អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អាមេរិក៖ ​ដំណើរ​ឆ្ពោះទៅ​ការ​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​ អំពី​សង្រ្គាម រវាង​បារាំង និង​អង់គ្លេស ដើម្បី​ដណ្តើម​គ្នា​ត្រួតត្រា​តំបន់​អាមេរិក​ខាងជើង និង​សង្រ្គាម​ទាមទារ​ឯករាជ្យ​របស់​​​អាមេរិក។

គំនូរ​បង្ហាញ​អំពី​លោក Georges Washington និង​កងទ័ព​អាមេរិក ក្នុង​សង្រ្គាម​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស
គំនូរ​បង្ហាញ​អំពី​លោក Georges Washington និង​កងទ័ព​អាមេរិក ក្នុង​សង្រ្គាម​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​ក្រោយ​ពេល​ដែល​គ្រីស្តូហ្វ កូឡុំ រកឃើញ​ទ្វីបអាមេរិក នៅ​ចុងសតវត្សរ៍​ទី​១៥ មហាអំណាច​នៅ​អឺរ៉ុប រួមមាន អេស្ប៉ាញ ព័រទុយហ្កាល់ បារាំង និង​អង់គ្លេស បាន​នាំគ្នា​ពង្រីក​អាណានិគម​របស់​ខ្លួន នៅលើ​ដែនដី​ថ្មីនេះ ដោយ​អេស្ប៉ាញ និង​ព័រទុយហ្កាល់ កាន់កាប់​តំបន់​អាមេរិក​ខាង​ត្បូង ចំណែក​ឯ​បារាំង និង​អង់គ្លេស​វិញ កាន់កាប់​អាមេរិក​ខាងជើង (នៅត្រង់​ម្តុំ​សហរដ្ឋ​អាមេរិក និង​កាណាដា​សព្វថ្ងៃ)។

សូមអាន៖ ការរកឃើញ​ទ្វីបអាមេរិក​ដោយ​គ្រីស្តូហ្វ កូឡុំ ​នៅ​ចុង​សតវត្សរ៍​ទី១៥

ក៏ប៉ុន្តែ គិត​ត្រឹម​សតវត្សរ៍​ទី​១៨ ដែនដី​អាមេរិក​ខាងជើង​ភាគច្រើន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​បារាំង។ រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គេឃើញ​មាន​ទីក្រុង​ធំៗ​ជាច្រើន នៅ​អាមេរិក​ខាងជើង នៅតែ​រក្សា​ឈ្មោះ​ជា​បារាំង ដូចជា Montréal នៅ​កាណាដា និង Nouvelle-Orléan (ដែល​បច្ចុប្បន្ន​ហៅ​ជា​ភាសា​អង់គ្លេស​ថា New Orlean), Détroit និង Saint-Louis នៅ​សហរដ្ឋ​អាមេរិក ជាដើម។

ចំណែក​អង់គ្លេស​វិញ កាន់កាប់​ដែនដី​តូចជាង​បារាំង គឺ​ដែនដី​ ​នៅ​តាម​បណ្តោយ​ឆ្នេរ​ប៉ែក​ខាង​កើត​សហរដ្ឋ​អាមេរិក ដែល​គេ​ហៅថា ដែនដី​អាណានិគម​ទាំង ១៣ ហើយ​ដែល​ក្រោយ​មក​នឹង​ត្រូវ​ក្លាយ​ជា​រដ្ឋដំបូង​បង្អស់ នៃ​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ ​ដែនដី​អាណានិគម​អង់គ្លេស​​អស់​ទាំងនេះ ថ្វីដ្បិត​តែ​មាន​ទំហំផ្ទៃដី​តិច ប៉ុន្តែ មាន​ប្រជាជន​រស់នៅ​ច្រើន​ជាង​បារាំង ពោលគឺ ប្រមាណ​ជា ១លាន​នាក់ ធៀប​ទៅនឹង​ ដែនដី​អាណានិគម​របស់​បារាំង ដែល​មាន​ប្រជាជន​តែ​ប្រមាណ​ជា ១០ម៉ឺននាក់​។ ដែនដី​អាណានិគម​បារាំង​នៅ​អាមេរិក​មាន​មនុស្ស​រស់នៅ​តិច គឺ​​ដោយសារ​តែ​​ប្រជាជន​​បារាំងភាគច្រើន​មិន​ចង់​ចាកចេញ​ពី​ប្រទេស​​កំណើត​ ទៅតាំង​ទីលំនៅ​នៅ​លើ​ដែនដី​អាណានិគម។ រដ្ឋាភិបាល​បារាំងវិញ​​ក៏​មិនសូវ​ជា​យកចិត្ត​ទុកដាក់​លើ​​ដែនដី​អាណានិគម​ ដូចជា រដ្ឋាភិបាល​អង់គ្លេស​នោះដែរ។

នៅ​ឆ្នាំ​១៧៥៦ សង្រ្គាម​ដណ្តើម​កាន់កាប់​ដែនដី​អាណានិគម​បាន​ផ្ទុះឡើង រវាង​បារាំង និង​អង់គ្លេស។ សង្រ្គាម​នេះ ដែល​ភាគច្រើន​ជា​សង្រ្គាម​ខាង​ទ័ព​ជើងទឹក បាន​អូសបន្លាយ​ពេល​ដល់​ឆ្នាំ​១៧៦៣ ហើយ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា “សង្រ្គាម៧ឆ្នាំ”។ នៅ​អាមេរិក សង្រ្គាម​នេះ​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា សង្រ្គាម​បារាំង​ឥណ្ឌា (French and Indian War) ពោលគឺ​សង្រ្គាម​រវាង​ បារាំង ដែលមាន​ពួក​ជនជាតិ​ដើម​ឥណ្ឌា​ស្បែក​ក្រហម​ជា​សម្ព័ន្ធមិត្ត ទល់​នឹង​​អង់គ្លេស រួមជាមួយ​នឹង​ដែនដី​អាណានិគម​ទាំង ១៣។

សូមអាន៖ អរិយធម៌​អាមេរិក​មុន​គ្រីស្តូហ្វ​ កូឡុំ

សង្រ្គាម​នេះ​ត្រូវ​បាន​បញ្ចប់​ជាមួយ​នឹង​ការ​ចុះ​សន្ធិសញ្ញា​សន្តិភាព នៅ​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៧៦៣ ដោយ​បារាំង​ត្រូវ​បាត់បង់​ដែនដី​អាណានិគម​ស្ទើរតែ​ទាំងអស់​នៅ​កាណាដា ដែល​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អង់គ្លេស ក្នុងនោះ​រួមមាន​ទាំង​ទឹកដី Québec ផងដែរ។

អង់គ្លេស​វិញ ថ្វីដ្បិត​តែ​ទទួល​ជ័យជម្នះ​លើ​បារាំង ហើយ​ដណ្តើម​កាន់កាប់​ទឹកដី​អាណានិគម​យ៉ាងច្រើន​នៅ​អាមេរិក ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា ក៏​ទទួលរងនូវការ​ខូចខាត​ដោយ​សង្រ្គាម​​យ៉ាង​ធ្ងន់ធ្ងរ​ដែរ។ ការ​គ្រប់គ្រង​ដែនដី​ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​បារាំង​ក៏​ជា​រឿង​ស្មុគស្មាញ ហើយ​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ឥណ្ឌា​ស្បែក​ក្រហម ដែល​ធ្លាប់ជា​សម្ព័ន្ធមិត្ត​របស់​បារាំង​ក៏​ចោទ​ជា​បញ្ហា។ ការខូចខាត​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​សង្រ្គាម​មាន​ទំហំ​ធំធេង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អង់គ្លេស​ស្ទើរតែ​នឹងត្រូវ​ក្ស័យធន។

មិនយូរប៉ុន្មាន​ក្រោយ​មក អង់គ្លេស ដែល​ទទួលជោគជ័យ​ក្នុង​សង្រ្គាម​ជាមួយ​បារាំង ក៏​ត្រូវ​ប្រឈមមុ​ខ​នឹង​សង្រ្គាម​មួយថ្មី​ទៀត នៅ​អាមេរិក​ខាងជើង ហើយលើកនេះ ជា​សង្រ្គាម​តទល់​ជាមួយ​នឹង​ទឹកដី​អាណានិគម​របស់​អង់គ្លេស​ខ្លួនឯង​ផ្ទាល់ គឺ​សង្រ្គាម​ទាមទារ​ឯករាជ្យ​របស់​អាមេរិក។

បន្ទាប់​ពីជ័យជម្នះ ក្នុង​សង្រ្គាម​ដណ្តើម​អាណានិគម​ជាមួយ​បារាំង អង់គ្លេស​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ចធ្ងន់ធ្ងរ ក៏​បាន​សម្រេច​ដំឡើង​ពន្ធអាករ លើ​ប្រជាជន​អង់គ្លេស ដែល​រស់នៅលើ​ទឹកដី​អាណានិគម នៅ​អាមេរិក​ខាងជើង។

ចក្រភព​អង់គ្លេស​យល់ថា ប្រជាជន​នៅ​ដែនដី​អាណានិគម​អាមេរិក​ខាងជើង​ត្រូវ​តែ​ចូលរួម​វិភាគទាន​ច្រើន នៅ​ក្នុង​វិស័យ​ការពារជាតិ​អង់គ្លេស ពីព្រោះ​ពួកគេ​ទទួល​បាន​ការការពារ​ពី​សំណាក់​ទាហាន​អង់គ្លេស។ ក៏ប៉ុន្តែ អាណានិគមជន​អង់គ្លេស​​នៅ​អាមេរិកវិញ​យល់​ថា ពួកគេ​មិនមាន​សិទ្ធ​​ជ្រើសរើស​​តំណាង​​នៅ​ក្នុង​សភា​អង់គ្លេស​ដូច​ពលរដ្ឋ​ដទៃទៀត ដូច្នេះ មិនគួរ​មាន​កាតព្វកិច្ច​បង់ពន្ធ​ច្រើន​បែបនេះទេ។ ពួកគេ​ក៏​បាន​នាំ​គ្នា​ងើបឡើង​ប្រឆាំង​នឹង​អាជ្ញាធរ​អង់គ្លេស ហើយ​ចលនា​ប្រឆាំង​នេះ​ក៏​បាន​​រាលដាល​កាន់តែ​ខ្លាំង រហូត​ផ្ទុះ​ជា​អំពើ​ហិង្សា នៅ​ឆ្នាំ​១៧៧០ នៅ​ពេល​ដែល​ទាហាន​អង់គ្លេស​បាន​បើក​ការ​បាញ់​ប្រហារ​លើ​ក្រុមប្រឆាំង​ នៅ​បូស្តុន បណ្តាល​ឲ្យ​មនុស្ស ៥នាក់​បាត់បង់ជីវិត។

ចាប់ពីពេលនោះមក ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ក៏​កើតមាន​កាន់តែ​ខ្លាំង ហើយ​គិត​ត្រឹមឆ្នាំ​១៧៧៤ ដែនដី​អាណានិគម​ទាំង ១៣ នៅ​អាមេរិក​ខាងជើង ក៏​បាន​រៀបចំ​បង្កើត​ជា​សភា និង​រដ្ឋាភិបាល​​នៅ​តាម​តំបន់​​​រៀងៗខ្លួន ហើយ​នៅ​ខែ​កញ្ញា ឆ្នាំ​១៧៧៤ តំណាង​ដែនដី​អាណានិគម​ទាំង ១៣​ បាន​ជួប​ប្រជុំគ្នា​នៅ Philadelphia ដែល​គេ​រាប់​ថាជា​កិច្ចប្រជុំ​នីតិកាល​ទី១​នៃ​សភារួម​របស់​ដែនដី​អាណានិគម​ទាំង ១៣ (Continental Congress)។ ក៏ប៉ុន្តែ នៅ​ពេលនោះ អាមេរិក​មិនទាន់​​ប្រកាស​ឯករាជ្យ​ដាច់ចេញ​ពី​ចក្រភព​អង់គ្លេស​នៅឡើយទេ។

ចក្រភព​អង់គ្លេសវិញ ឆ្លើយតប​នឹង​ចលនា​ប្រឆាំង​​នៅ​អាមេរិក ក៏​បាន​ចាត់វិធានការ​កាន់តែ​តឹងរ៉ឹង ព្រមទាំង​បាន​បញ្ជូន​ទាហាន​កាន់តែ​ច្រើន​ឲ្យ​ទៅ​អាមេរិក ក្នុង​គោលដៅ​ពង្រឹង​អំណាច​របស់​ខ្លួន ទៅលើ​ដែនដី​អាណានិគម។ វិធានការ​រឹតតែ​តឹងរ៉ឹង ចលនាប្រឆាំង​ក៏​រឹតតែ​កើនឡើង។ មិនយូរ​ប៉ុន្មាន ចលនាប្រឆាំងនៅ​ក្នុង​ដែនដី​អាណានិគម​នៅ​អាមេរិក​​​ក៏​បាន​ក្លាយ​ជា​ចលនា​បះបោរ​ប្រដាប់​អាវុធ ហើយ​​បាន​ប៉ះប្រយុទ្ធ​ជាមួយ​នឹង​ទាហាន​អង់គ្លេស​ជាលើកទី១ នៅ​ Massachusetts នៅ​ថ្ងៃ​ទី១៩ ​ខែមេសា ឆ្នាំ​១៧៧៥។ គឺ​ថ្ងៃនោះ​ហើយ​ ដែល​គេ​ចាត់ទុក​ថា​ជា​ថ្ងៃ​ចាប់ផ្តើម​នៃ​សង្រ្គាម​ឯករាជ្យ​ ឬ​សង្រ្គាម​បដិវត្តន៍អាមេរិក។

សូមអាន៖ យុគនៃ​ពន្លឺ​នៅ​អឺរ៉ុប (​Siècle des Lumières)

នៅខែ​ឧសភា ឆ្នាំ​១៧៧៥ គណៈប្រតិភូ​មក​ពី​ដែនដី​អាណានិគម​ទាំង ១៣ ដោយ​ក្នុងនោះ​រួមមាន Georges Washington, John Adams, Benjamin Franklin និង ​Thomas Jefferson បាន​បើក​កិច្ចប្រជុំ​សភា​ជាថ្មីម្តងទៀត ហើយ​សម្រេច​បង្កើត​កងទ័ពរួម (Continental Army) ដោយ​មាន Georges Washington ជា​អគ្គបញ្ជាការ ដើម្ប​ប្រយុទ្ធតទល់​ជាមួយ​នឹង​កងទ័ព​នៃ​ចក្រភព​អង់គ្លេស។

នៅ​ពាក់កណ្តាល​ឆ្នាំ​១៧៧៦ នៅ​ក្នុង​ពេល​ដែល​សង្រ្គាម​បដិវត្តន៍​អាមេរិក​កំពុង​តែ​ឆាបឆេះ​ពេញ​បន្ទុក ប្រជាជន​​​នៅ​ក្នុង​ដែនដី​អាណានិគម​ទាំង ១៣ កាន់តែច្រើន​ឡើង​បង្ហាញ​ពី​ជំហរ​ចង់​បាន​ឯករាជ្យ​ដាច់ចេញ​ពី​ចក្រភព​អង់គ្លេស​ទាំងស្រុង។ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ​១៧៧៦ សភា​នៃ​ដែនដី​អាណានិគម​ទាំង ១៣ (Continental Congress) ក៏​បាន​អនុម័ត​​​សេចក្តី​​ប្រកាស​​ឯករាជ្យ​​​ពី​អង់គ្លេស។ គិតមកត្រឹមពេលនោះ ដែនដី​អាណានិគម​ទាំង ១៣ ភាគច្រើន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​កងទ័ព​អាមេរិក ក៏ប៉ុន្តែ អង់គ្លេស ដែល​នៅតែ​​​មិន​​សុខចិត្ត​បោះបង់​ដែនដី​​អាណានិគម​របស់​ខ្លួន​​ ក៏​បាន​បញ្ជូន​​នាវាចម្បាំង ព្រមទាំង​ទាហាន​​កាន់តែ​ច្រើន ដើម្បី​ទៅ​វាយបង្រ្កាប​ទាហាន​អាមេរិក ដែល​អង់គ្លេស​ចាត់ទុកថា​ជា​ក្រុមបះបោរ។

នៅដើម​​ឆ្នាំ​១៧៧៨ បារាំង ដែល​ច្បាំង​ចាញ់​​​អង់គ្លេស ក្នុង​សង្រ្គាម​ដណ្តើម​ដែនដី​អាណានិគម​អាមេរិក កាល​ពី​១៥ឆ្នាំមុន ​មើល​ឃើញ​សន្ទុះ​នៃ​កម្លាំង​ទ័ព​អាមេរិក​ថាជា​​ឱកាស​ល្អ​​ ដើម្បី​​សងសឹក​ចំពោះ​អង់គ្លេស ក៏​បាន​លូកដៃ​ចូល​អន្តរាគមន៍​ជួយ​អាមេរិក ក្នុងការ​ច្បាំង​ជាមួយ​នឹង​កងទ័ព​អង់គ្លេស។ អង់គ្លេស​​ក៏​ប្រកាស​សង្រ្គាម​ជាមួយ​បារាំង។ ​អេស្ប៉ាញ និង​ហូឡង់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​បារាំង​បាន​នាំគ្នា​ចូល​មក​ជួយ​បារាំង ចំណែក​រដ្ឋ​ខ្លះ​របស់​​អាល្លឺម៉ង់​បាន​ចូល​មក​ជួយ​អង់គ្លេស។​ ​​សង្រ្គាម​ឯករាជ្យ​អាមេរិក​ក៏​បាន​រាលដាល​ទៅជា​សង្រ្គាម​​អន្តរជាតិ ដែល​អូសបន្លាយពេល​រហូត​ដល់​ឆ្នាំ​១៧៨៣ ទើប​បញ្ចប់ តាមរយៈ​ការ​ចុះ​​សន្ធិសញ្ញា​ នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី៣ កញ្ញា ឆ្នាំ​១៧៨៣។ ​នៅ​ក្នុង​សន្ធិសញ្ញា​នេះ អង់គ្លេសបាន​​សុខចិត្ត​​ទទួល​ស្គាល់​​អាមេរិកថា ​ជា​ប្រទេស​ដែល​មាន​​ឯករាជ្យ​ពេញលេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ