អានតួអត្ថបទ
ហ្វីលីពីន

ទស្សនកិច្ច​​ជា​​ប្រវតិ្តសាស្ត្រ​​របស់​​ប្រធានាធិបតី​​អាគីណូ​​នៅ​​តំបន់​​អ៊ីស្លាម​​ភាគ​​ខាង​​ត្បូង​​ហ្វីលីពីន​​

នៅ​ប្រទេស​ហ្វី​លីពីន នៅ​ថ្ងៃ​ចន្ទ​នេះ ប្រធានាធិបតី​​​ Benigno Aquino បាន​ធ្វើ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​មួយ​​ នៅ​តំបន់​អ៊ីស្លាម​ភាគ​​ត្បូង​ប្រទេស​ ហើយ​បាន​អំពាវនាវ​អោយ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​​ ចូលរួម​​​​​​​សំរេចអោយ​បាន​ឆាប់​រហ័ស​ ​នូវ​​​ដំណើរ​ការ​​​ស្វែង​រក​សន្តិភាព​​ក្នុង​ប្រទេស។ នេះ​ជា​លើក​ទី​មួយ​ហើយ​ តាំង​ពី​​ទស្សវត្សរ៍​​​ឆ្នាំ​​៧០​​មក​ ដែលមេ​​​ដឹក​នាំ​​​ប្រទេស​​​​ ឈាន​ជើង​ទៅ​កាន់​​តំបន់​ភាគ​ខាង​ត្បូង​​​ប្រទេស​ហ្វីលីពីន។​ មុន​នឹង​​​​ចប់​អណត្តិ​ដឹកនាំ​របស់ខ្លួន​នៅ​ឆ្នាំ​ ២០១៦ ​​លោក​​ អាគីណូ​ ចង់​សំរេច​អោយ​បាន​​នូវ​​​​​​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​ ជា​ស្ថាពរ។ 

លោក​ អាគីណូ​ ចង់​អោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​​​​​សំរេច​​ឡើង​ ​​ក្នុង​អណត្តិ​របស់​លោក
លោក​ អាគីណូ​ ចង់​អោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​​​​​សំរេច​​ឡើង​ ​​ក្នុង​អណត្តិ​របស់​លោក
ផ្សាយពាណិជ្ជកម្ម

“​ពេលវេលា​​នៅសល់​សំរាប់​យើង​ មាន​តែ​បី​ឆ្នាំ​និង​បួន​ខែ​ទៀត​​ប៉ុណ្ណោះ។​ យើង​ត្រូវ​ធ្វើ​ការ​សំរេច​ដំណើរ​ការ​អោយ​បាន​ឆាប់​រហ័ស​ ដើម្បី​អោយ​​ដំណើរ​ការ​នេះ​​ស្ថិត​នៅ​ជា​អចិន្ត្រៃយ៍។” ​​​​​​​​​​​​​​​
នេះ​ជា​ការ​ប្រកាស​​​របស់​​ប្រធានាធិបតី​ ហ្វីលីពីន នៅ​ថ្ងៃ​ចន្ទ​នេះ ទាក់​ទង​​នឹង​ដំណើរ​ការ​​នៃ​​​កិច្ច​ចរចារ​សន្តិភាព​ក្នុង​ប្រទេស​ រវាង​ក្រុម​​​ឧទ្ទាម​​និង​រដ្ឋាភិបាល​។

ប្រធានាធិបតី​ អាគីណូ​ បាន​ធ្វើ​ទស្សនកិច្ច​​ទៅ​កាន់​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស ដើម្បី​​​បង្ហាញ​កម្មវិធី​សង្គម​​ ​ដល់​ជនជាតិ​​​អ៊ីស្លាម​ក្នុង​បណ្តា​ភូមិ​នានា​ ដែល​មាន​ទីតាំង​​នៅ​​ក្នុង​តំបន់​ពួក​ឧទ្ទាម។​​ ទស្សនកិច្ច​របស់​លោក​​ អាគីណូ​ គឺ​ជា​ទស្សនកិច្ច​​ប្រវត្តិសាស្ត្រ​សំ​រាប់​​តំបន់​អ៊ីស្លាម​​ភាគ​ខាង​ត្បូង​ ព្រោះ​ថា​នេះ​ជា​លើក​ទី​មួយ​ហើយ​ តាំង​ពី​​ទស្សវត្សរ៍​​​ឆ្នាំ​​៧០​​មក​ ដែល​​​​មេ​​​​ដឹក​នាំ​​​ប្រទេស​​​​​​បាន​ចុះ​​ទៅ​​​ក្នុង​តំបន់​នេះ។

ក្នុង​កិច្ច​ចរចា​ស្វែង​រក​សន្តិភាព​កន្លង​មក​​​​​ ក្រុម​ឧទ្ទាម​​​អ៊ីស្លាម​​ ដែល​មាន​ឈ្មោះ​ថា ​“រណសិរ្សរំដោះ​នៃ​​​​​​ជនជាតិ​អ៊ីស្លាម​​នៅ​ហ្វីលីពីន” ​ធ្លាប់​បាន​ចុះ​ហត្ថលេខា​​លើ​កតិកាសញ្ញា​មួយ​​​ជាមួយ​រដ្ឋាភិបាល។ កតិកាសញ្ញា​នេះ​​​​ចែង​​ពី​​ដំណាក់​កាល​​នីមួយៗ នៃ​វិធានការ​​ដែល​​​នឹង​ត្រូវ​ប្រើ​ ដើម្បី​បញ្ចប់​​​​​​​អំពើ​ហិង្សា​​បះបោរ​​​​​​ ដែល​មាន​ជា​​​ច្រើន​ទស្សវត្សរ៍​​កន្លង​មក​នេះ។ ​​​
ចាប់​ពី​ពេល​នេះ រហូត​ដល់​ឆ្នាំ​ ២០១៦ មុន​នឹង​អណត្តិ​គ្រប់​គ្រង​របស់​ប្រធានាធិបតី អាគីណូ ត្រូវ​​បញ្ចប់ រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាមអ៊ីស្លាម​​​ត្រូវ​តែ​​សំរេច​អោយ​បាន​​​​នូវ​​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​​ជា​ស្ថាពរ​​។ លោក​ អាគីណូ​ ចង់​អោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​​​​នេះ​​ក្នុង​អណត្តិ​របស់​លោក ហើយ​ប្រធានាធិបតី​ដែល​បន្ត​តំណែង​ពី​លោក មិន​ត្រូវ​រុះ​រើ​​​ កែប្រែ​​កិច្ច​ព្រមព្រៀង​នេះឡើយ​​។

អំពើ​ហិង្សា​បះបោរ​​​នៅ​ហ្វីលីពីន​​ ក្នុង​រយៈ​ពេល​ច្រើន​ទស្សវត្សរ៍​​កន្លង​មក បាន​បង្ក​អោយ​ស្លាប់​មនុស្ស​​ប្រហែល​ជា​​មួយសែន​​​ប្រាំ​ម៉ឺន​នាក់​ និង​​​ជាង​មួយ​​​សែន​នាក់​ទៀត​​​ភៀស​ខ្លួន​​​​​​​​​​​​។
យោង​​តាម​កតិកាសញ្ញា​ ក្រុម​ឧទ្ទាម​អ៊ីស្លាម​​​​សុខចិត្ត​បោះ​បង់​ចោល​​នូវ​​ឯករាជ្យ​ភាព​​​​តំបន់​​ភាគ​ខាង​ត្បូង​ ​ តែ​ត្រូវ​​អោយ​មាន​ការ​បង្កើត​​​តំបន់​អ៊ីស្លាម​ពាក់​កណ្តាល​​ស្វ័យយត​មួយ នៅ​​​​​មួយ​ភាគ​​នៃ​កោះ​ Mindano ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន។ តំបន់​ពាក់​កណ្តាល​ស្វ័យ​យត​នេះ ប្រហែល​ជា​​​នឹង​ត្រូវ​គេ​ដាក់​​​ឈ្មោះអោយ​​ថា Bangsamoro៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ