អានតួអត្ថបទ

នាយករដ្ឋមន្ត្រី​ជប៉ុន ចង់​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​រុស្ស៊ី ឲ្យបាន​ឆាប់

លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ប្រាប់ឲ្យដឹង នៅថ្ងៃសុក្រ ទី៤មករានេះថា លោកមានបំណងពន្លឿនការចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាព រវាងរុស្ស៊ី នៅជប៉ុន ឲ្យបានក្នុងរវាងខែមករានេះ។ សូមបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមលោកលើកទី២ចប់មក ជប៉ុន និងរុស្ស៊ី នៅមិនទាន់បានចុះសន្ធិសញ្ញាសន្តិភាពនឹងគ្នាទេ។​ ការចរចាបានជាប់គាំងជាច្រើនឆ្នាំ ដោយសារតែមានជម្លោះ ដណ្តើម​កាន់កាប់អធិបតេយ្យភាព លើដែនដីកោះតូចៗមួយចំនួន នៅចុងខាងជើងបង្អស់ នៃប្រជុំកោះរបស់ជប៉ុន។

នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ចាប់ដៃ​ជាមួយ​ប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​​ជាមួយ​​ប្រទេស​​ASEAN ថ្ងៃទី​​១៤វិច្ឆិកា ​២០១៨។
នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ចាប់ដៃ​ជាមួយ​ប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​​ជាមួយ​​ប្រទេស​​ASEAN ថ្ងៃទី​​១៤វិច្ឆិកា ​២០១៨។ Sputnik/Alexei Druzhinin/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

"ខ្ញុំនឹងទៅរុស្ស៊ី ក្នុងខែមករានេះ ហើយខ្ញុំមានបំណងពន្លឿនការចរចាជាមួយរុស្ស៊ី ដើម្បីសម្រេចឲ្យបាននូវសន្ធិសញ្ញាសន្តិភាពនឹងគ្នា"។ នេះគឺជាប្រសាសន៍ របស់លោក ស៊ិនហ្សូ អាបេ ថ្លែងទៅកាន់អ្នកកាសែត នៅព្រឹកថ្ងៃទី៤មករានេះ។ លោកអាបេ បន្ថែមថា "៧០ឆ្នាំមកហើយ ដែលការចរចាសន្តិភាព នៅមិនទៅមុខទាល់តែសោះ ហើយទាំងរុស្ស៊ី ទាំងជប៉ុន ម្នាក់ៗគ្មាននរណាចង់ឲ្យស្ថានភាពនេះ នៅអូសបន្លាយរាប់ដំណតទៅមុខទៀតនោះទេ"។

សូមបញ្ជាក់ថា គិតចាប់ពីចប់សង្រ្គាមលោកលើកទី២មក ជប៉ុន និងរុស្ស៊ី នៅមិនទាន់មានសន្ធិសញ្ញាសន្តិភាព នឹងគ្នាជាផ្លូវការទេ បើទោះបីជាប្រទេសទាំងពីរ បានចាប់ដៃរាប់អានគ្នាឡើងវិញក៏ដោយ។ នៅកៀកជិតដល់បរាជ័យរបស់ជប៉ុន ក្នុងសង្រ្គាមលោកលើកទី២ សហភាពសូវៀតបានបញ្ជូនទ័ពមកគ្រប់គ្រង់ដែនកោះតូច មួយចំនួន​ នៅភាគខាងជើងបង្អស់ របស់ជប៉ុន មិនឆ្ងាយប៉ុន្មានពីឆ្នេរខាងកើត របស់រុស្ស៊ី។ បញ្ហាជម្លោះអធិបតេយ្យភាព នៃដែនកោះទាំងនោះ បានក្លាយជាចំណុចខ្ទាស់គ្នា ដែលធ្វើឲ្យសន្ធិសញ្ញាសន្តិភាពត្រូវជាប់គាំង។

កាលពីខែកញ្ញាកន្លងទៅ លោកប្រធានាធិបតីពូទីន បានបង្កការភ្ញាក់ផ្អើល ដោយបានប្រកាសស្នើសុំចុះសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន ឲ្យបានមុនដាច់ឆ្នាំ២០១៨ ដោយមិនចាប់បាច់មានលក្ខខណ្ឌបឋម អ្វីទាំងអស់។ ក៏ប៉ុន្តែភាគីជប៉ុន បានបដិសេធសំណើរនេះ ដោយបានលើកឡើងថា សំណុំរឿងអធិបតេយ្យភាពដែនកោះ ត្រូវតែដោះស្រាយឲ្យបានសិន មុននិងចុះសន្ធិសញ្ញាសន្តិភាព។

តែយ៉ាងណា នៅថ្ងៃសុក្រនេះ លោកស៊ិនហ្សូ អាបេ បានបញ្ជាក់ប្រាប់ អ្នកកាសែតថា កាលពីខែវិច្ឆិកា ក្នុងពេលជួបលោកពូទីន នៅសិង្ហបុរី អ្នកទាំង២ បានត្រូវរូវគ្នា លើគោលការណ៍មួយ ដោយផ្អែកលើសេចក្តីប្រកាសរួមគ្នានៅឆ្នាំ១៩៥៦ ដែលកាលនោះ រុស្ស៊ី បានសុខចិត្ត ប្រគល់កោះ២ មកឲ្យជប៉ុនវិញ នៅពេលណា ដែលសន្ធិសញ្ញាសន្តិភាពនឹងត្រូវចុះហត្ថលេខាជាផ្លូវការ។

យោងតាមអ្នកវិភាគខ្លះលើកឡើងថា លោកពូទីន ប្រហែលក៏ជាមានបំណងចង់ចុះសន្ធិសញ្ញាសន្តិភាពនេះខ្លាំងណាស់​ដែរ ព្រោះសន្ធិសញ្ញានេះ អាចនឹងពង្រឹងទំនាក់ទំនងការទូតជាមួយជប៉ុន ហើយតាមរយៈនេះ រុស្ស៊ី សង្ឃឹមអូសទាញវិនិយោគរបស់ជប៉ុន ដើម្បីប្រជែងយកមកប្រជែងនឹងវិនិយោគរបស់ចិន ដែលកំពុងតែវាយលុកខ្លាំងនៅរុស្ស៊ី។ ធ្វើបែបនេះ ចិន មិនអាចមិនម៉ៅផ្តាច់ទីផ្សាររុស្ស៊ី តែម្នាក់​ឯងទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ