អានតួអត្ថបទ
ចិន

ទីលាន​ធានអានមិន​​ឆ្នាំ​១៩៨៩៖ ឯកសារ​​សម្ងាត់​​អង់គ្លេស​ថា ​មាន​មនុស្ស​ស្លាប់​ប្រមាណ​១ម៉ឺន​នាក់

២៨ឆ្នាំ ក្រោយព្រឹត្តិការណ៍បង្រ្កាបបាតុកម្ម នៅទីលានធានអានមិន ទីក្រុង​ប៉េកាំង  ឯកសារ​សំងាត់របស់អង់គ្លេស ទើបតែត្រូវបានបើកបង្ហាញជាសាធារណៈ។ យោងតាមឯកសារ ដែលសរសេរដោយ លោកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំប្រទេសចិន នាពេលនោះ បានបង្ហាញថា  យ៉ាងហោចណាស់ មានមនុស្សប្រមាណ១ម៉ឺននាក់ ដែលបានស្លាប់ ដោយការបង្រ្កាបយ៉ាងព្រៃផ្សៃ របស់ទាហានចិន នៅចន្លោះពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩។

រូបថតដ៏ល្បីបំផុត ដែល បុរសម្នាក់ ឈរ​តទល់​ជាមួយ​រថក្រោះ ​នៅក្បែរ​​ទីលាន​​ធានអានមិន ​ខែ​​មិថុនា​ ឆ្នាំ​១៩៨៩
រូបថតដ៏ល្បីបំផុត ដែល បុរសម្នាក់ ឈរ​តទល់​ជាមួយ​រថក្រោះ ​នៅក្បែរ​​ទីលាន​​ធានអានមិន ​ខែ​​មិថុនា​ ឆ្នាំ​១៩៨៩ Crédits : Bettmann / Contributeur
ផ្សាយពាណិជ្ជកម្ម

លោក Alan Donald អតីតអគ្គរដ្ឋទូតអង់គ្លេស ប្រចាំទីក្រុងប៉េកាំង បានផ្ញើរឯកសារសំងាត់មួយ ទៅកាន់រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ១៩៨៩ ពោលគឺក្រោយព្រឹត្តិការណ៍បង្រ្កាបបាតុកម្ម នៅទីលានធានអានមិនមួយថ្ងៃ។ ក្នុងឯកសារនោះ លោក បានសរសេរថា យោងតាមការប៉ាន់ស្មាន យ៉ាងហោច មានមនុស្សស្លាប់ ១ម៉ឺននាក់

លោក Alan Donald ដែលមានវត្តមាននៅទីក្រុងប៉េកាំងផ្ទាល់ បានសរសេររៀបរាប់ថា នៅយប់ថ្ងៃទី ៣ រំលងចូលថ្ងៃទី ៤មិថុនា ឆ្នាំ១៩៨៩ ក្បួនរថក្រោះរបស់កងពលលេខ២៧ នៃកងទ័ពចិន បានបើកចូលសំដៅមកទីលានធានអានមិន  ដែលពោរពេញដោយ បាតុករ សិស្ស និស្សិត និងប្រជាជនចិន រាប់ម៉ឺននាក់។ ពេលដែលឃើញ រថក្រោះមកដល់ ក្រុមបាតុករនឹកស្មានថា ពួកគេមានពេល បំបែកជួរ ចាកចេញពីទីលានធានអានមិន  ក៏ប៉ុន្តែខុសពីការស្មាន ទាហានចិន បានបាញ់រះសំដៅលើហ្វូងបាតុករ ភ្លាមៗមួយរំពេច មុននឹងបើករថក្រោះ កិនសម្លាប់មនុស្សនៅលើទីលាននោះ។

រថក្រោះកងពលលេខ២៧ បានបើកកិនកម្ទេចអ្នករបួស និងសាកសព មុននឹងប្រមូលបំណែកសាកសពទាំងអស់ យកទៅគ ហើយដុតចោល នៅនឹងកន្លែង រួចបានបាញ់ទឹកបង្ហូរចោលទៅតាមលូ។ ខ្លឹមសារ នៃឯកសារសំងាត់នោះ លោកអគ្គរដ្ឋទូត អង់គ្លេស បានសរសេរ ដោយយោងតាមប្រភពច្បាស់ការមួយចំនួន  ដែលស្និទនឹងគណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន នាសម័យនោះ។

ក្នុងឯកសារដដែល បានបង្ហាញថា ទាហានចិនកងពលលេខ២៧ នេះ គឺជាកម្លាំងដែលគេបញ្ជូនមកពីខេត្ត Shanxi ភាគខាងជើងប្រទេសចិន ដែលទាហានប្រមាណជា៦០% គឺជាមនុស្សមិនចេះអក្សរសូម្បីតែមួយតួ។ កងពលនេះ ស្ថិតក្រោមបង្គាប់របស់ ឈ្មោះ Yang Zhenhua  ដែលត្រូវជាក្មួយប្រុសរបស់លោក Yang Shangkun ប្រធានាធិបតី​ចិន ក្នុងជំនាន់នោះ។ ឯកសារសំងាត់នេះ ក៏បានលើកឡើង​ដែរថា អន្តរាគមន៍ដ៏ព្រៃផ្សៃ នៅទីលានធានអានមិន របស់កងពល​លេខ២៧នេះ បានបង្កជាជម្លោះ និងភាពតានតឹងខ្លះ នៅក្នុង​ជួរកងទ័ពចិន។ មេបញ្ជាការកងទ័ពប្រចាំតំបន់ប៉េកាំង បានទាំងបដិសេធ​ មិនព្រមផ្គត់ផ្គង់ស្បៀងអាហារ និងមិនឲ្យកងពល​លេខ​២៧នេះ​ ចូលទៅសំរាកក្នុងបន្ទាយប៉េកាំងទៀតផង។

http://multimedia.scmp.com/tiananmen/

គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់ ដោយការបង្រ្កាបនៅទីលានធានអានមិន  ត្រូវបានរដ្ឋាភិបាលចិន ចាត់ទុកជារឿងរសើបបំផុត។ នៅរវាងចុងខែមិថុនាឆ្នាំ១៩៨៩ រដ្ឋាភិបាលកុម្មុយនីស្តិចិន បានប្រកាសថា មានប្រជាជនស៊ីវីល ស្លាប់ប្រមាណ២០០នាក់ និងជាច្រើនសិបនាក់ផ្សេងទៀត គឺជាមន្ត្រីអាជ្ញាធរទាហាន ឬនគរបាលចិន។

យ៉ាងណាក៏ដោយ លោក Xiong Yan អតីតមេក្រុមនិស្សិតបាតុករ នាគ្រានោះ  បច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក បានលើកឡើងថា តួលេខអ្នកស្លាប់១ម៉ឺននាក់នេះ អាចជាការពិត ព្រោះថាពេលនោះ មានមនុស្សច្រើនម៉ឺននាក់ណាស់ នៅលើទីលានធានអានមិន។ ដូចគ្នាដែរ លោក Jean –Pierre Cabestan សាស្រ្តាចារ្យស្រាវជ្រាវម្នាក់ បានលើកឡើងថា តួលេខនេះអាចគួរឲ្យទុកចិត្តបាន ព្រោះអី កន្លងមកមានឯកសារសំងាត់របស់អាមេរិកមួយ ក៏បានលើកឡើងពីតួលេខប្រហាក់ប្រហែកគ្នានេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ