អានតួអត្ថបទ
កម្ពុជា

អ្នក​នយោបាយ​នៅ​តែ​អោយ​និយម​ន័យ​ខុស​គ្នាលើថ្ងៃ​​២៣​តុលា​

ថ្ងៃ២៣​តុលា ​ឆ្នាំ​២០១៣ គឺ​ខួប​២២​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ស្តី​ពី​កម្ពុជា។ ២២​ឆ្នាំ​មុន ភាគី​ទាំង​៤​របស់​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​ក្រោម​វត្តមាន​សាក្សី​ដែល​មក​ពី​១៨​ប្រទេស និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ផង។ រហូត​មក​ដល់​ពេល​នេះ អ្នក​នយោបាយ​នៅ​បន្ត​អោយ​និយមន័យ​ផ្សេង​គ្នា​លើ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​នេះ។

ភាគី​ខ្មែរ ក្នុង​ពេល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១
ភាគី​ខ្មែរ ក្នុង​ពេល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ©Archive AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​សម្រេច​រើស​យក​ថ្ងៃទី​២៣​តុលា ​ដើម្បី​បន្ត​ធ្វើ​មហា​បាតុកម្ម​​អហិង្សា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​នោះ វា​មិន​មែន​ជា​រឿងចៃដន្យ​នោះទេ។ គណបក្ស​ប្រឆាំង​ចង់​បង្ហាញ​ថា កម្ពុជា​មិនទាន់​បាន​អនុវត្ត​ពេញ​លេញ នូវ​​កិច្ច​ព្រមព្រៀង​ដែល​ភាគី​កម្ពុជា​ទាំង​អស់​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា និង​ជា​មួយ​ប្រទេស​ហត្ថលេខី​សាក្សី​ចំនួន​១៨​ទៀត។

នៅ​ក្នុង​សន្និសីទ​កាសែត​របស់​គណបក្ស​សង្គ្រោះជាតិ​ នៅព្រឹក​ថ្ងៃ​ទី​២៣​តុលានេះ លោក សម រង្ស៊ី​ បាន​ចាត់​ទុក​ថ្ងៃ​ទី​២៣​តុលា​ ជា​ថ្ងៃ​ឯករាជ្យ​មួយទៀត​របស់​កម្ពុជា បន្ទាប់​ពី​ថ្ងៃ​៩​វិច្ឆិកា។ អនុប្រធានគណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា​វិញ បាន​បន្ត​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​ថ្ងៃ២៣តុលា ​នៅ​តែ​មាន​សុពល​ភាព​មក​ដល់​ពេលនេះ ហើយថា​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ​នៅ​តែ​មិន​ទាន់​ត្រូវបាន​អនុវត្តសព្វគ្រប់នៅ​ឡើយ​ ទាក់ទង​នឹង​ការ​ធានា​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និងបញ្ហា​​បូរណភាព​ទឹកដី​ជា​ដើម។

គណបក្ស​ប្រជាជន​កម្ពុជា​វិញ ដែល​កំពុង​ដឹក​នាំ​រដ្ឋាភិបាល​ដែល​ជំទាស់​ដោយ​បក្ស​ប្រឆាំង​នោះ ក៏​នៅ​អោយ​តម្លៃ​លើ​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ដែរ។ ហេតុដូច្នេះ​ហើយ ​បាន​ជា​រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​ជាតិ​មួយ​។ ចំពោះលោកខៀវ កាញារីទ្ធ ដែលជាអ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ផង​នោះ ២៣​តុលា គឺជាទិវាមួយដែលខ្មែរ​ឈាន​ទៅ​សំរេច​ការ​បញ្ចប់​សង្គ្រាមក្នុងស្រុកមួយមែនហើយ ប៉ុន្តែ​លោកថា បញ្ហាកម្ពុជានៅពេលនោះ​គ្រាន់តែជាម្ហូបសំនល់​នៃ​សង្គ្រាម​ត្រជាក់ ​ដែល​មហា​អំណាច​នានា ចង់​បោស​អោយ​ស្អាត​ចេញ​ពី​តុ​បាយ​របស់​ពួក​គេ​ប៉ុណ្ណោះ​។

គណបក្ស​ប្រជាជន​កម្ពុជា​ហាក់​បាន​អោយ​តម្លៃទៅ​លើ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​ ជាជាង​ព្រឹត្តិការណ៍​២៣​តុលា។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​ជាម យៀប បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា រដ្ឋធម្មនុញ្ញបច្ចុប្បន្ន​ត្រូវ​បាន​សរសេរ​ចេញ​ពី​ស្មារតី​​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ហើយ។ ដូច្នេះ សម្រាប់​អ្នកនយោបាយ​រូបនេះ ប្រសិន​បើគេ​គោរព​រដ្ឋធម្មនុញ្ញ​កម្ពុជា​សព្វថ្ងៃ គឺ​វា​ដូចជា​ការ​គោរព​​ថ្ងៃ​ទី​២៣​តុលា​ដូចគ្នា។

ចំពោះ​លោក​ខៀវ កាញារីទ្ធវិញ ២៣តុលា គឺជាកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែល​មាន​ជំលោះ។ ពោលគឺ ម្ខាង​ជា​​រដ្ឋា​ភិបាល​ភ្នំពេញ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន រីភាគី​ម្ខាងទៀត​ ជា​ក្រុម​ចលនាតស៊ូ​នៅ​ជាយដែន​ដែល​រួមមាន ចលនា​តស៊ូ​របស់​ហ៊្វុនស៊ីនប៉ិច​របស់​សម្តេច​​នរោត្តម​ សីហនុ រណសិរ្សសង្គ្រោះជាតិរបស់​លោក​សឺន សាន និង​ក្រុម​ចលនា​ខ្មែរក្រហម។ លោកខៀវ កាញារីទ្ធ​ បញ្ជាក់ថា រដ្ឋធម្មនុញ្ញ​វិញ គឺជា​ការសំរេច​របស់គណបក្ស​នយោបាយ​​ដែលជាប់ឆ្នោត​ តំណាង​អោយ​ខ្មែរ​គ្រប់និន្នាការនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ