អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​ ៖​ ការ​សម្រេច​ចិត្ត​«ធំ​ហួស​មាឌ»!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​សម្រេច​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ​គគុក​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ មាន​ហេតុផល​ច្រើន​យ៉ាង​ណាស់​ដែល​បញ្ជាក់​ថា​ វា​មិន​ទាន់​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​បំពេញ​ការតព្វ​កិច្ច​អន្តរជាតិ​ដ៏​ធំ​នេះ​ទេ។​ ប៉ុន្តែ​ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ដើរ​លឿន​ជាង​សភាព​ការណ៍​តាម​រយៈ​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​«ធំ​ហួស​មាឌ»។​ ក្រៅ​ពី​នោះ​កង្វះ​ព័ត៌មាន​នៅ​តែ​ជា​ចំណោទ​ដ៏​ធំធេង​មួយ​ដែល​នាំ​ឲ្យ​មាន​សំណួរ​ថា ​តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​នេះ?

ពលរដ្ឋកម្ពុជាចេញធ្វើបាតុកម្មប្រឆាំងការទទួលយកជនភៀសខ្លួនពីអូស្ត្រាលី របស់រដ្ឋាភិបាកម្ពុជា។
ពលរដ្ឋកម្ពុជាចេញធ្វើបាតុកម្មប្រឆាំងការទទួលយកជនភៀសខ្លួនពីអូស្ត្រាលី របស់រដ្ឋាភិបាកម្ពុជា។ បណ្តាញសង្គម
ផ្សាយពាណិជ្ជកម្ម

ក្នុងនាម​ជា​រដ្ឋ​សមាជិក​របស់​អង្គការ​សហ​ប្រជាជាតិ​ ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ឲ្យ​មក​រស់​នៅលើ​ទឹកដី​កម្ពុជា​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ស្តី​បន្ទោស​ឡើយ​ប្រសិនបើជា​ពេលវេលា​សមស្រប​ឬក៏​ជា​ស្ថានការណ៍​តម្រូវ។ ប៉ុន្តែ ទាំង​សាធារណៈ​មតិ​ជាតិ​និង​អន្តរជាតិ​សុទ្ធ​តែ​មើលឃើញ​ដូចគ្នា​ថា ​វា​មិន​ទាន់​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​ទេពី​ព្រោះ​មាន​ប្រទេស​ច្រើនណាស់​ដែលមាន​ស្ថាន​ភាពល្អ​ជាង​កម្ពុជា។

ជាការ​ពិតណាស់ កម្ពុជា​ជា​ប្រទេស​ក្រីក្រ​មួយ​ដែល​ទើប​ងើប​ផុតពី​សង្គ្រាម​និង​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​យ៉ាង​បង្ហូរឈាម​រហូតដល់​ក្លាយជា​វាលពិឃាត​ក្រោម​ការដឹកនាំ​នៃ​របប​ខ្មែរក្រហម។ បច្ចុប្បន្ន ថ្វីបើ​ប្រទេស​នេះ​បាន​ស្គាល់​សន្តិភាព​និង​ការអភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ កម្ពុជា​នៅតែ​រស់​ពឹង​ផ្អែកលើ​ជំនួយ​បរទេស​យ៉ាងខ្លាំង​នៅឡើយ។ ក្រៅពី​ភាពក្រីក្រ កម្ពុជា​ក៏​កំពុង​ប្រ​ឈ​មុខ​នឹង​បញ្ហា​រាប់រយ​ជំពូក​ដែល​ត្រូវធ្វើ​កំណែទម្រង់​ជាបន្ទាន់។

ក្នុងស្ថានភាព​បែបនេះ កម្ពុ​ជាមាន​ហេតុផល​គ្រប់គ្រាន់​ក្នុងការ​បដិសេធ​មិន​ទទួលយក​ជន ភៀសខ្លួន​បរទេស​ឲ្យ​មក​រស់នៅ​លើទឹក​ដី​រប​ស់​ខ្លួន។ រីឯ​ជនភៀសខ្លួន​ទាំងឡាយ​ទៀតសោត​ក៏​ប្រហែលជា​មិន​ប្រាថ្នា​ចង់​ជ្រើស​រើសយក​កម្ពុជា​ជាទី​ជម្រក​ដ៏​សុខសាន្ត​របស់ខ្លួន​នោះដែរ។ និយាយ​បែបនេះ​មិនមែន​មានន័យថា​កម្ពុជា​មាន​ស្ថានភាព​អាក្រក់​ជាងគេ​ឯង​ក្នុង​លោក​នោះ ទេ ប៉ុន្តែ ប្រទេស​នេះ​មាន​បញ្ហា​ផ្ទាល់ខ្លួន​ច្រើនណាស់​ដែល​ត្រូវ​ដោះស្រាយ។

ក្នុងន័យនេះ ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​ត្រូវគេ​មើលឃើញ​ជាទូទៅ​ថា​ជាការ​ស​ម្រេ​ចិត្ត«ធំ​ហួសមាឌ»ដែល​បង្ក​ឲ្យ​មាន​សំណួរ​ដ៏​ធំ​មួយ​ថា តើ​មាន​អ្វី​នៅ​ពីក្រោយ​ការសម្រេចចិត្ត​បែបនេះ? មូលហេតុ​សំខាន់​មួយ​ដែល​គេ​នាំគ្នា​ផ្តោតជាសំខាន់​នោះ​គឺ​បញ្ហា​ថវិកា​ថវិកា ៣០-៤០ លាន​ដុល្លារ​ដែល​រដ្ឋា ភិបាល​អូស្ត្រាលី​សន្យា​ផ្តល់​ឲ្យ។

បើទោះជា​រដ្ឋាភិបាល​បដិសេធ​ថា​ថវិកា​នោះ​មិនមែនជា​ថ្នូរ​នឹង​ការទទួលយក​ជនភៀសខ្លួន​ក៏ដោយ ក៏​រដ្ឋាភិបាល​ហាក់​គ្មាន​ហេតុផល​អ្វី​ផ្សេង​មក​ពន្យល់​គួរ​ឲ្យ​ជឿជាក់​ជាង​នេះ​បានទេ។ ម្យ៉ាងទៀត កង្វះ​ព័ត៌មាន​ជុំវិញ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក៏បាន​បង្ក​ឲ្យ​មាន​ក្តី​មន្ទិល សង្ស័យ​កាន់តែខ្លាំង​អំពី​ហេតុផល​នៅ​ពីក្រោយ​ការទទួលយក​ជនភៀសខ្លួន​បរទេស​មក​រស់​នៅលើ​ទឹកដី​របស់ខ្លួន​នៅក្នុង​ស្ថានភាព​បែបនេះ។

យ៉ាងណា​ក៏ដោយចុះ កិច្ចព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា​រួចទៅហើយ​ពោលគឺ​ពេលនេះ​អង្ករ​បានក្លាយ​ទៅជា​បាយ​រួចទៅហើយ។ ដូច្នេះ​ការតវ៉ា​ជំទាស់​រឿងនេះ​នឹង​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ។ ប៉ុន្តែ អំណឹះតទៅ ការផ្តល់​ព័ត៌មាន​ច្បាស់លាស់​និង​ការពន្យល់​ហេតុផល​សមរម្យ​ប្រកបដោយ​តម្លាភាព​ដល់​ពលរដ្ឋ​ម្ចាស់​ប្រទេស​គឺជា​អ្វី​រដ្ឋាភិបាល​មិនអាច​មើលរំលង​បាន ឡើយ។

សូម​កុំភ្លេចថា ព័ត៌មាន​គឺជា​កត្តា​ស្លាប់​រស់នៅក្នុង​បរិបទ​ដែល​ប្រទេស​កម្ពុជា​កំពុង​ឈានចូល​ក្នុង​យុគសម័យ​ដែលអ្វីៗត្រូវ​បើកចំហ​ជា​សាធារណៈ និង​ខណៈដែល​សារព័ត៌មាន​ដែល​គេ​ចាត់ទុកថា​ជា«អំណាច​ទី៤»កំពុងមាន​ឥទ្ធិពល​កាន់តែខ្លាំងឡើងៗជា​លំដាប់។ ម្យ៉ាងទៀត ក្នុងសង្គម​ប្រជាធិបតេយ្យ រាល់​កិច្ចការសំខាន់ៗដែល​ទាក់ទង​នឹង​ប្រទេសជាតិ ប្រជាពលរដ្ឋ​ត្រូវតែ​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់។ ក្នុងន័យនេះ វា​ជា​កំហុសឆ្គង​ដ៏​ធំ​មួយ​ប្រសិនបើ​រដ្ឋាភិបាល​ព្យាយាម​លាក់បាំង​ព័ត៌មាន​ដែល​ពលរដ្ឋ​ស្រេកឃ្លាន​ចង់ដឹង។

ជាក់ស្តែង ការបិទបាំង​ព័ត៌មាន​ឬក៏​ការមើលស្រាល​ចំពោះ​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ជន ភៀសខ្លួន​នេះ​បាន​នាំ​ឲ្យ​រដ្ឋាភិបាល​រង​ការរិះគន់​យ៉ាងខ្លាំង​និង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់អំណាច​មិនតិច​ទេ​ទម្រាំ​តែ​ក្រសួងការបរទេស​និង​ក្រសួង មហាផ្ទៃ​ចេញមុខ​មក​បកស្រាយ។ នេះ​ជា​មេរៀន​ដែល​បង្ហាញថា កុំថាឡើយ​ដល់​ទៅ​ការ​លាក់បាំង សូម្បីតែ​យឺត​ពេល​មួយ​ជំហាន​ក៏​វា​បង្ក​ឲ្យ​មាន​ផលវិបាក​អវិជ្ជមាន​យ៉ាង​ធំធេង​បានដែរ។ មេរៀន​សំខាន់​ម្យ៉ាងទៀត​គឺ អំណឹះតទៅ ការសម្រេចចិត្ត​នានា​មិនគួរ​មើលរំលង​ការព្រួយបារម្ភ​របស់​ព​ល​រដ្ឋ​ម្ចាស់​ប្រទេស​បានទេ។

សរុប​មកវិញ ប្រសិនបើ​គ្មានអ្វី​អាថ៌កំបាំង​នៅ​ពីក្រោយ​ខ្នង​ទេ រដ្ឋាភិបាល​ទំនងជា​គ្មាន​ហេតុ ផល​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​សេចក្តីសម្រេចចិត្ត«ធំ​ហួសមាឌ»ទាក់ទង​នឹង​ការទទួលយក​ជន ភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​នោះឡើយ។ ដូច្នេះ បើ​គ្មាន​ការ​លាតត្រដាង​ព័ត៌មាន​ឲ្យ​បាន ច្បាស់លាស់​ទេ ផលវិបាក​អាក្រក់​ចំពោះ​រដ្ឋាភិបាល​ទំនង​ជាមាន​ទំហំធំធេង​ជាង​ការរំពឹងទុក​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ