អានតួអត្ថបទ
កម្ពុជា

នាយក​រដ្ឋ​​មន្ត្រី​​​វៀតណាម​​ ឡាវ​និង​​​ថៃ​​ចូល​​​គោរព​​​ព្រះ​វិញ្ញាណក្ខន្ធ​​​សម្តេច​​​ព្រះមហា​វីរក្សត្រ​​​

នៅ​​រសៀល​​ថ្ងៃ​​សុក្រ​ទី​​១៩ ​ខែ​តុលា​ឆ្នាំ​​២០១២​ លោក​នាយក​​រដ្ឋមន្ត្រី​ វៀតណាម ​នាយករដ្ឋ​មន្ត្រី​​ឡាវ ​និង​​នាយក​រដ្ឋមន្ត្រី​​ថៃ ​បាន​​ធ្វើ​ដំណើរ​​ជា​​បន្ត​បន្ទាប់​ មក​​កាន់​​ទីក្រុង​​ភ្នំពេញ​ដើម្បី​​ចូល​រួម​​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ​ សម្តេច​​ព្រះមហាវីរក្សត្រ ​សម្តេចឪ ​នរោត្តម ​សីហនុ​។​ ក្រៅពី​​ចូល​រួម​​គោរព​​ព្រះ​​វិញ្ញាណក្ខន្ធ​​ព្រះករុណា​នៅ​ក្នុង​​ព្រះបរមរាជវាំង ​នាយករដ្ឋ​មន្ត្រី​​ប្រទេស​​ជាប់​ព្រំដែន​​​​នឹង​​កម្ពុជា​​ទាំង​បី​ ក៏​​បាន​​ជួប​ពិភាក្សា​​ដាច់​ដោយឡែក​​ពីគ្នា​ជាមួយ​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដើម្បី​​បញ្ជាក់​​ពី​​ការ​ចូល​រួម​​រំលែក​​ទុក្ខ​ចំពោះ​​ការ​បាត់បង់​​ព្រះរាជ​បិតា​ព្រះមហា​វីរ​ក្សត្រ​​​​​​របស់​​កម្ពុជា​នា​ពេល​នេះ​។​

ព្រះមហាក្សត្រខ្មែរ​នរោត្តម​ សីហមុនី​និង​ព្រះមាតា​មូនីនាថ សីហនុ
ព្រះមហាក្សត្រខ្មែរ​នរោត្តម​ សីហមុនី​និង​ព្រះមាតា​មូនីនាថ សីហនុ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

ដំបូង​ឡើយ គឺ​លោក ង្វៀន តាន់​យុង ( Nguyen Tan Dung ) នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​ដឹកនាំ​គណៈប្រតិភូ​មក​ដល់​ទីក្រុង​ភ្នំពេញ ហើយ​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​។

 
ចំណែក​លោក​នាយក​រដ្ឋមន្ត្រី​ឡាវ ថង​ស៊ី​ង ថាំ​ម៉ា​វង់ ( Thongsing Thammavong ) ក៏​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ចូល​ជួប​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ផង​ដែរ​។

​កិច្ចប្រជុំ​ដាច់​ដោយ​ឡែក​ពី​គ្នា ជា​បន្ត​បន្ទាប់​នោះ បាន​ធ្វើ​ឡើង មុន​ពេល​ពេល​នាយក​រដ្ឋមន្ត្រី វៀតណាម និង​នាយករដ្ឋមន្ត្រី​ឡាវ ចូល​ព្រះបរមរាជវាំង ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​។​
​រីឯ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ យ៉ីង​ឡាក់ ស៊ីណា​វ៉ាត់ ( Yingluck Shinawatra )ក៏​បាន​មក​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រនៅក្នុង​ព្រះបរម​រាជ​វាំង​ នៅ​រសៀល​នេះ មុន​នឹង​ជួប​សវនាការ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

នាយករដ្ឋមន្ត្រី​វៀតណាម ឡាវ និង​នាយករដ្ឋមន្ត្រី​ថៃ សុទ្ធតែ​បាន​លើក​ឡើង​ផ្ទាល់​មាត់ នៅ​ចំពោះ​មុខ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នូវ​ការ​ចូល​រួម​រំលែក​ព្រះរាជ​មរណៈទុក្ខ ចំពោះ​ការ​បាត់បង់​ព្រះមហាវីរក្សត្រ​របស់​កម្ពុជា​។​

​សម្រាប់​លោក​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់​យុង បាន​បញ្ជាក់​ប្រាប់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​ថា រដ្ឋាភិបាល ប្រជាជន និង​ថ្នាក់ដឹកនាំ​វៀតណាម​ទាំង​អស់ មាន​សេចក្តី​ក្រៀមក្រំ និង​សោកស្តាយ​ឥតឧបមា ចំពោះ​ព្រះរាជ​បិតា​ជាតិ​កម្ពុជា សម្តេច​ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​។ វៀតណាម បានចាត់ទុក​ព្រះករុណា សម្តេច​​ព្រះមហាវីរក្សត្រ ថា​ជា​មហាមិត្ត​របស់​វៀតណាម​។​

​តាម​ដំណឹង ក្រៅពី​មេដឹកនាំ​អាស៊ាន ៣ ប្រទេស ជាប់​ព្រំដែន​កម្ពុជា​នេះ នៅ​ថ្ងៃ​អាទិត្យ ទី​២១​តុលា​ខានស្អែក នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី ដែល​ជា​សមាជិក​អាស៊ាន ទី​៤ លោក លី សៀន​ឡុង ( Lee Hsien Loong ) នឹង​ដឹកនាំ​គណៈប្រតិភូ មក​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​គោរពព្រះ​វិញ្ញាក្ខន្ធ​​អតីត​ព្រះមហាក្សត្រ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ