អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អវត្តមាន​លោក​សម រង្ស៊ី​ជាវិញ្ញាសា​សាកល្បង​ពី​ភាពរឹងមាំ​របស់​គណបក្ស​សង្គ្រោះជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយពី​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន គ.ជ.ប ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​រួចមក គ្មានអ្វី​ជា​អាថ៌កំបាំង​ទៀតឡើយ​សម្រាប់​ជីវិត​នយោបាយ​របស់លោក​សម រង្ស៊ី។ មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា​ដែល​លេចធ្លោ​ជាងគេ​រូបនេះ​គ្មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ទេ។ មានន័យថា ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ លោក សម រង្ស៊ី មិនអាច​ក្លាយជា​តំណាងរាស្ត្រ​បានឡើយ។ អវត្តមាន​ទាំង​រូប​កាយ​និង​ទាំង​តួនាទី​សំខាន់​ក្នុង​ឆាកនយោបាយ​របស់លោក​សម រង្ស៊ី​គឺជា​វិញ្ញាសា​សាកល្បង​មួយ​ពី​ភាពរឹងមាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

សមាជ​គណបក្ស​សង្រ្គោះជាតិ កាល​ពីពេល​ន្លងមក
សមាជ​គណបក្ស​សង្រ្គោះជាតិ កាល​ពីពេល​ន្លងមក RFI/Bona Pen
ផ្សាយពាណិជ្ជកម្ម

ទីបំផុត​ទៅ មិន​ត្រឹមតែ​មិនអាច​វិលត្រឡប់​ចូល​ស្រុក​បាន​ប៉ុណ្ណោះ​ទេ តែ​លោក​សម រង្ស៊ី​ក៏ត្រូវ​បាត់បង់​តួនាទី​សំខាន់​ក្នុង​ឆាកនយោបាយ​ទៀតផង​ ពីព្រោះ​តែ​លោក​គ្មាន​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ទេ។ អវត្តមាន​ទាំង​រូប​កាយ​និង​ទាំង​តួនាទី​ជា​តំណាងរាស្ត្រ​របស់លោក សម រង្ស៊ី គឺជា​ចំណោទ​ដ៏​ធំ​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

គេ​ពិតជា​នៅចាំ​បាន​ថា គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់កំណើត​ឡើង​ក្នុងស្ថានភាព​ចាប់បង្ខំ​ច្រើនជាង​ឆន្ទៈ​ពិតប្រាកដ​របស់​គណបក្ស​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស។ ទម្រាំ​តែ​អាច​បង្រួបបង្រួម​គ្នា​បាន គណបក្សប្រឆាំង​ទាំងពីរ​បាន​ហែល​ឆ្លងកាត់​ដំណាក់កាល​ដ៏​ជូរចត់​ជាច្រើន​ក្នុង​បរិបទ​នៃ​ការមិនទុកចិត្ត​គ្នា។ យ៉ាងណា​ក៏ដោយចុះ វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​កាលៈទេសៈ​នេះ​បានផ្តល់​ក្តីសង្ឃឹម​យ៉ាងខ្លាំង​ដល់​អ្នកគាំទ្រ​គណបក្សប្រឆាំង ក៏ដូចជា​អ្នក​ដែល​ចង់ឃើញ​តុល្យភាព​អំណាច​នៅក្នុង​រដ្ឋសភា​ដែរ។

ប៉ុន្តែ ទោះបីជា​កកើត​ចេញ​ជា​រូបរាង​ហើយក៏​ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រឈមមុខ​នឹង​បញ្ហាធំៗជាច្រើន​ទៀត។ បញ្ហាសំខាន់​ជាងគេ​ គឺ​លោក​សម រង្ស៊ី​ ដែលជា​តួអង្គ​សំខាន់​ និង​ដ៏​មាន​សក្តានុពល​របស់​គ​ណ​បក្សប្រឆាំង​បាន​អវត្តមាន​ពី​ទីលាន​ប្រកួត។ ការបាត់បង់​ឱកាស​ប្រកួត​របស់លោក​សម រង្ស៊ី​ ជា​រឿង​មួយ ប៉ុន្តែ រឿង​ដែល​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ អវត្តមាន​លោក​សម រង្ស៊ី បានដាក់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​ដ៏​ផុយស្រួយ។

បញ្ហា​ហាក់​មិន​ពិបាក​យល់​ទេ! គ្រួសារ​មួយ​ដែល​មិនសូវ​ចុះសម្រុង​គ្នា​ទាមទារ​ឲ្យ​មាន​ឪពុកម្តាយ​ស្ថិតនៅ​ឃុំគ្រង​យ៉ាង​ដិតដល់។ យ៉ាងណាមិញ គណបក្ស​មួយ​ក៏ដូចជា​ប្រទេសមួយ​ដែរ ពេល​មាន​បញ្ហា​មិន​ស្រួល ​ឬ​ពេល​ស្ថិតក្នុង​កាលៈទេសៈ​ពិសេស​ណាមួយ ទាមទារ​ឲ្យ​មាន​វត្តមាន​របស់​មេដឹកនាំ​ជាដាច់ខាត ។ ក្នុងន័យនេះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើបតែ​កើតចេញ​ជា​រូបរាង​ថ្មីថ្មោង​ក្នុងស្ថានភាព​បង្រួបបង្រួម​ដ៏​រសើប និង​ជាពិសេស​ក្នុងដំណាក់កាល​ត្រៀមខ្លួន​ប្រកួត​ដ៏​ស្រួចស្រាល់​បែបនេះ អវត្តមាន​របស់លោក សម រង្ស៊ី គឺជា​ហា​និភ័យ​យ៉ាង​ធំ​មួយ​សម្រាប់​គណបក្សប្រឆាំង​យ៉ាងពិត​ប្រាកដ។

ទំនងជា​មើលឃើញ​ពី​ហា​និ​ភ័យ​នេះហើយ​បានជា​គណបក្សកាន់អំណាច​បង្កើន​ការ​វាយប្រហារ​​របស់ខ្លួន ​តាមរយៈ​សង្គ្រាមចិត្តសាស្ត្រ​យ៉ាងខ្លាំង​ក្លា​ ទៅលើ​គណបក្ស​សង្គ្រោះជាតិ។ ជាក់ស្តែង បក្ស​កាន់អំណាច​បាន​បើក​កកាយ​ជម្លោះ​ពី​អតីតកាល ​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ ជុំវិញ​ការបង្រួបបង្រួម​ ដែលជា​ចំណុចរសើប​របស់​បក្ស​ប្រឆាំង។ ទន្ទឹមនឹងនោះ អតីតមន្ត្រី​បក្សប្រឆាំង​ដែល​បាន​ផ្តាច់ខ្លួន​ចូល​ជាមួយ​បក្ស​កាន់អំណាច​ក្នុងនោះ​ក៏មាន​ប្អូនបង្កើត​របស់លោក កឹម សុខា ផង ក៏បាន​ចេញមុខ​មក​ប​រិ​ហារ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​កងរំពង។ 

រីឯ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​សមានចិត្ត​ជាមួយ​គណបក្ស​កាន់អំណាច និង​ក្រុម​ឃោសនិក​​គណបក្ស​នេះ​ក៏បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ដែរ​ក្នុងការ​វាយប្រហារ​ទៅលើ គណបក្ស​ប្រឆាំង​ថ្មី​ដ៏​ក្មេងខ្ចី​មួយ​នេះ។ សង្គ្រាមចិត្តសាស្ត្រ​របស់​គណបក្ស​កាន់អំណាច​ដែល​ប្រៀបបាន​នឹង​ព្យុះ​ព្យោមា​បោកបក់​ទៅលើ​បក្សប្រឆាំង ច្បាស់​ជា​នឹងមាន​ឥទ្ធិពល ទោះ​តិច​ឬ​ច្រើនក្តី ទៅលើ​ស្មារតី​មន្ត្រី​និង​សកម្មជន​គណបក្ស​នេះ​ដោយ​ចៀស​មិន​ផុត​ឡើយ។

ដូច្នេះ នេះ​ពិតជា​វិញ្ញាសា​សាកល្បង​ដ៏​សំខាន់​មួយ​ ដើម្បី​វាស់​ស្ទង់​ពី​ភាពរឹងមាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ តើ​គណបក្ស​នេះ​អាច​ទប់​ទល់នឹង​សម្ពាធ​ដ៏​ខ្លាំងក្លា​នេះ​បាន​ដែរឬទេ? សម្រាប់​ក្រុមអ្នកវិភាគ​នយោបាយ​ប្រទេស​កម្ពុជា ការកសាង​ទំនុកចិត្ត​គ្នា​ក្នុងចំណោម​មន្ត្រី​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ​គឺជា​គន្លឹះ​នៃ​ភាពរឹងមាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ចាប់ពីពេលនេះ​រហូត​ដល់​ក្រោយ​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោតគឺ​ជា​ដំណាក់កាល​សាកល្បង​យ៉ាងសំខាន់​ណាស់​អំពី​ទំនុកចិត្ត​គ្នា​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស ក្នុងពេល​អវត្តមាន​លោក​សម រង្ស៊ី។ ប្រសិន​បើ​ទំនុកចិត្តគ្នា​មិនរឹងមាំ​ទេនោះ ប្រវត្តិសាស្ត្រ​នៃ​សម្ពន្ធ័ភាព​​បក្ស​ប្រឆាំង​​ច្បាស់ជា​នឹង​​ច្រំដែល​ជាមិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ