អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

របប​នយោបាយ​នៃ​ប្រទេស​ព្រុយ​ណេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ ​តាន់ សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិ​សាស្ត្រនយោបាយ​នៃ​ភូមិភាគ​អាស៊ី​ អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​អំពី​របប​នយោបាយ​នៃ​ប្រទេស​ព្រុយណេ។ ជា​រាជានិយម​ផ្តាច់ការ ព្រុយណេ​មិន​ដែល​ស្គាល់​អស្ថិរភាព​នយោបាយ​ម្តង​ណា​ឡើយ នា​រយៈ​ពេល​ជាង​៤០​ឆ្នាំ​កន្លង​មក​នេះ។ មិន​តែ​ប៉ុណ្ណោះ ទាំង​ថ្នាក់​ដឹក​នាំ​ទាំង​ប្រជាពលរដ្ឋ ដូច​ជា​ស្ពឹក មិន​សូវ​ខ្វល់ខ្វាយ​ពី​អនាគត​កាល ដោយហេតុតែ​រាជាណាចក្រ​ដ៏​តូច​មួយ​នេះ​រស់​ក្នុង​ភាព​រុងរឿង សម្បូរ​ប្រាក់​ចាយ បា្រក់​ដែល​បាន​មក​ពី​ការ​លក់​ប្រេង​កាត​និង​ឧស្ម័ន​ធម្មជាតិ។ ក៏​ប៉ុន្តែ​អនាគត​នៃ​ប្រទេស​ព្រុយណេ មិន​ច្បាស់​ជា​មាន​ភាព​ត្រចះ​ត្រចង់​ទេ។

ស៊ុល​តង់​អាស្សា​ណាល​ បូល​ក្ចា​  (Hassanal Bolkiah) នៃ​រាជា​និយម​ផ្តាច់​ការ​ព្រុយណេ​
ស៊ុល​តង់​អាស្សា​ណាល​ បូល​ក្ចា​ (Hassanal Bolkiah) នៃ​រាជា​និយម​ផ្តាច់​ការ​ព្រុយណេ​ RFI
ផ្សាយពាណិជ្ជកម្ម

ព្រុយណេ​ជា​រាជាណាចក្រ​ដ៏​តូច​មួយ នៅ​ប៉ែក​ខាង​ជើង​នៃ​កោះ​ប័រនេអូ(Bornéo)។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​នៅ​ឆ្នាំ​១៩៨៤ និង​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រងជិត៥០​ឆ្នាំ​កន្លង​មក​ហើយរបស់​ស៊ុលតង់​អាស្សាណាល បូលក្ចា(Hassanal Bolkiah) ដែល​ជា​ព្រះ​ប្រមុខរដ្ឋ ​ជា​នាយក​រដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។

ផលិតផល​ដុល​ក្នុង​ស្រុក​របស់​ប្រជាជន​ព្រុយណេ​ម្នាក់ៗកើន​រហូត​ដល់​ទៅ​ជិត​៣៥០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ រី​ឯ​ប្រាក់​ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ​របស់​​ពលរដ្ឋ​ព្រុយណេ ម្នាក់​ៗ​វិញ​មាន​រហូត​ដល់​ទៅ​២៧ ០០០​ដុល្លារ។ ម្ល៉ោះ​ហើយ ប្រជាជន​ព្រុយណេ​មាន​ជីវភាព​ធូរធារ មិន​ចាញ់​ប្រជាជន​សិង្ហបុរី​ប៉ុន្មានទេ។ នេះក៏​ដោយសារ​តែ​ព្រុយណេ​មាន​ប្រជាជន​តិច គឺ​ប្រមាណ​ជា​៤០ ០០០០​នាក់​ប៉ុណ្ណោះ និង​ដោយសារ​តែ​ទឹកដី​ព្រុយណេ សម្បូរ​ទៅ​ដោយ​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ​ដែល​តំណាងរហូតដល់ទៅ​៩៥%​នៃ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​រដ្ឋ​និង​ជាង​៩០%​នៃ​ផលិតផល​នាំ​ចេញទាំងស្រុងរបស់ប្រទេស។ ព្រុយណេ​លក់​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ​ជាពិសេស​ទៅ​ឱ្យ​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង។

ក្រៅ​ពី​ថាមពល​ដែល​ជា​ចន្ទល់​សេដ្ឋកិច្ច​នៃ​ប្រទេស វិស័យ​ដទៃ​ផ្សេង​មាន​លក្ខណៈ​តូចតាច​ឬ​ផុយ​ស្រួយ ដូច​យ៉ាង​ឧស្សាហកម្ម​កាត់​ដេរ កសិកម្ម សិប្បកម្ម។ យ៉ាង​ណា​ក៏​ដោយ ប្រជាជន​ព្រុយណេរស់​នៅ​ក្នុង​ភាព​រុង​រឿងនិង​ក្នុង​ភាព​សុខដុម​រមនាពុំ​ចាំ​បាច់​បង់​ពន្ធដារ​ទេ ប្រើ​បា្រស់​ឥណទាន​គ្មាន​ការ​ប្រាក់​សម្រាប់​ទិញ​ឡាន​ជិះ ចាក់​សាំង​ដែល​មាន​តម្លៃ​ថោក​មែន​ទែន ទៅ​រៀន​និង​ព្យាបាល​ជម្ងឺ​ដោយ​មិន​ចាំ​បាច់​បង់​ប្រាក់។

 
គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ ដែល​ស៊ុលតង់​អាស្សាណាល បូលក្ចា​អាច​គ្រប់គ្រង​ប្រទេស​បាន​ជាង​បួន​ទសវត្សរ៍​កន្លង​មក​ហើយ ដោយ​គ្មាន​បក្ស​ជំទាស់ គ្មាន​សេរីភាព​សារព័ត៌មាន​ហើយ​ក៏​គ្មាន​ដែរ​អ្នក​ទោស​នយោបាយ។ មាន​តែ​គណបក្ស​នយោបាយ​មួយ​គត់ នោះ​គឺ​បក្ស​អភិវឌ្ឍន៍​ជាតិ។ គ្មាន​ឡើយ សិទ្ធិ​បោះ​ឆ្នោត គ្មាន​ឡើយ​ការ​បោះ​ឆ្នោត​ប្រជាធិបតេយ្យ។ តាំង​ពី​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៨៤​មក សមាសភាព​របស់​រដ្ឋាភិបាល​ត្រូវ​បាន​រុះរើ​តែ​ម្តង​គត់ គឺ​នៅ​ខែ​ឧសភា​ឆ្នាំ​២០០៥។ កាល​ណោះ បុត្រ​ស្នង​រាជ​របស់​ស៊ុលតង់​​អាស្សាណាល បូលក្ចា បាន​ទទួល​តំណែង​ជា​Senior Minister​"ឧត្តម​រដ្ឋមន្រ្តី​"មាន​ឋានៈ​លំដាប់​ទី​២​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។ មិន​តែ​ប៉ុណ្ណោះ ព្រះ​អនុជ​របស់​ស៊ុលតង់​ព្រុយណេ គឺ​ម៉ូហាម៉េដ បូលក្ចា​(Mohamed Bolkiah) ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ទៀត​ផង។

 
ប៉ុន្តែ​ប្រជាជន​ព្រុយណេ មិន​អាច​បន្ត​រស់​អ៊ីចឹង ក្នុង​ភាព​សម្បូរ​សប្បាយ​យូរ​លង់​ត​ទៅ​មុខ​បាន​ទៀត​ទេ ពី​ព្រោះ​​យ៉ាង​យូរ​២០​ឆ្នាំ​ទៀត​ខាង​មុខ​នេះ អណ្តូង​ប្រេងកាត​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​រីង​ស្ងួត រី​ឯ​ឧស្ម័ន​ធម្មជាតិ​វិញ​ក៏​នឹង​ត្រូវ​អស់​រលីង នៅ​៣០​ឆ្នាំ​ទៀត​ខាង​មុខ​នេះ​ដែរ។
​ដើម្បី​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​ទស្សនវិស័យ​នៃ​ការ​អស់​ប្រេងកាត​និង​អស់ឧស័្មន​ធម្មជាតិ​នេះ ការិយាល័យ​របស់​ស៊ុលតង់​​ដែល​ជា​ស្ថាប័ន​ក្តាប់​អំណាច​សឹង​ទាំង​ស្រុង បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ នៅ​ខែ​មករា​ឆ្នាំ​២០០៨ ផែន​ការ​មួយ​ដែល​គេ​ប្រសិទ្ធិនាម​ឲ្យ​ថា«ចក្ខុនិមិត្ត​សម្រាប់​ព្រុយ​ណេ​ នៅ​ឆ្នាំ​២០៣៥»។

ផែនការ​នេះ​គ្រោង​បង្កើតនៅ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស ​សកម្មភាព​សេដ្ឋកិច្ច​ថ្មី​ ដែល​មិន​ទាក់​ទង​សោះ​ឡើយ​ទៅ​នឹង​វិស័យ​ថាមពល រួម​មាន​ជា​អាទិ៍ បច្ចេកវិជា្ជ​ខាង​ព័ត៌មាន​វិទ្យា និង​ធនាគារ។ ទន្ទឹម​នេះ ស៊ុលតង់​​អាស្សាណាល បូលក្ចា ក៏​គ្រោង​បង្កើន​គុណភាព​នៃ​ប្រព័ន្ធ​អប់រំ​ជាតិ​ដែរ ដោយ​ចង់​ពង្រីក​ចំណេះដឹង​របស់​អនាគត​ប្រជាជន​សកម្ម ឲ្យ​ចេះ​បង្កើត​និង​ដឹកនាំ​ក្រុមហ៊ុន​ខ្នាត​តូច​និង​ខ្នាត​មធ្យម។ ក្រៅ​ពី​នេះ ផែនការ​«ចក្ខុនិមិត្ត​សម្រាប់ឆ្នាំ​២០៣៥​» ក៏​គ្រោង​ថា​នឹង​លើក​ស្ទួយ​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ ឧស្សាហកម្ម​ផលិត​Aluminium និង​ឧស្សាហកម្ម​ផលិត​Méthanol ។ល។និង។ល។ ការិយាល័យ​របស់​ស៊ុលតង់ អាស្សាណាល បូលក្ចា ថែម​ទាំង​បាន​អះអាង​ថា ផែនការ​នេះ​នឹង​ធ្វើ​ឲ្យ​ព្រុយណេ អាច​ចូល​ទៅ​ក្នុង​ក្រុម​បណ្តា​ប្រទេស​អ្នក​មាន​ជាង​គេ​ទាំង​១០ នៅ​ក្នុង​ពិភពលោក នៅ​ឆ្នាំ​២០៣៥​ទៀត​ផង។

​ក៏ប៉ុន្តែ មាន​តែ​គំនិត​មិន​គ្រប់គ្រាន់​ទេ ត្រូវ​ចេះ​អនុវត្ត​វា​ថែម​ទៀត។ ហើយ​ការ​អនុវត្តន៍​ជាក់​ស្តែង​នឹង​ច្បាស់​ជា​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួន​សែន​ស្មុគស្មាញ។ បញ្ហា​ទី​មួយ គឺ​រចនាសម្ព័ន្ធ​នៃ​សេដ្ឋកិច្ច​ព្រុយណេ​បច្ចុប្បន្ន រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ដែល​ស្ពឹក គ្មាន​ថាមភាព និង​គ្មាន​ប្រសិទ្ធិភាព។

ដោយហេតុតែ​ព្រុយណេ​ជា​ប្រទេសអ្នក​មាន​ស្តុកស្តម្ភ រស់​ដោយសារ​កម្រៃ​បាន​មក​ពីការលក់​ប្រេងកាត​និងឧស្ម័ន ៧៥%​នៃ​ប្រជាជន​សកម្ម​របស់​ប្រទេស​នេះ ជា​មន្ត្រី​រាជការ​មិន​សូវ​រហ័ស​រហួន​ក្នុង​ការងារ។ មិន​តែ​ប៉ុណ្ណោះ រាល់​សំណុំរឿង​នយោបាយ សេដ្ឋកិច្ច​និង​យោធា និង​សូម្បី​តែ​ការ​ចំណាយ​របស់​រដ្ឋ​ដែល​មាន​កម្រិត​លើស​ពី​២ ៥០០០​ដុល្លារ​ឡើង​ទៅ ត្រូវ​តែ​ឆ្លងកាត់​តាម​ស៊ុលតង់​អាស្សាណាល បូលក្ចា ទាំង​អស់ ជាហេតុ​ធ្វើ​ឲ្យ​អភិក្រម​នៃ​សេចក្តី​សម្រេច​ចិត្ត​ប្រើ​ពេល​វែង​ឆ្ងាយ​និង​ អូស​បន្លាយ​យូរ។

ម៉្លោះ​ហើយ ដើម្បី​ប្រឈម​មុខ​នឹង​អនាគតកាល ដែល​មិន​ច្បាស់​ជា​មាន​ភាព​ត្រចះ​ត្រចង់ ដូច​ពេល​នេះ​ទេ ថ្នាក់​ដឹក​នាំ​ព្រុយណេ និយាយ​ឲ្យ​ចំ​ស៊ុលតង់ អាស្សាណាល បូលក្ចា ត្រូវ​តែ​ចេះ​បណ្តុះ​បណ្តាល​ពី​ឥឡូវ​ទៅ​ឲ្យ​ហើយ​គំនិត​ផ្តួចផ្តើម​នៅ​ក្នុង​ស្មារតី​របស់​ប្រជាជន និង​ជា​ពិសេស​ចេះ​ចែក​រំលែក​អំណាច ពី​ការិយាល័យ​របស់​ស៊ុលតង់​ទៅ​ឲ្យ​ស្ថាប័ន​នេះ ឬ​ស្ថាប័ន​នោះ​កាន់​កាប់​ខ្លះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ