អានតួអត្ថបទ
ចិន-អាមេរិក

ចិន​បរិហារ​ទង្វើ​ជ្រៀតជ្រែក​របស់​អាមេរិក​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង

នៅ​ថ្ងៃ​សុក្រ ទី២២ ឧសភា ចិន​បាន​បញ្ចេញ​ប្រតិកម្ម​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​លូកដៃ​ជ្រៀតជ្រែក​របស់​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ប្រតិកម្ម​ក្តៅក្រហាយ​របស់​ចិន​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​យន្តហោះ​ទាហាន​អាមរិកំាង​មួយ​គ្រឿង​បាន​ហោះ​ចូល​ស៊ើបការណ៍​ពី​លើ​ទីប្រជុំកោះ​ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​នៅ​ក្នុង​តំបន់។ ប៉េកំាង​បាន​ចាត់​ទុក​ទង្វើ​របស់​វ៉ាស៊ីនតោន​ថា គ្មាន​លក្ខណៈ​ទទួល​ខុសត្រូវ និង​ប្រកប​ដោយ​គ្រោះថ្នាក់ ព្រម​ទំាង​អំពាវនាវ​ឲ្យ​អាមេរិក​បញ្ឈប់​រាល់​ទង្វើ​បង្ក​រឿង។

អ្នកនំាពាក្យ​ក្រសួង​ការបរទេស​ចិន​ លោកហុង ឡេ
អ្នកនំាពាក្យ​ក្រសួង​ការបរទេស​ចិន​ លោកហុង ឡេ AFP / Frederic J. BROWN
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ដ៏​ក្តៅ​គគុក​មួយ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍ CNN ដែល​បាន​បង្ហាញ​ពី​វត្តមាន​យន្តហោះ​ស៊ើបការណ៍​អាមេរិកំាង​មួយ​គ្រឿង​ហោះ​ពី​លើ​ទីប្រជុំកោះ​សិប្បនិមិត្ម​សាងសង់​ដោយ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ គឺ​ជា​តំបន់​ដែល​ចិន​កំពុង​មាន​ជម្លោះ​ប្រទាញប្រទង់​គ្នា​យ៉ាង​ខ្លំាង​ជាមួយ​នឹង​ប្រទេស​អាស៊ាន​មួយ​ចំនួន ដូច​ជា​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ រួម​ទំាង​តៃវ៉ាន់​ផង​ដែរ។ ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត អ្នកនំាពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​ហុង ឡេ​បាន​បញ្ជាក់​ថា ទ័ពជើងទឹក​ចិន​ប្រចំា​ក្នុង​តំបន់​ក៏​បាន​ចេញ​ប្រតិបត្តិការ​អំពាវនាវ​តាម​រលក​វិទ្យុ​ឲ្យ​យន្តហោះ​អាមេរិកំាង​ចាកចេញ​ពី​តំបន់​ភ្លាមៗ។ ទន្ទឹម​គ្នា​នេះ លោក​ហុង ឡេ​ក៏​បាន​ចាត់​ទុក​ទង្វើ​របស់​អាមេរិក​ថា គ្មាន​ការ​ទទួល​ខុស​ត្រូវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លំាង ព្រោះ​វា​បាន​គំរាមកំហែង​លើ​ដែនសមុទ្រ​របស់​ចិន។

លោក​ហុង ឡេ​បាន​ព្រមាន​ថា ចិន​នឹង​ចាត់​វិធានការ​គ្រប់បែប​យ៉ាង និង​ចំាបាច់​មួយ​ចំនួន​ដើម្បី​ប្រឈម​ទប់​នឹង​ទង្វើ​ចូល​ជ្រៀតជ្រែក​លើ​ដែនសមុទ្រ​របស់​ចិន។ អ្នកនំាពាក្យ​ក្រសួង​ការបរទេស​ចិន​រូប​នេះ​បាន​បន្ថែម​ថា ចិន​ការពារ​សិទ្ធិសេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​ផ្លូវសមុទ្រ និង​ផ្លូវអាកាស តែ​នេះ​មិន​មាន​ន័យ​ថា ប្រទេស​ផ្សេង​អាច​លូកដៃ​ចូល​ចាត់ចែង ឬ​មួយ​ក៏​ចេញ​បញ្ជា​នៅ​ក្នុង​ដែនសមុទ្រ ឬ​ដែនអាកាស​របស់​ប្រទេស​មួយ​ទៀត​ទេ។ កន្លង​មក អាមេរិក​ធ្លាប់​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​គម្រោង​បញ្ជូន​នាវា និង​យន្តហោះ​ទៅ​កាន់​តំបន់​ក្បែរ​ទីប្រជុំកោះ​សិប្បនិមិត្ម​សាងសង់​ឡើង​ដោយ​ចិន​ក្នុង​ន័យ​ចង់​ប្រាប់​ចិន​ថា អ្វី​ដែល​ចិន​បាន​សាងសង់​នោះ​មិន​អាច​ធ្វើ​ជា​ភស្តុតាង​ដែល​បញ្ជាក់​ពី​ការ​ទាមទារ​ដែនសមុទ្រ ឬ​ដែនអាកាស​របស់​ខ្លួន​នៅ​ក្នុង​តំបន់​យុទ្ធសាស្រ្ត​នោះ​បាន​ឡើយ។

ដោយឡែក លោក​អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​បាន​យល់​ឃើញ​ថា បេសកកម្ម​ហោះហើរ​តាមដាន​មើល​របស់​ទ័ពអាកាសអាមេរិក​ជា​រឿង​សមហេតុ សមផល និង​ថា ទ័ពអាកាស​អាមេរិក​នឹង​បន្ត​អនុវត្តន៍​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​តាម​ឃ្លំាមើល​ពី​ស្ថានការណ៍​ទូទៅ​នៅ​ក្នុង​ដែនទឹក និង​ដែនអាកាស​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ