អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ថៃ​បាន​បញ្ចៀស​អន្តរាគមន៍​របស់​អន្តរជាតិ​ក្នុង​ជម្លោះ​ព្រះវិហារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទីបំផុត​ទៅ​ លោក​ បាន ​គីមូន ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​មិន​បាន​ក្លាយ​ជា​​អ្នកសម្រប​សម្រួល​ ជម្លោះ​ព្រំដែន​ខ្មែរ និង​ថៃ​ដូច​ការរំពឹង​ទុក​ឡើយ។ មុន​ចេញ​ដំណើរ​ពី​កម្ពុជា​ លោក​បាន​ប្រកាស​ថា លោក​មិន​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​រវាង​ប្រទេស​ទាំង​ពីរ​ទេ ដោយ​លោក​សង្ឃឹម​ថា កម្ពុជា និង​ថៃ​អាច​ដោះស្រាយ​បញ្ហា​ខ្លួន​ឯង​បាន។ការ​នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​ក្រុង​បាងកក​បាន​ទទួល​ជោគជ័យ​ជា​ថ្មី​​ទៀត ក្នុង​ការបញ្ចៀស​កិច្ចអន្តរាគមន៍​របស់​អន្តរជាតិ​លើ​បញ្ហា​ខ្មែរ និង​ថៃ បើ​ទោះ​បី​ជា​មុន​នេះ​បន្តិច កម្ពុជា​បាន​ប្រកាស​ថា ការចរចា​ទ្វេភាគី​អស់​ប្រសិទ្ធិភាព​ហើយ​ក៏ដោយ។

លោក​បាន គីមូន ថ្លែង​ក្នុង​ឱកាស​ជួប​ជាមួយ​នាយក​រដ្ឋមន្រ្តី​ថៃ លោក​អាភីស៊ីត ក្នុង​ខែ​តុលា ឆ្នាំ ២០១០
លោក​បាន គីមូន ថ្លែង​ក្នុង​ឱកាស​ជួប​ជាមួយ​នាយក​រដ្ឋមន្រ្តី​ថៃ លោក​អាភីស៊ីត ក្នុង​ខែ​តុលា ឆ្នាំ ២០១០ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

ពិត​ជា​គ្មាន​ឡើយ​តួនាទី​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ជម្លោះ​ព្រំដែន​ខ្មែរ និង​ថៃ។​
មុន​នេះ​បន្តិច​ មាន​ការ​រំពឹង​ទុក​ថា​លោក ​បាន ​គីមូន ​គឺជា​អ្នក​ដើរ​តួនាទី​ក្នុង​ការ​សម្រប​​សម្រួល​បញ្ហា​ព្រំដែន​ខ្មែរ​និង​ថៃ។ ​ប៉ុន្តែ​ ក្តី​រំពឹង​នេះ​បាន​រលាយ​បាត់​ទៅវិញ​នៅ​ពេ​ល​ដែល​មេដឹកនាំ​អង្គការ​សហប្រជាជាតិ​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​នឹង​មិន​​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​រវាង​កម្ពុជា​និង​ថៃ​ទេ។

តើ​ហេតុអ្វី​បាន​ជា​មាន​ការ​ប្រែប្រួល​យ៉ាង​ដូច្នេះ? ​ដើម្បី​ស្វែង​យល់​បញ្ហា​នេះ ​គេគួរ​​គប្បី​ពិនិត្យ​មើល​សេណារីយោ​មួយ​ចំនួន​របស់​ក្រុង​បាងកក៖

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ខែ​សីហា​កន្លង​ទៅ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​ បាន​ប្រកាស​ជា​ឱឡារឹក​ថា ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​ប្រើប្រាស់​យន្តការ​អន្តរជាតិ​ហើយ ក្នុង​បញ្ហា​ព្រះវិហារ។ កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​លោក ​បាន​ គីមូន ​ដើរ​តួនាទី​ជា​អ្នកសម្របសម្រួល​បញ្ហា​ខ្មែរ និង​ថៃ។ ​សេចក្តី​ស្នើ​នេះ​បាន​ទទួល​ចម្លើយ​ជា​វិជ្ជមាន​ពី​លោក​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

ប៉ុន្តែ ​ទីក្រុង​បាងកក​ដែល​មិន​ចង់​ឲ្យ​មាន​អន្តរាគមន៍​ពី​ខាង​ក្រៅ​ទាល់​តែ​សោះ​​នោះ ​ក៏​ប្រញាប់​ប្រញាល់​រៀបចំ​យុទ្ធសាស្រ្ត​ដើម្បី​បង្វែរ​ក្រសែភ្នែក​សហគមន៍​អន្តរជាតិ តាមរយៈ​ការបង្ហាញ​រូបភាព​ធូរស្រាល​ក្នុង​ជម្លោះ​បញ្ហា​ព្រះវិហារ​។ ជាបឋម ​ថៃ​បាន​បញ្ជូន​ឯកអគ្គ​រាជទូត​របស់​ខ្លួន​មក​កម្ពុជា​វិញ​ក្នុង​អំឡុង​ខែ​សីហា​ដដែល។ ​ព្រឹត្តិការណ៍​​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ពិភពលោក​ទាំងមូល​ឲ្យ​មាន​ការស្ញប់ស្ញែង និង​សាទរ​ចំពោះ​ដំណោះស្រាយ​ទ្វេភាគី​កម្ពុជា​ថៃ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ​ការ​តភ្ជាប់​ទំនាក់ទំនង​ថ្នាក់​ឯកអគ្គ​រាជទូត​ឡើង​វិញ​រវាង​កម្ពុជា និង​ថៃ ​បាន​កើត​ឡើង ក្រោយ​ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជាមួយ​លោក ​ស៊ូរិន ​ពិតស៊ូវ៉ាន ​អគ្គលេខាធិការ​អាស៊ាន​នៅ​ភ្នំពេញ។ ​ក្រោយ​ពី​​ជំនួប​នេះ​ក៏​មាន​ការលាលែង​របស់​លោក ថាក់ស៊ីន ​ស៊ីណាវ៉ាត្រា ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ចេញ​ពី​តំណែង​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា។

ជំហាន​ទី​២​របស់​ថៃ​គឺ​ នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ​បាន ​គីមូន ​បន្តិច​ ក្រុង​បាងកក​សុខចិត្ត​ដាក់​ខ្លួន​ស្នើ​ឲ្យ​មាន​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​ខ្មែរ និង​ថៃ នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​២៤​កញ្ញា​ក្នុង​ឱកាស​ជំនួប​កំពូល​អាស៊ាន និង​អាមេរិក និង​នៅ​ទីក្រុង​​ប៊្រុចសែល នៅ​ដើម​ខែ​តុលា​ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ីអឺរ៉ុប ​ព្រម​ទាំង​បាន​បង្ហាញ​​គំរោង​ជួប​គ្នា ជា​បន្តបន្ទាប់​ទៀត រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​អាភីស៊ីត វាចាជីវ៉ា ដូច​ជា​ជំនួប នៅ​ទីក្រុង​ហាណូយ នៅ​ថ្ងៃ​ទី​២៨​តុលា​ថ្មីៗ​នេះ​ជា​ដើម។

ជំនួប​ទាំង​នោះ ​បើទោះ​បី​ជា​គ្មាន​ទទួល​បាន​លទ្ធផល​ជាដុំ​កំភួន​សោះ សម្រាប់​ដោះស្រាយ​ជម្លោះ​ខ្មែរ​ថៃ​ក៏ដោយ ​ក៏វា​ជា​លទ្ធផល​ដ៏អស្ចារ្យ​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​បាងកក​ក្នុង​ការបង្ហាញ​សហគមន៍​អន្តរជាតិ​ថា កម្ពុជា និង​ថៃ​អាច​ដោះស្រាយ​បញ្ហា​​របស់​ខ្លួន​បាន ដោយ​មិន​ចាំបាច់​មាន​ការ​លូកដៃ​ពី​ខាង​ក្រៅ។ ​ទីបំផុត ​យុទ្ធសាស្ត្រ​នេះ​​ពិត​ជា​ទទួល​បាន​ជោគជ័យ​ប្រាកដ​មែន។ ​គឺជោគជ័យ​ក្នុង​ការបង្វែរ​ចំណាប់​អារម្មណ៍​​របស់​លោក ​បាន ​គីមូន ​មិន​ឲ្យ​លូកដៃ​ក្នុង​ជម្លោះ​បញ្ហា​ព្រះវិហារ។

ប៉ុន្តែ ​នៅ​លើ​ភាព​ជាក់ស្តែង​វិញ ​គ្មាន​ឡើយ​ដំណោះស្រាយ​សម្រាប់​ការឈ្លានពាន​របស់​ថៃ​មក​លើ​បូរណភាព​ទឹកដី​ខ្មែរ ពោលគឺ​កងទ័ព​ថៃ​នៅ​តែ​មាន​វត្តមាន​នៅ​​ក្បែរ​វត្ត​កែវសិក្ខាគីរីស្វារៈ​តែ​ដដែល។ ​រីឯ​កិច្ច​ព្រមព្រៀង​ទាំងបី​ដែល​រដ្ឋាភិបាល​ថៃ​​សន្យា​ថា នឹង​ស្នើ​ឲ្យ​សភា​អនុម័ត នៅ​ក្នុង​អំឡុង​ខែ​តុលា​នេះ​ក៏នៅ​តែ​មិន​ទាន់​អនុម័ត​​អ្វី​ទាំង​អស់។ យ៉ាងណា​ក៏ដោយ ក្នុង​ជំនួប​ជាមួយ​លោក បាន ​គីមូន កាល​ពី​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជួយ​ជំរុញ​រដ្ឋាភិបាល​ថៃ​ឲ្យ​ដក​ទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា  និង​នៅ​តែ​រក្សា​សិទ្ធិ ស្នើ​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​ក្នុង​ករណី​ដែល​មាន​ជម្លោះ​ប្រដាប់​អាវុធ​បាន​ផ្ទុះ​ឡើង នៅ​តាម​ជាយ​ដែន​ខ្មែរ និង​ថៃ។

គេ​ប្រហែល​ជា​អាច​នឹង​យល់​បាន​អំពី​ការអត់ធ្មត់​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការរង់ចាំ​​ដំណោះស្រាយ​ទ្វេភាគី​ជាមួយ​ថៃ ប៉ុន្តែ​អ្វី​ដែល​គេ​មិន​អាច​យល់​បាន​នោះ គឺ​តើ​ថៃ​ពិត​​ជា​មាន​សុឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​កម្ពុជា ឬ​មួយ​ក៏ប្រទេស​នេះ​គ្រាន់​តែ​ប្រើ​ល្បិច​ដើម្បី​អូស​បន្លាយ​ការ​ឈ្លានពាន​របស់​ខ្លួន? ​នេះ​ជា​សំណួរ​ដែល​កម្ពុជា​ត្រូវ​ពិចារណា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ