អានតួអត្ថបទ
កាណាដា-ឥណ្ឌា

ដំណើរ​ទស្សនៈកិច្ច​ដ៏​កម្រ​របស់​នាយករដ្ឋមន្រ្តី​ឥណ្ឌា​នៅ​កាណាដា

ប្រទេស​កាណាដា​បាន​ទទួល​ដំណើរ​ទស្សនៈកិច្ច​ដ៏​កម្រ​មួយ​របស់​នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក Narendra Modi ។ ជា​ដំណើរទស្សនៈកិច្ច​លើក​ដំបូង​បង្អស់ ក្នុង​រយៈពេល​ជាង​៤២ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ទស្សនៈកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី Indira Gandhi ក្នុង​ជំនួប​ជាមួយ​អតីត​នាយក​រដ្ឋមន្រ្តី​កាណាដា លោក Pierre Trudeau កាល​ពី​ឆ្នាំ​១៩៧៣។

លោក​នាយករដ្ឋមន្រ្តី​កាណាដា Stephen Harper និងលោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា Narendra Modi
លោក​នាយករដ្ឋមន្រ្តី​កាណាដា Stephen Harper និងលោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា Narendra Modi Reuters
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក Narendra Modi នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃ។ ការ​ចុះ​សំចត​ដំបូង​គឺ​នៅ​រាជធានី​អូតាវ៉ា​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ផ្លូវការ​រវាង​កាណាដា និង​ឥណ្ឌា។ នា​ឱកាស​នោះ លោក Narendra Modi បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សមភាគី គឺ នាយករដ្ឋមន្រ្តី​កាណាដា​លោក Stephen Harper ក្នុង​កិច្ច​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

រដ្ឋាភិបាល​របស់​លោក Harper ក៏​បាន​មើល​ឃើញ​ពី​សក្តានុពល​ក្នុង​ការ​បង្កើន​ការ​ផ្តោះប្តូរ​រវាង​ប្រទេស​ទាំង​ពីរ ទាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម អប់រំ ថាមពល និង​ទាំង​វិស័យ​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា។ ហើយ​ប្រទេស​ទាំង​ពីរ​ក៏​បាន​សន្យា​ថា ​នឹង​ពិភាក្សា​គ្នា​ដើម្បី​ពិចារណា​ចុះ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ផង​ដែរ នេះ​បើ​តាម​បទយកការណ៍​របស់​ទូរទស្សន៍​ជាតិ Radio-Canada។

នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ស្មើ​នឹង​ពេល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​ភ្នំពេញ លោក​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មនុស្ស​ជាង​ប្រាំបីពាន់នាក់​ដែល​នឹង​ប្រមូលផ្តុំ​ជួបជុំ​គ្នា​នៅ​ក្រុង Toronto ខេត្ត Ontario ដើម្បី​ចាំស្តាប់​ការ​ថ្លែង​សុន្ទរកថា​របស់​លោក Modi ។ បន្ទាប់​មក លោក Modi នឹង​ទៅ​ទស្សនា​ប្រាសាទ​ហិណ្ឌូ និង Sikh នៅ​ទីក្រុង Vancouver និង Surrey នៅ​ក្នុង​ខេត្ត British Columbia ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​ក្នុង​ប្រទេស​កាណាដា ហើយ​នៅ​ទីនោះ ក៏​គេ​រំពឹង​ថា​នឹង​មាន​មនុស្ស​រាប់ពាន់​នាក់​ប្រមូល​ផ្តុំ​ចាំ​ទទួល​លោក Modi ផង​ដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ