អានតួអត្ថបទ
ចិន-សុខភាព

ចិន៖ ៣៧នាក់​ត្រូវ​ចាប់​ខ្លួន ពី​បទ​លក់​ថ្នាំ​វ៉ាក់សាំង​ហួស​កាលបរិច្ឆេទ​

យ៉ាង​ហោច​ណាស់​ មាន​ជនជាតិ​ចិន​ប្រមាណ​ជា​៣៧​នាក់ ​ ដែល​ត្រូវ​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ចិន ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​លក់ ​និង​ចែកចាយ​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជម្ងឺ​ជាច្រើន​មុខ ​ដែល​ខូច​គុណភាព ​ព្រោះ​ហួស​កាលបរច្ឆេទ​ប្រើប្រាស់ ​និង​ដែល​ត្រូវ​បាន​រក្សាទុក​ដោយ​មិន​គោរព​ ទៅតាម​លក្ខខណ្ឌ​សុខាភិបាល។ នេះ​ជា​ករណី​រឿង​អាស្រូវ​សុខភាព​ដ៏​ធំ​មួយ​ទៀត ​បន្ទាប់​ពី​មាន​រឿង​អាស្រូវ​មួយ​កាល​ពី​ឆ្នាំ​២០០៨ ​ទាក់ទិន​នឹង​ម្សៅ​ទឹកដោះគោ​ក្លែងក្លាយ ​មាន​ជាតិពុល​បង្ករ​ឲ្យ​ស្លាប់​ទារក​ ៦​នាក់ ​និង​ពុល​ទារក​ប្រមាណ​ជា​៣សែន​នាក់​នៅ​ចិន។

កុមារចិន កំពុងទទួលបាន​ការចាក់ថ្នាំបង្ការ
កុមារចិន កំពុងទទួលបាន​ការចាក់ថ្នាំបង្ការ DR 中文网络照片
ផ្សាយពាណិជ្ជកម្ម

មនុស្ស​៣៧​នាក់ ​ត្រូវ​បាន​ចាប់ខ្លួន​ ដែល​ក្នុង​នោះ​មាន​១៣​នាក់​ ​គឺ​ជា​ពាណិជ្ជករ​លក់​បោះដុំ ​ទាក់ទិន​ក្នុង​សំណុំ​រឿង​អាស្រូវថ្មី​នៅ​ចិន ​ គឺ​ការ​លក់​ចែកចាយ​ថ្នាំ​វ៉ាក់សាំង​ខូច​គុណភាព ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។ តាម​ការ​រាយការណ៍​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ ​បាន​ឲ្យ​ដឹង​ថា ​ថ្នាំ​វ៉ាក់សាំង​ជាច្រើន​ប្រភេទ​ត្រូវ​ បាន​គេ​លក់​ រក្សាទុក ​និង​ដឹក​ជញ្ជូន ​ក្នុង​លក្ខខណ្ឌ​មិន​ត្រឹមត្រូវ​ទៅតាម​ក្រិត្យក្រម​សុខាភិបាល ​ដែល​សកម្មភាព​ទាំង​អស់​នេះ ​គឺ​ជា​សកម្មភាព​ខុសច្បាប់។

 
មនុស្ស​សំខាន់ ​ក្នុង​ចំណោម​អ្នក​ជាប់ចោទ​ក្នុង​រឿង​អាស្រូវ​នេះ ​ ​គឺ​ស្ត្រី​ពីរនាក់​ម្តាយ​កូន ​ជនជាតិ​ចិន​នៅ​ខេត្ត​ ស្ហាងទុង​ ភាគ​ខាង​កើត​ប្រទេស​ចិន។ តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ចិន​ស៊ីនហួ​ដដែល ​បាន​ឲ្យ​ដឹង​ថា ​ពីរ​នាក់​ម្តាយ​កូន​នេះ ​បាន​លក់​ថ្នាំ​វ៉ាក់សាំង​ខូច​គុណភាព ​ប្រមាណ​ជា​២៥​ប្រភេទ ​តាំង​ពី​ឆ្នាំ​២០១០​មក​ម្លេះ។ ទឹកប្រាក់​សរុប​នៃ​ជំនួញ​ខុស ​របស់​ពីរ​នាក់​ម្តាយ​កូន​នេះ​ច្បាប់​នេះ ​ មាន​តម្លៃ​ប្រមាណ​ជា ​៥៧០​លាន​យាន់​ ពោល​គឺ​ស្មើ​នឹង​៧៨លាន​អឺរ៉ូ។ ក្នុង​ចំណោម​ថ្នាំ​វ៉ាក់សាំង​ទាំងនោះ ​មាន​ជា​អាទិ៍ ​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង ​វ៉ាក់សាំង​ជំងឺឆ្កួត ​ និង​ជំងឺ​ថ្លើម​ប្រភេទ​B​ជា​ដើម។

អាជ្ញាធរ​គ្រប់គ្រង​ផលិតផល​ចំណី​អាហារ​និង​ថ្នាំពេទ្យ ​ប្រចាំ​ខេត្ត​ស្ហាងទុង ​ បាន​ធ្វើការ​កំណត់​មុខ​សញ្ញា ​អ្នក​បោះដុំ​ថ្នាំពេទ្យ​ចំនួន​១០៧​នាក់ ​ ដែល​បាន​ផ្គត់ផ្គង់​ថ្នាំ​វ៉ាក់សាំង​ឲ្យ​ស្ត្រី​ពីរនាក់​ម្តាយ​កូន​ខាងលើ​ ហើយ​និង​អ្នកលក់​ជា​ម៉ូយ​របស់​អ្នក​បោះដុំ​ទាំង​នោះ ​ចំនួន​១៩៣​នាក់​ផ្សេងទៀត។

យ៉ាង​ណា​ក៏ដោយ ​អង្គការ​សុខភាព​ពិភពលោក ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា ​ថ្វី​បើ​ថ្នាំ​វ៉ាក់សាំង​ត្រូវ​ផុត​កាល​បរិច្ឆេទ​ប្រើប្រាស់ ​រឺ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​លក្ខខណ្ឌ​មិន​ត្រឹមត្រូវ​ តែ​ថ្នាំ​វ៉ាក់សាំង​ទាំង​នោះ ​មិន​បង្ករ​ជា​បញ្ហា​ដល់​សុខភាព​នោះ​ទេ។ គឺ​មាន​ករណី​តិច​បំផុត​ ដែល​ថ្នាំ​វ៉ាក់សាំង​ផុត​កាលបរិច្ឆេទ ​អាច​បង្ករ​គ្រោះថ្នាក់។ ថ្នាំ​វ៉ាក់សាំង​ផុត​កាលបរិច្ឆេទ ​គឺ​មាន​ន័យ​ថា​ជា​ថ្នាំ​ខូច​គុណភាព​ ពោល​គឺ​មិន​មាន​ប្រសិទ្ធិភាព​អ្វី​ទាំង​អស់ ​ក្នុង​ការ​ការពារ​ជំងឺ។ ដូច្នេះ​អ្វី​ដែល​អ្នក​ប្រើប្រាស់​អាច​ប្រឈមមុខ ​គឺ​ការ​ឆ្លង​ រឺ​មាន​ជំងឺ​ផ្សេងៗ​ ដោយសារ​តែ​មិន​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ ដែល​មាន​គុណភាព​ត្រឹមត្រូវ។

ជុំវិញ​រឿង​អាស្រូវ​ដ៏​ធំ ​ និង​ដ៏​សំខាន់​ទាក់ទិន​នឹង​អាយុ​ជីវិត​របស់​ប្រជាជន​ចិន ​ មតិសាធារណៈ​ចិន​មាន​ការតវ៉ា ​និង​រិះគន់​ជាខ្លាំង​ទៅ​លើ​ចំណាត់ការ​របស់​អាជ្ញាធរ ​ដែល​មាន​ភាព​ស្ពិក​ស្រពន់ ​មិន​ថា​ក្នុងការ​ទប់​ស្កាត់​ចរាចរណ៍​លក់ដូរ​ផលិតផល​ខូច​គុណភាព ​ក៏​ដូច​ជា​ក្នុង​ការ​ផ្តល់​ដំណឹង​ជូន​ប្រជាជន។ យ៉ាងណាមិញ ​ការ​ចាប់ខ្លួន​ស្ត្រី​ពីរ​នាក់​ម្តាយ​កូន ​ដែលជា​អ្នក​លក់​ថ្នាំ​វ៉ាក់សាំង ​គឺ​បាន​ធ្វើឡើង​តាំង​តែ​ពី​ខែ​មេសា ​ឆ្នាំ​២០១៥​ម្លេះ ​តែ​ពេលនេះ​ទើបតែ​ប្រកាស​ឲ្យ​ដឹង។ នេះ​បង្ហាញ​ពី​ចំណាត់​ការ​គ្មាន​តម្លាភាព ​ការ​លាក់បាំង​ និង​អសម្ថភាព​របស់​អជ្ញាធរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ