អានតួអត្ថបទ
កម្ពុជា

បេសកជន​អង្គការ​យូណេស្កូ​មិន​ទៅ​ពិនិត្យ​ការខូចខាត​ប្រាសាទ​ព្រះវិហារ​ដោយ​ផ្ទាល់​ទេ

បេសកជនរបស់អង្គការ យូណេស្កូ​ដែល​គ្រោង​មក​ដល់​កម្ពុជា ថ្ងៃ​អាទិត្យ​ស្អែកនេះ មិន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ការខូចខាត​ប្រាសាទ​ព្រះវិហារ​ដោយ​ផ្ទាល់ ដូច​ព័ត៌មាន​ពី​ដំបូង​ទេ។ បន្ទាប់​ពី​ជំនួប ជាមួយ​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស​ថៃ តំណាង​យូណេស្កូលោក Koichiro Mat​su​ura នឹង​ជួប​នាយក​រដ្ឋមន្រ្តី មន្រ្តីការទូត​ ខាង​កម្ពុជា​ដូចថៃ​ដែរ។ លទ្ធផល​ដំណើរ​ទស្សនកិច្ច ក្នុង​ប្រ​ទេស​​ថៃ របស់​បេសកជន​យូណេស្កូ ត្រូវ​កាសែត​ប្រទេស​ថៃ​ផ្សាយ នៅថ្ងៃ​សៅរ៍​នេះថា តំណាង​យូណេស្កូ ថា​ នឹង​ពិនិត្យ លើ​សំណើ​អភិវឌ្ឈន៏ ប្រាសាទព្រះវិហារ របស់​កម្ពុជា កាលពី​ឆ្នាំ២០១០​ឡើង​វិញ ប្រសិន​សភាពការណ៏​ព្រំដែន​នៅ​តានតឹង តែ​កម្ពុជា​ចាត់ទុក​សម្តី​នោះ​ជា​ការកុហក​របស់​ថៃ។

អគ្គលេខាធិការ​អង្គការ​យូនេស្កូ លោកស្រីIrina Bokova (ឆ្វេង) និង​បេសកជន​យូនេស្កូ​លោក​Koichiro Matsuura ដែល​ត្រូវ​មក​ធ្វើ​ការត្រួត​ពិនិត្យ​ប្រាសាទ​ព្រះវិហារ​បាក់បែក​ក្នុង​ការវាយប្រហារ​របស់​ថៃ
អគ្គលេខាធិការ​អង្គការ​យូនេស្កូ លោកស្រីIrina Bokova (ឆ្វេង) និង​បេសកជន​យូនេស្កូ​លោក​Koichiro Matsuura ដែល​ត្រូវ​មក​ធ្វើ​ការត្រួត​ពិនិត្យ​ប្រាសាទ​ព្រះវិហារ​បាក់បែក​ក្នុង​ការវាយប្រហារ​របស់​ថៃ ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

02:41

សេចក្តី​រាយការណ៍​របស់​អ៊ឹម ណាវិន​ពី​ទីក្រុង​ភ្នំពេញ

អ៊ឹម ណាវិន

ទោះបីជា​ស្ថិតនៅ​ក្នុង​បេសកកម្ម​ការពារ និង​អភិរក្ស ប្រាសាទ​ចំណាស់​របស់ខ្មែរ ដែល​បាន​រង​ក្នុង​ការបាញ់គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ ក៏ដោយ ក៏​ក្នុង​ដំណើរ​ទស្សន​កិច្ច របស់​ខ្លួន លោក Koichiro Matsuura បេសកជនរបស់​អង្គ​ការ យូណេស្កូ នឹង​មិន​​ទៅដល់​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​ពិនិត្យ​ការខូចខាច សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​ផ្ទាល់នោះ​ដែរ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បានអោយដឹង​ថា លោក Koichiro Matsuura​​ មិន​មានគម្រោងទៅ ពិនិត្យការខូចខាត ប្រាសាទព្រះវិហារ ដល់ សមរភូមិ​មុខ​នោះ​ទេ។ លោក​ផៃ ស៊ីផាន បន្ថែម​ថា គោលបំណង​នៃដំណើរ​ទស្សនកិច្ច​របស់ តំណាង​យូណេស្កូ​ គឺ ដើម្បី​គ្រាន់តែ​ស្តាប់​ពី​ស្ថានភាព​តានតឹង នៅតំបន់​ប្រាសាទ​ព្រះវិហារ ហើយ​យូណេស្កូ ចង់​អោយ​កម្ពុជា ថៃ គោរព​ការឈប់បាញ់​គ្នា ដើម្បី​ការពារ និង​អភិរក្ស​សម្បត្តិ​វប្បធម៌​មនុស្សជាតិ គឺ​ប្រាសាទ​ព្រះវិហារ ដែល​មិនអាច​កាត់ថ្លៃ​បាន។

ទោះយ៉ាងណា លោក រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា កម្ពុជា​បាន​បញ្ជូន​ភស្តុតាង និង​ឯកសារ ពី​ការខូចខាត​ប្រាសាទ​ព្រះវិហារ ដោយ​គ្រាប់កំាភ្លើង​ថៃ អោយទៅ​យូណេស្កូ​រួចហើយ​ដែរ។ បេសកជន​របស់​យូណេស្កូ លោក Koichiro Matsuura នឹ​ងមកដល់កម្ពុជា នៅថ្ងៃ​អាទិត្យ​ទី ២៧ កុម្ភៈ​នេះ បន្ទាប់​ពី លោកបា​នជួប ប្រមុខដឹកនាំ ប្រមុខ​ការទូត​របស់ថៃ កាលពី​ថ្ងៃ​សុក្រ និងថ្ងៃ​សៅរ៏ នេះ នៅក្នុង​ទីក្រុងបាងកក។ នៅ​កម្ពុជា បេសកជន​យូណេស្កូ​គ្រោងជួប​ជាមួយ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លោកសុខ អាន ឧបនាយក​រដ្នមន្រ្តី និង​អាជ្ញាធរ​ព្រះវិហារ។

ថ្ងៃសៅរ៍នេះ កាសែត​បាងកកប៉ុស្តិ៍ របស់​ថៃ​បានដកស្រង់​សម្តី​មន្រ្តី​អ្នកនាំពាក្យ ក្រសួង​ការបរទេស​ថៃ ដែល​និយាយ​អំពីលទ្ឋផល នៃដំណើរ​ទស្សនកិច្ច របស់​លោក Koichiro Matsuura​ ក្នុង​ប្រទេស​ថៃ​ថា នៅ​ក្នុងជំនួប​ជាមួយ នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ការបរទេសថៃ តំណាងអង្គការ​​យូណេស្កូ បាន​​លើកឡើង​ថា ដរាបណា​ស្ថានភាព​ព្រំដែន​ក្បែរ​ប្រាសាទ ព្រះវិហារ​មិនទាន់​ធូរស្រាល ​យូណេស្កូ នឹង​ពិនិត្យ​សំណើ​គម្រោង​អភិវឌ្ឍន៍​​ប្រាសាទ​ព្រះវិហារ របស់​កម្ពុជា​ឡើង​វិញ នៅក្នុង​កិច្ច​ប្រជុំ​លើក​ទី ៣៥ របស់​យូណេស្កូ​ក្នុង​ខែកក្តដា​ខាងមុខនេះ។

គម្រោង​អភិវឌ្ឍន៏​ប្រាសាទ ព្រះវិហារ​ស្នើ​ដោយកម្ពុជា កាលពី​ឆ្នាំ២០១០ នៅក្នុងកិច្ចប្រជុំ​លើកទី​៣៤ របស់យូណេស្កូ ក្នុងប្រទេស​ប្រេស៊ីល ត្រូវបាន​យូណេស្កូ​ទទួល​យក និង​ស្វាគម​រួច​ហើយ។ លោកផៃ ស៊ីផាន ចាត់ទុក​ការលើកឡើង របស់​ភាគីថៃ​ប្រាប់​បេសកជន យូណេស្កូ ថា ជាការ​បំផ្លើស។ លោកថា យូណេស្កូ គ្មាន​អាណត្តិ កំណត់​ការសម្រេច​របស់ខ្លួន​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ