អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-សហរដ្ឋអាមេរិក

តាលីបង់៖សេតវិមាន​ផ្តល់ភ្លើងខៀវ​ឲ្យ​ទាហាន​អាមេរិក ធ្វើ​ប្រតិបត្តិការ​វាយ​ប្រហារ​នៅ​អាហ្វហ្កានីស្ថាន

ផ្ទុយពី​អ្វី​ដែល​លោក​បារ៉ាក់​ អូបាម៉ា ​ធ្លាប់​បាន​សន្យា ​ថានឹង​ដក​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន ​ទាំង​ស្រុង​នៅ​មុន​ពេល​ចប់​អាណត្តិ​លោក ​តែ​នៅ​ពេល​នេះ ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ទើប​បាន​សម្រេច​ថា​នឹង​បើក​ភ្លើង​ខៀវ ​អនុញ្ញាតិ​ឲ្យ​កងទ័ព​អាមេរិក​ អាច​ធ្វើ​ប្រតិបត្តិការ​វាយ​ប្រហារ​ដោយផ្ទាល់ ​ដើម្បី​ជួយ​កងទ័ព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ ការ​សម្រេច​បែប​នេះ ​គឺ​ជា​ការ​ទាមទារ​របស់​អគ្គបញ្ជាការ​កងទ័ព​អាមេរិក​ ដោយ​គេ​សង្កេត​ឃើញ​ថា ​កងទ័ព​អាហ្វហ្កានីស្ថាន ​កំពុង​ធ្លាក់ដៃ​ខ្លាំង ​ហើយ​ត្រូវការ​ជំនួយ ​ដើម្បី​ទប់ទល់​ជាមួយ​ពួក​តាលីបង់។

កងទ័ពរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន
កងទ័ពរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន REUTERS/Abdul Malik
ផ្សាយពាណិជ្ជកម្ម

ធ្វើសង្រ្គាម​១៥ឆ្នាំ ​ទីបំផុត​ក្រុម​តាលីបង់​ខ្លាំង​លើស​ដើម៖

ដូចយើង​ដឹង​ស្រាប់​ហើយ ​ សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន ​បាន​ចាប់ផ្តើម​ កាល​ពី​ឆ្នាំ​២០០១​ ក្រោយ​ពេល​ដែល​ពួក​តាលីបង់ ​បាន​វាយ​ប្រហារ​ភេរវកម្ម​នៅ​សហរដ្ឋ​អាមេរិក។ មកត្រឹម​ពេល​នេះ ​គឺ​១៥​ឆ្នាំ​ហើយ ​ តែ​សង្រ្គាម​នេះ​មិនទាន់​ចប់​ទេ ​ វា​ក៏​ជា​សង្រ្គាម​ដ៏​វែង​អន្លាយ​របស់​សហរដ្ឋ​អាមេរិក​ដែរ។ សង្រ្គាម​មិន​ត្រឹម​តែ​មិន​ចប់ ​ តែ​ក្រុម​តាលីបង់ ​កាន់តែ​មាន​កម្លាំង​ខ្លាំង ​ជាង​មុន​ទៀត ​ព្រោះ​រាល់ថ្ងៃ​នេះ ​ក្រុម​តាលីបង់ ​មាន​ដែនដី​គ្រប់គ្រង​នៅ​អាហ្វហ្កានីស្ថាន ​ធំជាង​កាល​ពី​មុន​អន្តរាគមន៍​របស់​អាមេរិក​ នៅ​ឆ្នាំ​២០០១​ទៅ​ទៀត។ ចង់មិនចង់  ​យើង​អាច​សន្មត់​ថា ​ អាមេរិក​ចាញ់​សង្រ្គាម​ទៅហើយ។

លោក​អូបាម៉ា ​ពេល​ដែល​បាន​ចូលកាន់​តំណែង​ជា​ប្រធានាធីបតី​ បាន​សន្យា​ថា ​នឹង​ដក​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន ​ទុក​ឲ្យ​នៅ​តែ​៥០០០​នាក់ ​ប៉ុណ្ណោះ​នៅ​ពេល​លោក​ចប់​អាណត្តិ ​ចុង​ឆ្នាំ​២០១៦។ ក៏ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១៥​ គាត់បាន​ទទួល​ស្គាល់ថា​ ស្ថានភាព​នៅ​សមរភូមិ​ផ្ទាល់​ គឺ​វា​ខុស​ពី​អ្វី​ដែល​រំពឹង​ទុក ​ ដូច្នេះ​ការ​ដកទ័ព​ ត្រូវតែ​ធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន ​និង​ដោយ​យោង​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង​នៅ​អាហ្វហ្កានីស្ថាន។ បច្ចុប្បន្ន​នេះ ​ទាហាន​អាមេរិក​ ដែល​ឈរជើង​នៅ​អាហ្វហ្គានីស្ថាន ​មាន​ចំនួន​ប្រមាណ​ជា​១ម៉ឺន​នាក់។

ប្តូរយុទ្ធសាស្ត្រ៖
សម្រាប់​យុទ្ធសាស្ត្រ​ថ្មី​នាពេល​នេះ ​ខាង​សេតវិមាន​បាន​បញ្ជាក់​ថា ​លោក​បារ៉ាក់​អូបាម៉ា ​បាន​យល់ព្រម​សុខចិត្ត​ផ្តល់​លទ្ធភាព​ថ្មី​បន្ថែម​ទៀត ​ទៅ​ឲ្យ​កងទ័ព​អាមេរិក​ ក្នុង​ការ​ចូលរួម​ធ្វើ​ប្រតិបត្តិការ​វាយ​ប្រហារ​ដោយផ្ទាល់ ​ព្រោះថា​កន្លងមក​រហូត​មក​ដល់​ពេល​នេះ ​កងទ័ព​អាមេរិក​ដែល​នៅ​សល់ ​ គឺ​មិនមាន​សិទ្ធិ​ទៅ​ប្រយុទ្ធ ​រឺ​ធ្វើ​អន្តរាគមន៍​ តទល់​ជាមួយ​នឹង​ក្រុម​តាលីបង់​ទេ។​ កងទ័ព​អាមេរិក​មាន​តួនាទី ​ចាំជួយ​កងទ័ព​រដ្ឋា​ភិបាល​អាហ្វហ្កានីស្ថាន ​ ផ្នែក​យុទ្ធសាស្ត្រ ​ជួយ​ហ្វឹកហាត់​និង​ផ្នល់​ទិន្ន័យ​តែ​ប៉ុណ្ណោះ។

ដូច្នេះ​ជាមួយ​នឹង​ការ​បើកភ្លើង​ខៀវ​នា​ពេល​នេះ ​ មាន​ន័យ​ថា ​ទាហាន​អាមេរិក​ អាច​អន្តរាគមន៍​ជួយ​កងទ័ព​អាហ្វហ្កានីស្ថាន​បាន ​ នៅ​ជិត​សមរភូមិ​ផ្ទាល់ ​តាម​រយៈ​ការ​ប្រើ​យន្តហោះ​ទម្លាក់គ្រាប់​ ​រឺ​យន្តហោះ​ប្រដេញ​ជាដើម។ តែ​យ៉ាងណាក៏​ដោយ ​ទាហាន​ថ្មើរ​ជើង​អាមេរិក​  នៅ​តែ​មិន​អាច​នៅ​ជួរ​មុខ​ដដែល ​លើក​លែង​តែ​ក្រុម​កុម្មង់ដូ​ពិសេស​របស់​អាមេរិក​ទេ។

កងទ័ព​អាហ្វហ្កានីស្ថាន ​គ្មាន​សមត្ថភាព​តទល់​ក្រុម​តាលីបង់៖
តាតមពិតទៅ ​អ្វីៗ​មិនមែន​លោក​អូបាម៉ា ​សម្រេច​តែ​ម្នាក់​ឯងទេ។ ការ​បើក​ភ្លើងខៀវ ​ផ្តល់លទ្ធភាព​ធ្វើ​អន្តរាគមន៍​របស់​កងទ័ព​អាមេរិក ​គឺ​ត្រូវ​បាន​ខាង​កងទ័ព​ ខាង​មេបញ្ជាការ​ធំៗ​របស់​អាមេរិក​ខ្លួនឯង​ផ្ទាល់ ​ ទាមទារ​ជា​ច្រើនខែ​មក​ហើយ។ បើ​យើង​គិត​ទៅ​ គឺ​វា​មិនខុស​ពី​មនុស្ស​ម្នាក់ ​ដែល​ឃើញ​ភ្លើង​ឆេះ​ផ្ទះ ​ ​តែ​មិនអាច​ទៅ​ជួយ​ពន្លត់​បាន ​ ព្រោះ​ត្រូវ​គេ​ចងដៃ​ចង​ជើងជាប់។ កងទ័ព​អាមេរិក ​ក៏​អញ្ចឹង​ដែរ។

កងទ័ព​អាមេរិក​ដែល​ប្រចាំការ​នៅ​អាហ្វហ្កានីស្ថាន ​បាន​ឃើញ​យ៉ាងច្បាស់​ ​ពី​ភាព​ទន់ខ្សោយ​ទាំង​ខាង​បច្ចេកទេស ​ទាំង​ខាង​យុទ្ធសាស្ត្រ​របស់​កងទ័ព​អាហ្វហ្កានីស្ថាន។ កងទ័ព​អាហ្វហ្កានីស្ថាន​ ខ្វះ​ការ​គ្រប់គ្រង​ដែល​មាន​ប្រសិទ្ធភាព​ ខ្វះ​សម្ភារៈ​សំខាន់ៗ ​ ដូច​ជា​យន្តហោះ​ស៊ើបការណ៍ ​ឧត្ថម្ភាគចក្រ​ជាដើម។ កងទ័ព​អាមេរិក​ បាន​ត្រឹមតែ​ឱបដៃ​មើល ​កងទ័ព​អាហ្វហ្កានីស្ថាន ​ដក​ថយ​ម្តង​បន្តិចៗ ​ បោះបង់​ចោល​ដែនដី ​ព្រោះចាញ់​ក្រុម​អ៊ីស្លាម​តាលីបង់។ គ្រាន់តែ​ក្នុង​ឆ្នាំ​២០១៥​មួយ ​ មាន​ទាហាន​អាហ្វហ្កានីស្ថាន​ស្លាប់​​ដល់​ទៅ​៥០០០​នាក់។ ដូច្នេះ ​បើ​បន្ត​ទៅ​មុខ​ទៀត ​ ក្រុម​តាលីបង់ ​អាច​នឹង​កាន់​កាប់​អាហ្វហ្កានីស្ថាន​ទាំងមូល​មិន​ខាន​ទេ។

ធម៌ត្រជាក់​មិនបាន​ផល​ ប្រើ​ធម៌ក្តៅ៖

ជន Akhtar Mohammad Mansou មេក្លោង​តាលីបង់​ ដែលត្រូវបាន​សម្លាប់កាលពី​ខែឧសភា ២០១៦
ជន Akhtar Mohammad Mansou មេក្លោង​តាលីបង់​ ដែលត្រូវបាន​សម្លាប់កាលពី​ខែឧសភា ២០១៦ REUTERS/Taliban Handout

ចំនុច​មួយទៀត ​ ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក​អូបាម៉ា ​ប្តូរ​យុទ្ធសាស្ត្រ​នាពេល​នេះ ​ គឺ​ដោយសារ​នយោបាយ​ត្រជាក់ ​ចង់​ដោះ​ស្រាយ​បញ្ហា ​ដោយ​ការ​ចរចា​សន្តិភាព ​វា​មិន​បាន​លទ្ធផល​សោះ។ កាល​ពីដើម​ខែ​ឧសភា​ កន្លងទៅ​នេះ​ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ​និង​សហរដ្ឋអាមេរិក​ បាន​ព្យាយាម​រៀបចំ ​ កិ​ច្ចប្រជុំ​ចរចា​ជាច្រើន​លើក ​ តែ​ក្រុម​តាលីបង់​បាន​បដិសេធ​មិន​ចូល​តុ​ចរចាទេ។

សហរដ្ឋ​អាមេរិក ​ដឹង​យ៉ាង​ច្បាស់ថា​ មេដឹកនាំ​ធំ​របស់​តាលីបង់ ​ដែល​ឈ្មោះ ​Akhtar Mansour ​គឺជា​មនុស្ស​រឹង​ទទឹង​ណាស់។ មនុស្សនេះ​ មិន​ព្រម​ចុះ​ញ៉ម ​មក​ចរចា​ជា​ដាច់ខាត។ អញ្ចឹង​ហើយ ​បាន​ជា​នៅ​ថ្ងៃ​ទី​២១​ ឧសភា ​កងទ័ព​អាមេរិក ​ ដោយ​មាន​ការ​បើកដៃ​ពី​សេតវិមាន ​បាន​ប្រើ​យន្តហោះ​ដ្រូន​បាញ់​កម្ទេច ​ដើម្បី​សំលេះ ​ជនឈ្មោះ ​Akhtar Mansour​ នេះចោល។
 

Haibattullah Akhundzada មេក្លោងថ្មីរបស់តាលីបង់
Haibattullah Akhundzada មេក្លោងថ្មីរបស់តាលីបង់ reuters

គ្រាន់តែ​​មនុស្សនេះ​ស្លាប់ភ្លាម ​ ពួក​តាលីបង់​បាន​តែងតាំង​មនុស្ស​ថ្មី​ភ្លាម ​ គឺ​ឈ្មោះ ​Haibattullah Akhundzada។ ហើយ​តាម​ការ​ប៉ាន់ស្មាន ​មនុស្ស​ថ្មី​នេះ ​ រឹតតែ​សាហាវ ​និង​រឹងរូស​ជាង​មេ​ពួក​វា​មុន​ទៅទៀត។ ដូច្នេះ ​បើប្រើ​ធម៌ត្រជាក់​មិន​បាន​ផល ​ អាមេរិក​ត្រូវ​ប្រើ​ធម៌ក្តៅ។ លោក​អូបាម៉ា​ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ​ចង់​បញ្ចប់​សង្រ្គាម​ គឺ​ជា​រឿង​មួយ​លំបាក​ណាស់ ​មិន​ដូច​បង្កើត​សង្រ្គាម​ទេ។ ដកទ័ព​ដក​ពេល​ណា​ក៏បាន ​តែ​សួរថា​បើ​ដកទៅ ​ដើម្បី​ទុក​ឲ្យ​ក្រុម​តាលីបង់​គ្រប់គ្រង​អាហ្វហ្កានីស្ថាន ​តើ​វា​ជា​រឿង​គួរ​ធ្វើ​ដែរ​រឺទេ?

ប៉ាគីស្ថាន ​ជា​ពស់​ក្បាល​ពីរ៖
ប៉ាគីស្ថាន ​មាន​តួនាទី​សំខាន់ណាស់ ​ជុំវិញ​បញ្ហា​ពួក​តាលីបង់។ ប៉ាគីស្ថាន​ជា​បង្អែក​របស់​ក្រុម​តាលីបង់ ​ ប៉ាគីស្ថាន​ជា​ជង្រុក​លាក់ខ្លួន ​ របស់​មេ​តាលីបង់។ អ្នក​វិភាគ​ខ្លះ​ ហ៊ាន​ដល់​ទៅ​និយាយ​ទៀត​ថា ​ ​គឺ​ប៉ាគីស្ថាន​តែម្តង ​ ដែល​ចិញ្ចឹម​ពួក​តាលីបង់។ ជាផ្លូវការ​ រដ្ឋាភិបាល​ប៉ាគីស្ថាន ​បង្ហាញ​ពី​គោលជំហរ ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង ​ជួយ​សម្រួល​ដល់​ការ​ចរចា​សន្តិភាព ​រវាង​ពួក​តាលីបង់ ​និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ តែធាតុពិត ​ គឺ​កងទ័ព​ប៉ាគីស្ថាន​នេះ​តែម្តង ​ ដែល​ជួយ​លាក់​ ជួយ​ទំនុកបំរុង​ ពួក​តាលីបង់​ខ្លះ ​ ដែល​មាន​មូលដ្ឋាន ​នៅភាគ​​ខាងជើង​ប៉ាគីស្ថាន។

យុទ្ធសាស្ត្រ​របស់​ប៉ាគីស្ថាន​ ត្រូវបាន​អ្នក​វិភាគ​យល់ថា ​ប៉ាគីស្ថាន​ចង់​ប្រើ​ក្រុម​តាលីបង់​ជាឈ្នាន់ ​ដើម្បី​អាច​មាន​ឥទ្ធិពល​ទៅលើ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ ធ្វើអញ្ចឹង​ គឺ​ដើម្បី​ទប់ ​កុំឲ្យ​អាហ្វហ្កានីស្ថាន ​ធ្លាក់​ទៅក្នុង​ឥទ្ធិពល​របស់​ឥណ្ឌា ​ដែល​ជា​សត្រូវ​ធំ​របស់​ប៉ាគីស្ថាន។ ពួកមេទ័ព​ធំៗ​របស់​ប៉ាគីស្ថាន ​នៅតែ​ចិញ្ចឹម​ចិត្ត​ថា ​ ថ្ងៃណាមួយ​នឹង​ធ្វើ​សង្រ្គាម​ជាមួយ​ឥណ្ឌា។ ដូច្នេះ ​ប៉ាគីស្ថាន​ត្រូវ​ប្រមូល​ក្រុម​តាលីបង់​ ​ឲ្យ​នៅ​ខាង​ខ្លួន ​ ដើម្បី​ប្រើប្រាស់​ដែនដី​តាលីបង់​នៅ​ភាគ​ខាងជើង​អាហ្វហ្កានីស្ថាន​ ជា​សមរភូមិ​ក្រោយ ​ ក្នុង​ករណី​ដែល​ឥណ្ឌា ​វាយ​លុក។

តែមក​ដល់​តំណាក់​កាលនេះ ​រដ្ឋាភិបាល​លោក​អូបាម៉ា ​ មិន​អាច​អត់ទ្រាំ​នឹង​នយោបាយ​ពស់​ក្បាល​ពីរ​របស់​ប៉ាគីស្ថាន​បានទៀតទេ។ ប៉ាគីស្ថាន​ជាមិត្ត​របស់​អាមេរិក​ មែនពិត ​តែបើ​មិត្ត​ម្នាក់​នេះ​ លួចលាក់​លៀម ​បោះដៃទៅ​ឲ្យ​សត្រូវ​ធំ​របស់​អាមេរិក ​ គឺ​អាមេរិក​មិន​អាច​ទុកមុខ​ឲ្យទេ។ ពេលនេះ ​រដ្ឋាភិបាល​លោក​អូបាម៉ា ​លែង​សង្ឃឹម​រឿង​ចរចា​ ដែល​ប៉ាគីស្ថាន​សន្យា​ថា​ជួយ​ទៀត​ហើយ។ ពេលនេះ ​អាមេរិក​បើក​លទ្ធភាព​ឲ្យ​កងទ័ព​ខ្លួន​ ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់ ​ដើម្បី​កម្ទេច​ក្រុម​តាលីបង់។ មេបញ្ជាការ​ធំៗ​របស់​អាមេរិក​ បាន​ទាមទារ​ថា ​ត្រូវតែ​រក្សា​កម្លាំង​ដែល​នៅ​សល់​ប្រមាណ​១ម៉ឺននាក់ ​ឲ្យ​នៅ​ឈរ​ជើង​បន្ត​ទៀត។ តែ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំពាក្យ​សេតវិមាន ​រដ្ឋាភិបាល​អាមេរិក ​និង​ធ្វើការ​សម្រេចចិត្ត ​ក្រោយពេ​លបើក​ការ​ប្រជុំ​ជាមួយ​នឹង​អង្គការ​OTAN ​នៅថ្ងៃ​ទី​៨ ​កក្កដា ​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ