាន​ចំណែក​ធ្វើ​ឲ្យ​អាក់សទ្ធា​របស់​ម្ចាស់ជំនួយ​ផងដែរ។ ជាក់ស្តែង ការលាឈប់​ពី​តំណែង​ជា​បន្តបន្ទាប់​របស់​ភាគី​អន្តរជាតិ​ក្នុង​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត ក្រោម​ហេតុផល​នៃ​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ជះ​រូបភាព​អវិជ្ជមាន​រប​ស់​សាលាក្តី​ទៅលើ​ឆាក​អន្តរជាតិ បើទោះជា​តិច​ឬ​ច្រើនក្តី។

ម្យ៉ាងទៀត ការរារែក​ក្នុងការ​ផ្តល់​ថវិកា​គាំទ្រ​ដល់​ភាគី​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរក្រហម ក៏​អាចជា​សម្ពាធ​មួយ​ដែល​ប្រទេស​ម្ចាស់ជំនួយ​ចង់​ដាក់​ទៅលើ​ភាគី​ដែល​បង្កើត​សាលាក្តី​ក៏​ថា​បានដែរ។ ប៉ុន្តែ សម្ពាធ​នេះ​ធ្លាក់​ទៅលើ​ភាគី​សហប្រជាជាតិ​ច្រើនជាង​ភាគី​កម្ពុជា ពីព្រោះ​សូម​កុំភ្លេចថា បរាជ័យ​របស់​សាលាក្តី​ខ្មែរក្រហម​គឺជា​បរាជ័យ​របស់​អង្គការសហប្រជាជាតិ​ពីព្រោះ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​នឹង​នៅតែ​បន្ត​ដំណើរការ​តុលាការ​នេះ​រហូតដល់​ចប់​តែម្នាក់ឯង​ដោយ​ប្រើប្រាស់​ប្រព​ន្ធ័​តុលាការជាតិ។ នេះ​ជា​ក្រឡា​អុក​ដែល​ភាគី​កម្ពុជា​បាន​គ្រោងទុក​រួចជាស្រេច​នៅក្នុង​ច្បាប់​ស្តីពី​ការបង្កើត​តុលាការ​ខ្មែរក្រហម។

កន្លងទៅនេះ ប្រទេស​ម្ចាស់ជំនួយ​ខ្លះ​បាន​រិះគន់​អង្គការ​សហ​ប្រជាជ​តិ​ថា​មាន​ជំហរ​ទន់ជ្រាយ​ពេក​នៅ​ចំពោះមុខ​ភាគី​កម្ពុជា​នៅពេល​មាន​វិវាទ​កើតឡើង​នៅក្នុង​សាលាក្តីម្តងៗ។ ដូច្នេះ ការរារែក​រឿង​ថវិកា​របស់​សហគមន៍​អន្តរជាតិ​ខណៈដែល​សំណុំរឿង​សំខាន់​កំពុងដំណើរការ​ពិតជា​មិនមែន​គ្មាន​ហេតុផល​នោះឡើយ។ យ៉ាងណាក៏ដោយ សហគមន៍​អន្តរជាតិ​ក៏ដូចជា​អង្គការសហប្រជាជាតិ​ដែរ​ទំនងជា​មិន​ទុក​ឲ្យ​សាលាក្តី​នេះ​បរាជ័យ​កណ្តាល​ទី​ដោយសារតែ​បញ្ហា​ថវិកា​ទេ។

ប៉ុន្តែ ការអូសបន្លាយ​ពេល​យូរ​រឿង​ថវិកា​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​របស់​សាលាក្តី។ ប្រសិនបើ​បុគ្គលិក​ជាច្រើន​លាឈប់​ពី​ការងារ​មែន ដំណើរការ​តុលាការ​នឹងត្រូវ​ជាប់គាំង​ជាមិនខាន។ ការជាប់គាំង​ក្នុងពេលដែល​ជនជាប់ចោទ​កំពុងមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​បែបនេះ​គឺជា​ល្បែង​ដ៏​គ្រោះថ្នាក់​មួយ​ដែល​មិនគួរ​នឹង​លេង​ឡើយ។ ដូច្នេះ បញ្ហា​ថវិកា​គួរតែ​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​លឿន​បំផុត ប្រសិនបើ​មិន​ដូច្នេះ​ទេ សាលាក្តី​ខ្មែរក្រហម​ពិតជា​មិនអាច​ចៀស​ផុតពី​គ្រោះអាសន្ន​បានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ