អានតួអត្ថបទ
អាមេរិក-មជ្ឈិមបូព៌ា-អាស៊ី

ប្រមុខ​ការទូត​អាមេរិកចន ឃ៊ែរី​ផ្តើម​ទស្សនកិច្ច​នៅ​តំបន់​មជ្ឈិមបូព៌ា និង​អាស៊ីអាគ្នេយ៍

លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​តំបន់​មជ្ឈិមបូព៌ា និង​អាស៊ីអាគ្នេយ៍​រយៈពេល ១សប្តាហ៍​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​សៅរ៍ ទី២ សីហា​នេះ​ដល់​ថ្ងៃ​សៅរ៍ ទី៨ សីហា​សប្តាហ៍​ក្រោយ។ អេហ្ស៊ីប ជា​ប្រទេស​ដែល​លោក​ឃ៊ែរី​ផ្តើម​ទស្សនកិច្ច​មុន​គេ​ក្នុង​ថ្ងៃ​នេះ មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​កាតា​នៅ​រាត្រី​យប់​ថ្ងៃ​អាទិត្យ​នេះ។ បន្ទាប់​មក លោក​ឃ៊ែរី​នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អាស៊ី​ចំនួន ៣ នៅ​តំបន់​អាស៊ីអាគ្នេយ៍ គឺ​សិង្ហបុរី ម៉ាឡេស៊ី និង​ប្រទេស​វៀតណាម។ វត្តមាន​របស់​លោក​ឃ៊ែរី​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​កំពុង​បារម្ភ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​សហគមន៍​អន្តរជាតិ​ទើប​បាន​ចុះ​ហត្ថលេខា​ជាមួយ​អ៊ីរ៉ង់​កាល​ពី​ថ្ងៃទី១៤ កក្កដា​កន្លង​ទៅ។

លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី (រូបឆ្វេង) និង​សមភាគី​អេហ្ស៊ីប
លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី (រូបឆ្វេង) និង​សមភាគី​អេហ្ស៊ីប Reuters
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ថ្ងៃ​នេះ គឺ​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ « កិច្ចសន្ទនា​យុទ្ធសាស្រ្ត » រវាង​ទីក្រុង​គែរ និង​ទីក្រុង​វ៉ាស៊ីនតោន។ ហើយ​នេះ​ជា​លើកទី១ បើ​គិត​តំាង​ពី​ឆ្នំា ២០០៩ មក។ គួរ​ជម្រាប​ជូន​ថា អេហ្ស៊ីប​គឺ​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​អាមេរិក ហើយ​អាច​ថា​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​ដែល​អាមេរិក​ត្រូវ​ការ និង​ដែល​អាមេរិក​អាច​ពឹងពាក់​បាន​សម្រាប់​ជួយ​ដោះស្រាយ​សំណុំរឿង​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ ពិសេស​ជម្លោះ​ដ៏​រុំារ៉ៃ​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។

តែ​គេ​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា តំាង​ពី​អេហ្ស៊ីប​បាន​ភ្លួករសជាតិ​បដិវត្តន៍​អារ៉ាប់​ក្នុង​ឆ្នំា ២០១១ ដែល​ឈាន​ដល់​ទម្លាក់​លោក​ប្រធានាធិបតី​មូបារ៉ាក់​មក ទំនាក់ទំនង​រវាង​អាមេរិក និង​អេហ្ស៊ីប​ហាក់​ដូច​ជា​មិន​សូវ​ល្អូកល្អឺន​ប៉ុន្មាន​ទេ។ ធ្ងន់ធ្ងរ​ជាង​គេ គឺ​ការ​ដែល​លោក​ប្រធានាធិបតី ឧត្តមសេនីយ​អេហ្ស៊ីប​សព្វថ្ងៃ​អាល់ស៊ីស៊ី​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ប្រធានាធិបតី​ស្របច្បាប់​ម័រស៊ី​កាល​ពី​ថ្ងៃទី៣ ខែ​កក្កដា ឆ្នំា ២០១៣។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ធ្លាក់​ពី​តំណែង​របស់​លោក​ម័រស៊ី ពោល​នៅ​ថ្ងៃទី៩ កក្កដា អាមេរិក​ក៏​បាន​សម្រេច​ព្យួរ​ជំនួយ​ទៅ​ឲ្យ​អេហ្ស៊ីប​ដែល​អាមេរិក​បាន​ប្រគល់​ជា​រៀងរាល់ឆ្នំា​ចំនួន ១ ៥០០លានដុល្លារ ក្នុង​នោះ​មាន​ជំនួយ​យោធា​ចំនួន ១ ៣០០លានដុល្លារ។

កាយវិការ​របស់​ទីក្រុង​វ៉ាស៊ីនតោន​កាល​ណោះ គឺ​ដើម្បី​ប្រឆំាង​នឹង​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ម័រស៊ី​ដែល​ជា​ប្រធានាធិបតី​ជ្រើស​ចេញ​ពី​ការ​បោះឆ្នោត​របស់​ប្រជាជន។ គឺ​ទើប​តែ​នៅ​ដំណាច់​ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ​ទេ​ដែល​អាមេរិក​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​ជា​ថ្មី​ឲ្យ​អេហ្ស៊ីប​ក្នុង​ទឹកប្រាក់​ចំនួន ១ ៣០០លានដុលារ​ក្នុង ១ឆ្នំា។ ជាក់ស្តែង​នៅ​ថ្ងៃ​សុក្រ ទី១ សីហា អាមេរិក​បាន​ប្រកាស​ពី​ការ​ប្រគល់​យន្តហោះ​ចម្បំាង​ប្រភេទ F១៦ ចំនួន ៨គ្រឿង ក្នុង​ចំនួន​សរុប ១២គ្រឿង​ទៅ​ឲ្យ​ទាហាន​អេហ្ស៊ីប។

បញ្ហា​សិទ្ធិមនុស្ស​នៅ​អេហ្ស៊ីប ជា​ប្រធានបទ​ដែល​អាមេរិក​មិន​អាច​មើល​រំលង

ទោះ​ជា​យ៉ាង​នេះ​ក្តី អេហ្ស៊ីប​របស់​លោក​ប្រធានាធិបតី​អាល់ស៊ីស៊ី​កំពុង​ជាប់​ចោទ​ពី​បទ​រំលោភ​សិទ្ធិមនុស្ស ព្រោះ​តំាង​ពី​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោក​ម័រស៊ី​មក មាន​សកម្មជន​របស់​លោក​ម័រស៊ី ក៏​ដូច​ជា​ក្រុមអ្នក​ភាតរៈអ៊ីស្លាម​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​កាត់ទោស​ដាក់​ពន្ធនាគារ។ នេះ​ពិត​ជា​រឿង​ដ៏​រសើប​មួយ​ដែល​អាមេរិក​មិន​អាច​មើល​រំលង​បាន​ទេ។  គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​នា​ដំណើរ​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប​ថ្ងៃ​នេះ លោក​ចន ឃ៊ែរី​បាន​នំា​លោក​តុម ម៉ាលីនូវស្គី​ទៅ​ជាមួយ។ លោក​តុម ម៉ាលីនូវស្គី​ គឺ​ជា​អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ទទួល​បន្ទុក​សិទ្ធិមនុស្ស។

គេ​មិន​ដឹង​ថា តើ​លោក​ឃ៊ែរី​នឹង​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​នៅ​អេហ្ស៊ីប​ទៅ​និយាយ​ជាមួយ​លោក​ប្រធានាធិបតី​អាល់ស៊ីស៊ី​យ៉ាង​ម៉េច​ទេ។ តែ​ការ​ដែល​លោក​ឃ៊ែរី​បាន​នំា​លោក​ម៉ាលីនូវស្គី​ទៅ​ជាមួយ​ពេល​នេះ គឺ​ជា​សក្ខីកម្ម​មួយ​ដែល​ស បញ្ជាក់​ឲ្យ​ឃើញ​ថា អាមេរិក​ពិត​ជា​បារម្ភ និង​មិន​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​អេហ្ស៊ីប​បាន​ទេ។ តែ​ទន្ទឹម​គ្នា​នេះ គេ​ក៏​ត្រូវ​ហ៊ាន​និយាយ​ថា បញ្ហា​សិទ្ធិមនុស្ស​នៅ​អេហ្ស៊ីប​គ្រាន់​តែ​ជា​ក្តី​កង្វល់​មួយ​ជ្រុង​តូច​របស់​អាមេរិក​ប៉ុណ្ណោះ។ អ្វី​ដែល​អាមេរិក​កំពុង​ព្រួយបារម្ភ​ខ្លំាង​ជាង​គេ គឺ​កំណើន​ឥទ្ធិពល​របស់​ក្រុម​ភេរវជន​នៅ​ក្នុង​ឧបទ្វីប​អេហ្ស៊ីប​ស៊ីណៃ ពិសេស​នៅ​តំបន់​ប៉ែក​ខាង​ជើង​ស៊ីណៃ​ដែល​ជា​ជង្រុក​របស់​ពួក​ជីហាត Ansar Beït al-Maqdess និង​ដែល​ពួក​នេះ​កំពុង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។

គឺ​ស្ថានភាព​អសន្តិសុខ​ប្រកប​ដោយ​គ្រោះថ្នាក់​នៅ​តំបន់​ស៊ីណៃ​នោះ​ឯង​ដែល​នា​ដំណាច់​ខែ​កក្កដា​ថ្មីៗ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​ទីក្រុង​គែរ​បាន​សម្រេច​ពន្យារ​​ការ​ប្រកាស​អាសន្ន​ដែល​បាន​ដាក់​តំាង​ពី​ខែ​តុលា​ ឆ្នំា ២០១៤។  ទីក្រុង​គែរ និង​វ៉ាស៊ីតោន​បាន​យល់​ឃើញ​ដូច​គ្នា​ពី​ផលប្រយោជន៍​រួម​បាន​មក​ពី​ដៃគូ​យុទ្ធសាស្រ្ត​មិន​អាច​ខ្វះ​បាន ពិសេស​គឺ​ការ​ប្រយុទ្ធប្រឆំាង​ទល់​នឹង​សត្រូវ​តែ​មួយ គឺ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​តំបន់។

នៅ​កាតា លោក​ឃ៊ែរី​ត្រូវ​និយាយ​ធានា​សមភាគី​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ​ពែក្ស

បន្ត​ពី​ប្រទេស​អេហ្ស៊ីប លោក​ឃ៊ែរី​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​កាតា​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ។ នៅ​ថ្ងៃ​ចន្ទ ទី៣ សីហា លោក​ឃ៊ែរី​ត្រូវ​ចូល​ជួប​សមភាគី​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត អូម៉ង់ គូវ៉ែត បារ៉ែន អេមីរ៉ាអារ៉ាប់រួម និង​ប្រទេស​កាតា​ដែល​សុទ្ធសឹង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែក្ស។ ប្រធានបទ​សំខាន់​ដែល​លោក​ឃ៊ែរី​ត្រូវ​លើក​យក​ទៅ​និយាយ គឺ​ពន្យល់​បកស្រាយ​ប្រាប់​ប្រទេស​ទំាង​នោះ​ពី​មូលហេតុ​ដែល​អាមេរិក និង​ប្រទេស​លោកខាង​លិច​ផ្សេង​ទៀត​បាន​យល់​ព្រម​ចុះ​ហត្ថលេខា​ជាមួយ​អ៊ីរ៉ង់​លើ​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ថ្ងៃទី១៤ កក្កដា​កន្លង​ទៅ។

គួរ​ជម្រាប​ជូន​ថា អ្វី​ដែល​បណ្តា​ប្រទេស​មហា​អំណាច​ស៊ុយនីត​ក្នុង​តំបន់​បាន និង​កំពុង​បារម្ភ​ខ្លំាង​នៅ​ពេល​នេះ គឺ​មហិច្ឆតា​ក្នុង​តំបន់​របស់​ប្រទេស​អ៊ីរ៉ង់​ឈីអ៊ីត។ ដូច្នេះ​កាតព្វកិច្ច​របស់​លោក​ឃ៊ែរី គឺ​និយាយ​បញ្ចុះបញ្ចូល និង​ធានា​ដល់​ប្រទេស​ទំាង​នោះ​ថា កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ទើប​សម្រេច​បាន​នឹង​ទប់​កុំ​ឲ្យ​អ៊ីរ៉ង់​ផលិត​គ្រាប់បែប​បរិមាណូ ពោល​មិន​មែន​ជួយ​ជម្រុញ​តម្លើង​ឥទិ្ធពល​អ៊ីរ៉ង់​ឲ្យ​អាងយ៉ាង​នៅ​ក្នុង​តំបន់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ