អានតួអត្ថបទ
ស.រ.អា.-តៃវ៉ាន់

វ៉ាស៊ីនតោន​មិន​លក់​យន្តហោះ​ប្រដេញ​ទៅ​ឲ្យ​តៃវ៉ាន់​ទេ !

នៅ​ទី​បំផុត​ សហរដ្ឋ​អាមេរិក​ បាន​សម្រេច​ចិត្ត​មិន​លក់​យន្តហោះ​ប្រដេញ​​ប្រភេទ F-១៦ ដ៏​ទំនើប​ ទៅ​ឲ្យ​ក្រុង​តៃប៉ិទេ​ ប៉ុន្តែ​វ៉ាស៊ីនតោន នឹង​ធ្វើ​ទំនើប​កម្ម​គ្រឿង​សព្វាវុធ​​ យន្តហោះ​ចាស់ៗ​ទាំងប៉ុន្មាន​ ដែល​តៃវ៉ាន់​កំពុង​ប្រើ​ប្រាស់​បច្ចុប្បន្ន​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សភា​អាមេរិក​នៅ​យប់​មិញ។

យន្តហោះ​ប្រដេញ​ F-16 របស់​តៃវ៉ាន់
យន្តហោះ​ប្រដេញ​ F-16 របស់​តៃវ៉ាន់ © Reuters
ផ្សាយពាណិជ្ជកម្ម

ពុំ​ទាន់​មាន​សេចក្តី​ប្រកាសជាផ្លូវការ​ នៅ​ឡើយ​ទេ ! ​ប៉ុន្តែ​បើ​យោង​តាម​ប្រភព​សភា​អាមេរិក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ក្រសួង​ការបរទេស​អាមេរិក​ ដែល​ទំនង​ជា​បាន​ជួប​ប្រជុំ​ផ្តល់​ព័ត៌មាន​ដល់​ក្រុម​​សភា​អ្នក​តំណាង​ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ បាន​អះអាង​ថា អាមេរិក​នឹង​ជួយ​ធ្វើ​ទំនើបកម្ម​វិស័យ​យោធា​ឲ្យ​តៃវ៉ាន់ តែមិនមែន​យល់​ព្រម​​លក់​យន្តហោះ​ប្រដេញ​ ប្រភេទ F-១៦C/D​ឡើយ។ ការ​ធ្វើ​ទំនើបកម្មយន្ត​ហោះ​ចម្បាំង​តៃវ៉ាន់ ដែល​មាន​តម្លៃ​ប្រមាណ​៤ពាន់​ពីររយ​លាន​ដុល្លារ គឺ​ជា​ចំណែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​​រវាង​រដ្ឋការ​​​លោក​ អូបាម៉ា និង​ តៃវ៉ាន់។

 
បើ​យោង​តាម​​ទស្សនាវដ្តី​ Defense News ចេញ​ផ្សាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ អាមេរិក​ធ្លាប់​បាន​ព្រលយ​ប្រាប់​តៃវ៉ាន់ ឲ្យ​ដឹង​ពី​ចេតនា​របស់​អាមេរិក ​​មិន​លក់​យន្ត​ហោះ​ប្រដេញ​ ​នេះ​ដែរ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ទទួល​ខុស​ត្រូវ​តៃវ៉ាន់ និង​អាមេរិក​ច្រាន​ចោល ដោយ​អះអាង​ថា​ពុំ​ទាន់​មាន​សេចក្តី​សម្រេច​ចិត្ត​ចុង​ក្រោយ​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ថា ប្រឈម​មុខនឹង​ការ​ពង្រឹង​ពង្រីក​មហិទ្ធិឫទ្ធិ​​យោធា​ដ៏​ខ្លាំង​ក្លា និង​ឥត​ឈប់​ឈរ​​​របស់​ចិន ក្រុង​តៃប៉ិ បាន​ស្នើ​សុំ​​​ទិញ​ពី​សហរដ្ឋ​អាមេរិក​ យន្ត​ហោះ​ប្រដេញ​ ដែល​មាន​បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​រ៉ាដា និង​អាវុធ​ដ៏​ទំនើប ប្រភេទ​ F-១៦ ដល់​ទៅ​៦៦​គ្រឿង តាំង​ពី​ឆ្នាំ​២០០៧​មក។

ប៉ុន្តែ​អាមេរិក​ហាក់​មាន​ការ​អល់​អែក​​ក្នុង​ការ​សម្រេច​​ចិត្ត​លក់​សព្វាវុធ​ទៅ​តៃវ៉ាន់​យ៉ាង​ខ្លាំង ព្រោះ​ ជានិច្ចកាល ​ចិនតែង​ព្រមាន និង​គំរាម​​​អាមេរិក​ ជាហេតុ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន-អាមេរិក​ធ្លាក់​ចុះ​ដុន​ដាប​យ៉ាង​ខ្លាំង។ ជាក់​ស្តែង​កាលពី​ដើម​ខែ​កញ្ញា​នេះ ក្រុង​ប៉េកាំង​បាន​ព្រមាន​ថា​នឹង​បញ្ចេញ​សកម្មភាព​ យ៉ាង​រហ័ស និង​ស្វាហាប់ ខ្លាំង ​ខុស​ពីសព្វ​មួយ​ដង​ ប្រសិន​បើ​អាមេរិក​នៅ​តែ​ចចេស​លក់​យន្ត​ហោះ​ប្រដេញ​​ឲ្យ​តៃវ៉ាន់។

ក្រុង​​ប៉េកាំង​ ចាត់​ទុក​ តៃវ៉ាន់​ជា​ខេត្ត​​មួយ​របស់​ខ្លួនដែល​រង់​ចាំ​ការ​ចរចា​បង្រួបបង្រួមចិន​តែ​មួយ ហើយ​អាច​ប្រើ​កម្លាំង​ទ័ព​វាយ​យក​តៃវ៉ាន់​ផង​ ប្រសិន​បើ​ចាំបាច់។ ចំណែក​អាមេរិក ទោះ​បី​ជា​ខ្លួន​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​​ក្រុង​ប៉េកាំង​ តាំង​ពី​ទសវត្ស​ឆ្នាំ​៧០​ និង​ទោះ​បី​ទទួល​ស្គាល់​នយោបាយ​ចិនតែ​មួយ ​ជាងតៃវ៉ាន់​ក៏​ដោយ ក៏​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​តែ​ជា​អ្នក​ផ្គត់​ផ្គង់​អាវុធ​យុទ្ធភណ្ឌ និង​ជួយ​ការពារ​តៃវ៉ាន់ យ៉ាង​សកម្ម​ជានិច្ច​ ព្រោះ​អាមេរិក​មិន​អាច​បណ្តោយ​ឲ្យ​ចិន​អភិវឌ្ឍ​វិស័យ​យោធា​​ស្រេច​តែ​នឹង​ចិត្ត​ ម្នាក់ឯង​ក្នុង​តំបន់​បាន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ