អានតួអត្ថបទ
ឥណ្ឌូណេស៊ី-អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីត​បាន​យល់ព្រម​ផ្តល់​សិទ្ធិ​បន្ថែម​ឲ្យ​អ្នកបម្រើ​ជនជាតិ​ឥណ្ឌូណេស៊ី

ប្រទេស​ឥណ្ឌូណេស៊ី និង​អារ៉ាប៊ីសាអូឌីត​ទើប​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នកបម្រើ​តាម​ផ្ទះ​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​ទទួល​បាន​សិទ្ធិបន្ថែម​ទៀត។ កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ស្រ្តី​ជនជាតិ​ឥណ្ឌូណេស៊ី​ជា​ច្រើន​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​លក្ខខ័ណ្ឌ​ការងារ​ដ៏​លំបាក​របស់​ពួក​គេ​ក្នុង​នាម​ជា​អ្នកបម្រើ​នៅ​តាម​គ្រួសារ​អារ៉ាប៊ីសាអូឌីត ពិសេស ការ​បំពាន​លើ​​រាងកាយ ការ​ចាប់​រំលោភ​ផ្លូវភេទ ការ​មិន​ឲ្យ​ហូប​គ្រប់គ្រាន់ និង​ការ​យក​លិខិត​ឆ្លងដែន​ទុក​ជា​ដើម។

ក្បួន​បាតុកម្ម​របស់​ប្រជាជន​ឥណ្ឌូណេស៊ី​ក្នុង​ទីក្រុង​ហ្សាការតា​កាល​ពី​ខែ​មិថុនា ឆ្នំា ២០១១ ប្រឆំាង​​នឹង​ការ​ប្រហារ​ជីវិត​ស្រ្តី​បម្រើ​ជនជាតិ​ឥណ្ឌូណេស៊ី​ពី​រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត
ក្បួន​បាតុកម្ម​របស់​ប្រជាជន​ឥណ្ឌូណេស៊ី​ក្នុង​ទីក្រុង​ហ្សាការតា​កាល​ពី​ខែ​មិថុនា ឆ្នំា ២០១១ ប្រឆំាង​​នឹង​ការ​ប្រហារ​ជីវិត​ស្រ្តី​បម្រើ​ជនជាតិ​ឥណ្ឌូណេស៊ី​ពី​រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត AFP PHOTO / ADEK BERRY
ផ្សាយពាណិជ្ជកម្ម

គឺ​សំណុំរឿង​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា និង​ទីក្រុង​រីយ៉ាដ​មើល​មុខ​គ្នា​មិន​សូវ​ចំ​តំាង​ពី​ជាង ៤ឆ្នំា​កន្លង​មក។ ជាង ៤ឆ្នំា ដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ចាត់​វិធានការ​ផ្ទាល់​ខ្លួន តាម​រយៈ​កាត់​បន្ថយ​ការ​បញ្ជូន​ប្រជាជន​ខ្លួន​ឲ្យ​ទៅ​ធ្វើ​ការ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ដូច្នេះ​ឃើញ​ថា កិច្ចព្រមព្រៀង​ដែល​ទីក្រុង​ហ្សាការតា​បាន​ទទួល​ពី​ទីក្រុង​រីយ៉ាដ​នៅ​ពេល​នេះ ពិត​ជា​ជោគជ័យ​មួយ​មិន​អាច​ប្រកែក​បាន បន្ទាប់​ពី​ឥណ្ឌូណេស៊ី​បាន​ដាក់​គំនាប​លើ​អារ៉ាប៊ីសាអូឌីត​អស់​រយៈ​ពេល​ជាង ៤ឆ្នំា​កន្លង​មក។

អ្វី​ដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ទាមទារ​ពី​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ជា​អាទិភាព​នោះ គឺ​ការ​គោរព​សិទ្ធិ​ពលករ​ឥណ្ឌូណេស៊ី​ទូទៅ ពិសេស​ស្រ្តីបម្រើ​នៅ​តាម​ផ្ទះ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អ្នក​ដែល​បាន​ទទួល​រង​ការ​ធ្វើបាប ជិះជាន់​ច្រើន​ជាង​គេ​ពី​សំណាក់​ម្ចាស់ផ្ទះ។ កាល​ពី ៣ឆ្នំា​មុន រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា​បាន​កម្រិត​ការ​បញ្ជូន​ស្រ្តីអ្នកបម្រើ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ជា​មួយ​នឹង​កិច្ចព្រមព្រៀង​នេះ ម្ចាស់ផ្ទះ​ដែល​ជួល​អ្នកបម្រើ​ជនជាតិ​ឥណ្ឌូណេស៊ី​ត្រូវ​តែ​គោរពសិទ្ធិ​អ្នកបម្រើខ្លួន ដោយ​មិន​ត្រូវ​យក​លិខិតឆ្លងដែន​ទុក ផ្តល់​ប្រាក់ខែ​សមរម្យ និង​ទៀងទាត់ ផ្តល់​ថ្ងៃឈប់សម្រាក​ប្រចំា​ខែ ព្រម​ទំាង​ពេល​ឈប់​សម្រាក​ចំនួន ១ខែ​រៀងរាល់ ២ឆ្នំា​ម្តង។ ជា​ថ្នូរ​ត្រឡប់​វិញ ស្រ្តីអ្នកបម្រើ​ត្រូវ​តែ​រៀនសូត្រ​សាសនា​អ៊ីស្លាម។

គួរ​រម្លឹក​ជូន​ថា តំាង​ពី​ថ្ងៃទី៤ វិច្ឆិកា​មក រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​បាន​បណ្តេញ​ពលករ​បរទេស​ខុសច្បាប់​ចំនួន​ជិត ១លាន ៥សែននាក់​ចេញ​ពី​ទឹកដី​ខ្លួន ក្នុង​នោះ​មាន​ជនជាតិ អាហ្រ្វិក ស្រីលង្កា ឥណ្ឌា និង​ជនជាតិ​ប៉ាគីស្ថាន។ សព្វថ្ងៃ យុទ្ធនាការ​បណ្តេញ​ជនអន្តោប្រវេស៍​ខុស​ច្បាប់​កំពុង​បន្ត​មាន​នៅ​ទូទំាង​ប្រទេស​អារ៉ាប៊ីសាអូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ