អានតួអត្ថបទ
កម្ពុជា

អាមេរិក​​បង្ហាញ​​ស្ថានភាព​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​​ដែល​​អាក្រក់​​ច្រើន​

ដូច​រៀងរាល់​ឆ្នាំ ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​របាយការណ៍​សិទ្ធិមនុស្ស​ពិភពលោក​ឆ្នាំ​២០១២​នេះ ដែល​និយាយ​អំពី​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​តាម​ប្រទេស​នីមួយៗ​ក្នុង​ឆ្នាំ​២០១១​កន្លង​ទៅ។ សម្រាប់​អាមេរិក ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា​នៅ​តែ​ជា​បញ្ហា​ធ្ងន់ធ្ងរ។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​បាន​រិះគន់​របាយការណ៍​របស់​អាមេរិក​វិញ​ថា មិន​មាន​ភាព​គ្រប់​ជ្រុងជ្រោយ​ឡើយ។

ស្ថានភាព​​សិទ្ធិមនុស្ស​នៅ​​កម្ពុជា​​នៅ​​តែ​​ជា​​បញ្ហា​​ធ្ងន់ធ្ងរ​នេះ​បើយោង​តាម​របាយការណ៍សិទ្ធិមនុស្សពិភពលោក​របស់​​​ក្រសួង​ការបរទេស​​​អាមេរិក​នៅឆ្នាំ​២០១២
ស្ថានភាព​​សិទ្ធិមនុស្ស​នៅ​​កម្ពុជា​​នៅ​​តែ​​ជា​​បញ្ហា​​ធ្ងន់ធ្ងរ​នេះ​បើយោង​តាម​របាយការណ៍សិទ្ធិមនុស្សពិភពលោក​របស់​​​ក្រសួង​ការបរទេស​​​អាមេរិក​នៅឆ្នាំ​២០១២ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​អំពី​៧​ចំនុច​ធំៗ​ដូចជា ការ​គោរព​សិទ្ធិបុគ្គល ការ​គោរព​សេរីភាព​បុគ្គល ការ​គោរព​សិទ្ធិ​នយោបាយ អំពើ​ពុក​រលួយ​របស់​មន្ត្រី​និង​តម្លាភាព​របស់​រដ្ឋាភិបាល​ អាកប្បកិរិយា​របស់​​រដ្ឋាភិបាល​​ចំពោះ​ការងារ​របស់​សង្គម​ស៊ីវិល ​សិទ្ធិកម្មករ​ ការរើសអើង​ និងការ​ជួញដូរ​​មនុស្ស។

យោង​តាម​ខ្លឹមសារ​នៃ​របាយការណ៍ នៅក្នុង​គ្រប់​ផ្នែក​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​មិន​សូវ​ជា​មាន​ចំណុច​ល្អ​នោះ​ឡើយ។ នៅក្នុង​សេចក្តី​សង្ខេប​ដែល​មាន​នៅ​ផ្នែក​ខាង​ដើម​នៃ​របាយការណ៍​​​​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អ្នក​សរសេរ​របាយការណ៍​​ បាន​ផ្តោតទៅ​លើ​ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។ ភាព​ទន់ខ្សោយ​មិន​អាច​ផ្តល់​ការ​កាត់ក្តី​ដែល​យុត្តិធម៌​ ហើយ​វា​បាន​នាំ​អោយ​ប៉ះពាល់​ដល់​បញ្ហា​សិទ្ធិមនុស្ស។

របាយការណ៍​សរសេរ​បន្ត​ថា តុលាការ​ដែល​ខ្វះខាត​ធនធាន​មនុស្ស និង​ហិរញ្ញវត្ថុ​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ និង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ។

ក្រៅ​ពី​បញ្ហា​តុលាការ របាយការណ៍​ដដែល​បាន​លើក​ឡើង​អំពី​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ពី​សំណាក់​សមត្ថកិច្ច​ទៀត​ផង។ របាយការណ៍​បាន​បង្ហាញ​ករណី​ជាក់ស្តែង​ជា​អំណះ​អំណាង​ផង​ដែរ។
យោង​តាម​របាយការណ៍​នេះ សិទ្ធិ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ សេរីភាព​នៃ​ការ​ជួប​ប្រជុំ ការ​ជួញដូរ​ស្រ្តីនិង​កុមារ អំពើ​ពុករលួយ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ ទាំងនេះ​សុទ្ធ​តែ​នៅ​មាន​បញ្ហា​ទាំងអស់។

លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា​លោក​នៅ​មិន​ទាន់​បាន​ឃើញ​របាយការណ៍​នោះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ថា ប្រសិនបើ​របាយការណ៍​នោះ​សរសេរ​ដូច​ការ​រៀបរាប់​ខាង​លើ​មែន របាយការណ៍​នេះ​មិនមាន​លក្ខណៈ​ពេញលេញ​គ្រប់​ជ្រុងជ្រោយ​នោះ​ឡើយ។ លោក​ទេសរដ្ឋមន្ត្រី​បាន​ចោទ​ជា​សំណួរ​ថា តើ​របាយការណ៍​នេះ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​លើក​ស្ទួយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ពិតប្រាកដ ឬ​ក៏​គ្រាន់​តែ​ដើម្បី​ក្រសួង​ការបរទេស​អាមេរិក​ខ្លួន​ឯង​ទេ? បើតាម​លោក​ឱម យិនទៀង រដ្ឋាភិបាល​កំពុង​ខិតខំ​ពង្រីក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ